ជនសង្ស័យ២នាក់ ផ្លោះរបងរត់ចេញពីតុលាការខេត្តកំពង់ស្ពឺ តែសមត្ថកិច្ចចាប់បានម្នាក់មកវិញ

ជនសង្ស័យ​ម្នាក់​ ក្នុងចំណោម ២នាក់ ដែលបាន​​​ផ្លោះរបង​លួចរត់​ចេញពីបរិវេណ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ចាប់ខ្លួន​មកវិញ​ ខណៈសមត្ថកិច្ច​នៅ​បន្ត​ស្វែង​​​តាមរក​ចាប់ខ្លួន​ជនសង្ស័យ​​ម្នាក់​ទៀតដែលកំពុង​រត់គេចខ្លួន។

សេចក្តីបំភ្លឺ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចុះថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៦ បាន​លើកឡើង​ថា ជន​សង្ស័យក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ ២នាក់ បាន​ផ្លោះ​លួច​រត់​ចេញពីក្នុង​បរវេណ​សាលាដំបូង​ខេត្តកំពង់ស្ពឺ កាលពីព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ពេល​សមត្ថកិច្ច​​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​ ដើម្បីសាក​សួរ​តាម​នីតិវិធី។

ប្រភពដដែល​បន្តថា ជនសង្ស័យទាំងពីរនាក់​នោះ ឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស​ អាយុ​ ៣១ឆ្នាំ ត្រូវ​បានចាប់ខ្លួន​ពាក់ព័ន្ធ​​នឹង​បទប៉ុនប៉ង​លួច​ទ្រព្យ​សម្បត្តិ និង​ម្នាក់​ទៀត​ឈ្មោះ ឡេង កែវ ភេទ​ប្រុស​ អាយុ ២៧ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​ពាក់​ព័ន្ធ​នឹង​បទលួច។ ជន​សង្ស័ហ​បាន​លួច​ផ្លោះ​របង​ចេញ​មក​ក្រៅ​សាលា​ដំបូង​ខេត្ត​ ដោយ​មូល​ហេតុ​សុំ​សមត្ថកិច្ច​ទៅ​បន្ទប់​ទឹក​ រួច​បាន​ត់​គេ​ចខ្លួន​តែម្តង។

ស្នងការ​ខេត្ត បន្តថា ក្រោយ​ជន​សង្ស័យ​បាន​រត់គេចខ្លួន កម្លាំង​សមត្ថកិច្ច​បាន​សហការ​ និង​តាម​ប្រមាញ់​ចាប់​​ជន​សង្ស័យ​ម្នាក់​បានមក​វិញ ដែលមានឈ្មោះ វ៉ាន់ វុទ្ធី និង​បាន​បញ្ជូន​ទៅ​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់ស្ពឺ ដើម្បីចាត់​​ការ​បន្ត​តាមនីតិវិធី ខណៈជន​សង្ស័យ​ម្នាក់​ទៀត ឈ្មោះ ឡេង កែវ សមត្ថកិច្ច​កំពុង​តែ​បន្ត​​ស្រាវជ្រាវ​តា​មចាប់។ ការណ៍នេះ ស្នងការ​ខេត្ត​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ជួយសហការ​ក្នុង​កា​រផ្តល់ព័ត៌មាន​ជូន​សមត្ថកិច្ច ដើម្បីឈាន​ទៅ​ឃាត់​ខ្លួនជនសង្ស័យ​ដែល​លួចរត់នោះ ​យក​មកផ្តន្ទាទោស​តាមច្បាប៕

អត្ថបទដែលជាប់ទាក់ទង