សមត្ថកិច្ចផ្ទុះអាវុធ បង្រ្កាបមុខសញ្ញាគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ៨នាក់
ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ចុះល្បាតឆ្មក់ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ១ ក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ (ស្រី០២នាក់) ។
ប្រតិបត្តិការនេះ ធ្វើឡើងចាប់ពីម៉ោង ២១:០០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា រហូតដល់ ម៉ោង ០៣:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ដោយមានការផ្ទុះអាវុធ និងឃាត់ខ្លួនជនសង្ស័យស្រីប្រុស សរុបចំនួន ៨នាក់ ។
ក្នុងចំណោមនោះ ក៏មានជនសង្ស័យពីរនាក់ប្តីប្រពន្ធ ដែលជាមេក្លោងជួញដូរគ្រឿងញៀន យ៉ាងសកម្មក្នុងខេត្តព្រះសីហនុ ។ ហើយក៏ធ្លាប់ត្រូវបាន សមត្ថកិច្ច ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីឆ្នាំ២០២៤ ម្តងរួចមកហើយ ។
បច្ចុប្បន្ន សមត្ថកិច្ច បាននាំសង្ស័យទាំង ៨នាក់ មកកាន់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់ ៕


