ករណីប្តឹងតុលាការខេត្តស្ទឹងត្រែងថា ធ្វើខុសនីតិវិធី ឥឡូវបញ្ជូនទៅដល់ដៃ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមហើយ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងកាលពីទី១០ ខែកញ្ញាថា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសម្រេចបញ្ជូនករណីបណ្តឹងរបស់ឈ្មោះ ស្លេះ ហ្វឺត និងឈ្មោះ ណុះ សូឡោះ ទៅកាន់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ និងចាត់ការតាមនីតិវិធីរួចហើយ ។

រឿងនេះកើតឡើងបន្ទាប់ពី មានការចោទប្រកាន់ថា មន្ត្រីតុលាការនៅខេត្តស្ទឹងត្រែង អនុវត្តខុសនីតិវិធី។ លោកបន្តថា ពេលនេះ ក្រសួងបានបញ្ជូនរឿងនេះទៅឱ្យស្ថាប័នជំនាញពិនិត្យឱ្យបានល្អិតល្អន់ បើរកឃើញថាខុសមែន នឹងត្រូវចាត់ការតាមច្បាប់ និងវិន័យយ៉ាងម៉ឺងម៉ាត់។

ក្រៅពីបញ្ជូនរឿងនេះ ក្រសួងយុត្តិធម៌ ក៏បានចាត់ក្រុមការងារឱ្យចុះទៅស្រាវជ្រាវផ្ទាល់បន្ថែមទៀត ដើម្បីប្រមូលព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ទុកជាមូលដ្ឋានសម្រាប់ឱ្យឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមពិនិត្យ និងសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង