សហភាពអឺរ៉ុប ផ្តល់ជំនួយប្រមាណ ១.៨លានដុល្លារ សម្រាប់សកម្មភាពបោសសម្អាតមីននៅកម្ពុជា

សហភាពអឺរ៉ុប បាន​អនុម័ត​ផ្តល់​ជំនួយ​ហិរញ្ញប្ប​ទាន​ឥត​សំណងជិត ១.៦លាន​អឺរ៉ូ (១.៥៩៨.៩៩៩អឺរ៉ូ​) ឬស្មើ​ប្រមាណ ១.៨ ​លាន​ដុល្លារ​អាមេរិក​ គាំទ្រ​សកម្ម​ភាព​អង្គ​ភាព​ CMAC សហការ​ដៃ​គូ​ជាមួយ​អង្គ​ការ​APOPO ក្នុង​ការ​បោស​សម្អាត​មីន​​នៅខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរ​មានជ័យ នៃប្រទេស​​កម្ពុជា។

មជ្ឈមណ្ឌល​សកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បាន​ឱ្យ​តាមរយៈហ្វេសប៊ុក​របស់ខ្លួន នៅយប់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២៦នេះ​ថា ការ​អនុម័ត​​ផ្តល់ជំនួយ​គាំទ្រ​សកម្មភាព​បោស​សម្អាត​មីន​អង្គភាព​ CMAC សហការដៃគូជាមួយអង្គការAPOPO ដែល​មាន​ថវិកា​ជិត ១.៦លាន​អឺរ៉ូ​ ស្មើ​នឹង​​ប្រមាណ ១.៨លានដុល្លារអាមេរិក​នេះ​ គឺសម្រាប់ប្រតិបត្តិ​​ការ​​​​សម្អាត​គ្រាប់យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ នៅខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរ​មានជ័យ​ រយ:​ពេល១៨ខែ​ គិត​ចាប់​ពី​ខែ​​តុលា​ ​ឆ្នាំ​២០១៦​នេះ​តទៅ។

ប្រភពដដែល បន្តថា ជំនួយនេះ អាច​ផ្តល់​លទ្ធ​ភាព​បោស​សម្អាត​ផ្ទៃ​ដី​រង​​ផ​ល​ប៉ះ​ពាល់​ប្រមាណ​ជាង៦.០០០​ហិកតា​ ការ​អប់​រំ​យល់ដឹង​​ពីគ្រោះថ្នា​ក់​​ដោយសារមីន​ និងការងារស្រាវជ្រាវព័ត៌មានកាត់ផ្ទៃដីរងផល​ប៉ះពាល់​ដោយសារសំណល់​យុទ្ធភណ្ឌផងដែរ។

ជាមួយគ្នានោះ លោក ហេង រតនា ប្រធាន​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC​ បាន​ថ្លែងអំណរគុណចំពោះការ​​​គាំទ្ររបស់សហភាពអឺរ៉ុប និង​បាន​បញ្ជាក់ពីការប្តេជ្ញា​ចិត្តរបស់អង្គភាពCMAC ក្នុង​ការ​បន្ត​ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយAPOPO និង​សហគមន៍អឺរ៉ុប​ ដើម្បី​កម្ចាត់​ភាព​គំរាម​កំហែង​ដោយ​សារ​​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម​ កសាង​ក្តី​សង្ឃឹម​ និង​អនាគ​ត​រុង​រឿង​សម្រាប់​ប្រជា​ជន​ខ្មែរ។

បើតាម​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (CMAC) ក្នុង​រយៈ​ពេល ៦ខែ​ដើម​ឆ្នាំ​២០២៦​នេះ អង្គភាពបាន​ ​បោស​​​សម្អាតរំដោះ​ផ្ទៃដីតំបន់​គ្រាប់មីន/គ្រាប់បានចំនួន ៧៥.១៣២ហិកតា ស្មើនឹង ៨២ភាគរយ នៃផែន​ការប្រចាំឆ្នាំ និង​​រុករកឃើញនិងបំផ្លាញចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន២០.៨៦១ គ្រាប់។

ដោយឡែក សម្រាប់ការងារស្រាវជ្រាវព័ត៌មាន និងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លាន​ពាន​ក្នុង​ឆ្នាំ​​២០២៥ កន្លងទៅ អង្គភាពCMAC បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះប្រតិបត្តិការ​យ៉ាងសកម្មនៅតាម​បណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ទាំង៦ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង។

ជាលទ្ធផល បានធ្វើការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥​ភូមិ ក្នុងចំណោម ៣៤៩ភូមិ ដែលមានផ្ទៃដីរងផល​ប៉ះពាល់សរុបជិត ៣៨៧.២០៦ហិកតា និង​​បានរុករកឃេីញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទបានចំនួនជាង ៨.៤០០ គ្រាប់ ក្នុង​នោះ​មាន​គ្រាប់បែកចង្កោមចំនួន ៤.៤៣៦គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង