កិច្ចប្រជុំអន្តរក្រសួង ពិនិត្យវាយតម្លៃពីផលប៉ះពាល់បរិស្ថាន គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តស្វាយរៀង ទំហំផ្ទៃដី ២៦៣,១៣ហិកតា

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក លើផ្ទៃដីទំហំ ២៦៣,១៣ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង របស់ក្រុមហ៊ុន HI-PARK SEZ DEVELOPMENT CO., LTD. (ម្ចាស់គម្រោង) ដែលសិក្សាដោយក្រុមហ៊ុនទីប្រឹក្សា GLOBAL GREEN BUILDERS CO., LTD.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានចំនួន ២២រូប ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូល មតិយោបល់បច្ចេកទេស ព្រមទាំងទិដ្ឋភាពច្បាប់ពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅធានាឱ្យរបាយការណ៍ (EIA )នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ ជាពិសេស គឺដើម្បីរួមគ្នាពិនិត្យវាយតម្លៃលើវិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន ក្នុងន័យធានាឱ្យបាននូវតុល្យភាពកិច្ចគាំពារបរិស្ថាន ស្របតាមការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង