កម្ពុជាតវ៉ាចំពោះសកម្មភាពកងកម្លាំងនិងព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធនៅភ្នំបេង

រាជរដ្ឋាភិបាលកម្ពុជា​ បាន​បន្តកា​រតវ៉ា​ជា​ផ្លូវ​ការ​ចំពោះកា​របន្តរំលោភបំពាន​ជា​បន្តបន្ទាប់​របស់​ថៃ មកលើ​ដែនអធិប​តេយ្យ​ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន បន្ទាប់ពី​កងកម្លាំ​ងថៃ អម​ដោយ​ព្រះ​សង្ឃ​ថៃ បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ និងដំឡើ​ងរូប​ចម្លាក់ព្រះពុទ្ធ​មួយ​អង្គ នៅ​ភូមិសាស្ត្រភ្នំបេង ខេត្ត​ឧត្តរមានជ័យ។

នេះ​បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​កា​រ​បរទេស​កម្ពុជា ចុះថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២៦ និង​ត្រូវ​បានផ្សព្វ​ផ្សាយ​​នៅ​ថ្ងៃនេះ។​

ក្រសួងការបរទេស​កម្ពុជា បាន​ឱ្យ​ដឹងថា កាលពីថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៦ បន្ទាប់ពីបាន​ធ្វើសកម្មភាព​ឈូស​ឆាយ​​ដី កងកម្លាំង​ប្រដាប់អាវុធ​ថៃ អមដោយ​ព្រះសង្ឃ​ថៃ បានដំឡើង​រូប​ចម្លាក់​ព្រះ​ពុទ្ធ​មួយ​អង្គ ក្នុង​ភូមិ​សាស្ត្រ​ភ្នំបេង ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មានជ័យ នៅចន្លោះបង្គោល​ព្រំដែន​លេខ​២ និង​លេខ​៣ ដែល​នេះជាករណី​មួយ​ទៀត នៃការ​ដែល​ប្រទេ​សថៃ បន្ត​ប្រើ​ប្រាស់​សំណង់ និង​និមិត្ត​រូប​សាសនា ដើម្បីពង្រឹង​ការកាន់កាប់​ទឹកដីកម្ពុជា​ដោយ​ខុស​ច្បាប់។

ករណីនេះ រាជរដ្ឋាភិបាល​កម្ពុជា តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំងនឹង​សកម្មភាព​​របស់​កងកម្លាំង​ និង​ព្រះសង្ឃថៃនេះ ហើយថា សកម្មភាព​នេះ​ជាការ​បំពាន​យ៉ាង​ច្បាស់​លើ​​​អធិបតេយ្យ និង​បូរណភាពទឹកដី​របស់កម្ពុជា ដូច​ដែលបានកំណត់ និង​ខណ្ឌ​សីមា ដោយផែនទីខ្នាត​១:២០០ ០០០ ផលិត​ដោយ​គណៈកម្មការ​កំណត់​ព្រំដែន​រវាង​ឥណ្ឌូចិន​ និង​សៀម អនុ​លោម​តាម​អនុសញ្ញាបារាំង​ សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧។ សកម្មភាពនេះ ក៏រំលោភ​លើ​មាត្រា​៥ នៃអនុស្សារណៈនៃការ​យោគ​យល់​គ្នា​រវាង​រាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការ​វាស់វែង និងខណ្ឌ​សីមាព្រំដែនគោក ដែលបានចុះ​ហត្ថលេខា​កាលពីថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០០០ និង​សេចក្តីប្រកាសរួមនៃកិច្ច​ប្រជុំ​ពិសេសលើកទី​៣ ​របស់គណៈកម្មាធិការ​ព្រំដែនទូទៅ​ ចុះថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ផងដែរ។

ក្រសួង​កា​របរទេស​កម្ពុជា បាន​បញ្ជាក់ដែរថា កម្ពុជា​មិនទទួលស្គាល់ដាច់​ខាត​នូវ​ខ្សែ​បន្ទាត់​ព្រំដែន ឬការ​ទាមទារ​ទឹកដី​ជា​ឯកតោ​ភាគី​ដោយ​ប្រទេស​ថៃនោះ​ឡើយ ហើយ​សកម្ម​ភាព​ដែល​បាន​លើក​ឡើង​ខាង​លើ នឹង​មិនប៉ះពាល់​ដល់សិទ្ធិ​ស្រប​ច្បាប់ ឬជំហររបស់​កម្ពុជា ទាក់ទង​នឹង​ព្រំដែនអន្តរ​ជាតិរបស់​ខ្លួនឡើយ។

រាជរដ្ឋាភិបាល​កម្បុជា នៅតែបន្តទាមទារ​ឱ្យ​ប្រទេស​ថៃ បញ្ឈប់ជា​បន្ទាន់​នូ​វរាល់​សកម្មភាព​ខុស​ច្បាប់ បញ្ឈប់​​សកម្ម​ភាព​ជាឯកតោ​ភាគី ហើយ​ត្រូវ​ធ្វើ​ការ​ដើម្បីបន្ធូរបន្ថយ​ភាព​តាន​តឹង​នៅតាម​ព្រំដែន ខណៈដែល​​កម្ពុជា នៅតែ​ប្តេជ្ញា​ចិត្ត​ក្នុងកា​រដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ថៃ ក៏ដូចជាប្រទេស​ជិត​ខាង​ទាំង​អស់ ដោយ​សន្តិវិធី ស្របតាមច្បាប់​​អន្តរជាតិ និងកិច្ច​ព្រមព្រៀង​នានាដែលមានស្រាប់។

នៅថ្ងៃអង្គារនេះដែរ អំឡុងពេលធ្វើសន្និសីទខ្លីប្រចាំថ្ងៃ​ ​អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​ស្រង់​​ប្រសាសន៍​​​ប្រមុខ​រដ្ឋាភិបាលកម្ពុជា មក​​​គូស​បញ្ជាក់ថា បើទោះបីជា​​កង​ទ័ព​ថៃ​ ពិត​ជា​បាន​ដណ្តើម​កាន់​​កាប់​ទីតាំង​មួយ​​ចំនួ​ននៅ​តាម​ព្រំដែន នៅ​ក្រោយ​ការ​ប្រយុទ្ធ​គ្នាពិ​ត​មែន ប៉ុន្តែ​រាជរដ្ឋាភិបាល​មិន​បាន​យល់​ព្រម​ប្រគល់​ទីតាំង​នោះ​​ឱ្យ​ប្រទេស​ជិត​ខាង​នោះ​ឡើយ។

លោកថា៖ «ផ្ទុយ​ទៅវិញ រាជ​រដ្ឋាភិ​បាល​បាន​និងកំ​ពុ​ងត​វ៉ាគ្រប់​ពេល​វេលា​ និង​គ្រប់​មធ្យោ​បាយ​សន្តិ​វិធី តាម​រយៈ​​ការ​ងារ​ការ​ទូត​និង​ច្បាប់​អន្ត​រ​ជាតិ ដើម្បី​ការ​ពារ​ដែន​អធិ​ប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​កម្ពុជា​ដែល​ថៃ​ដណ្តើម​កាន់​កាប់​​ដោយ​ខុស​ច្បាប់»។

បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា​ ថៃ បានឈានទៅដល់កា​រផ្ទុះអាវុធចំនួន​២លើក កាលពីអំឡុង​ខែ​កក្កដា និង​ខែ​ធ្នូ ឆ្នាំ​២០២៥។ ប៉ុន្តែមក​ដល់​ពេល​នេះ ស្ថាន​ការណ៍​ព្រំដែន​ នៅ​​មិន​ទាន់​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​នៅ​ឡើយ។ កម្ពុជា​រាយ​ការ​ណ៍ថា​ យោធា​ថៃ​នៅ​តែ​​ប​ន្ត​រំលោភ​បំពាន​ដែន​អធិប​តេយ្យ​ភាព​កម្ពុជា​ដោយ​ខុសច្បាប់ ខណៈ​ក្នុង​រយៈ​ពេលជាង​ ១ឆ្នាំក​ន្លង​មកនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ប្រាស់​យន្ត​ការ​ការទូត និង​ច្បាប់​អន្តរ​ជាតិ​ ដើម្បី​ទាម​ទារ​ទឹក​ដី​ខ្មែរ​ត្រឡប់​មក​វិញ៕

អត្ថបទដែលជាប់ទាក់ទង