កម្មកររោងចក្រ Qi Heng Xin ធ្វើកូដកម្មក្រោយរោងចក្របញ្ឈប់ថ្នាក់ដឹកនាំសហជីពនិងកម្មករមួយចំនួន

កម្មករបម្រើការ​ងារ​​នៅរោងចក្រ Qi Heng Xin Factory Co., Ltd. ស្ថិត​នៅ​ភូមិ​ទួលក្រសាំង សង្កាត់រកា​ខ្ពស់ ខេត្តកណ្តាល បាននាំគ្នា​​​ធ្វើកូដកម្ម​តវ៉ា នៅព្រឹក​ថ្ងៃសុក្រនេះ ទាមទារឱ្យ​រោង​ចក្រ​ទទួល​យក​កម្មករ និង​ថ្នាក់ដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​បញ្ឈប់ឱ្យ​ចូលធ្វើការ​វិញ និង​បញ្ឈប់ការ​រើ​សអើង​សហជីព។

អង្គការសង់ត្រាល់ ដែលធ្វើ​ការ​ផ្តោត​លើសិទ្ធិ​ការ​ងារ បានឱ្យ​ដឹងថា ការ​តវ៉ា​របស់​ក្រុមកម្មករ​បម្រើ​ការ​ងារ​នៅ​រោង​ចក្រ Qi Heng Xin Factory Co., Ltd. នៅថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៦នេះ បន្ទាប់ពីថ្នាក់ដឹកនាំសហជីព និង​កម្មករ​មួយ​ចំនួន ​ត្រូវបានបញ្ឈប់ពីការងារ ដោយអ្នកគ្រប់គ្រងរោងចក្រ ដែលបានបង្កឱ្យ​មាន​​​ការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការចោទប្រកាន់អំពីសកម្មភាពប្រឆាំងសហជីពនៅក្នុងរោងចក្រផលិត​ស្បែក​ជើង​កីឡា​​ដែល​មាន​កម្មករ​ប្រមាណ​ជិត ៣,០០០នាក់។

ប្រភពដដែល បន្តថា យោងតាមឯកសារ និងសក្ខីកម្មដែលបានប្រមូល ការចោទប្រកាន់ទាំងនេះបានកើតឡើង​បន្ទាប់ពីកម្មករបានបង្កើតសហជីពឯករាជ្យដែលមានសម្ព័ន្ធភាពជាមួយ Federation Union of Free and Independent (FUFI) កាលពីខែមីនា ឆ្នាំ២០២៦។ កម្មករអះអាងថា មានការធ្វើសកម្មភាពជាបន្តបន្ទាប់ដែលមាន​គោលបំណងរារាំងសកម្មភាពសហជីព និងប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការរៀបចំ​បង្កើតសហជីពឯករាជ្យនៅក្នុងរោងចក្រ។

កម្មការិនីម្នាក់ឈ្មោះ សំអាត​ ដែល​បានធ្វើកូដកម្មនៅមុខ​រោង​ចក្រ Qi Heng Xin Factory Co., Ltd. បានឱ្យដឹងថា ការ​បញ្ឈប់ថ្នាក់ដឹកនាំ​សហជីព និងកម្មករ​មួយចំនួន​នេះ ខាង​អ្នកគ្រប់គ្រ​ងរោង​ចក្រ​បាន​យកលេស​ថា មិន​មាន​ឥវ៉ាន់​ឱ្យ​ពួកគាត់ធ្វើ ប៉ុន្តែ​ជាក់ស្តែងកា​របញ្ឈប់នេះ ធ្វើឡើងបន្ទាប់ពីពួកគាត់​បាន​បង្កើត​សហជីព​ឯក​រាជ្យ​មួយ​។​

អ្នកស្រីថា៖ «ដោយសារ​តែ​ពួកខ្ញុំ​បង្កើត​សហជីព​ឯករាជ្យ​មួយក្នុ​ងរោ​ងចក្រ រោ​ងចក្រ​ត្រូវ​បាន​រើស​អើង​ពួក​ខ្ញុំ​ហើយ ទុក​ពួក​ខ្ញុំ​ឱ្យ​នៅក្រៅ​រោង​ចក្រ​​ក្រោមរូប​ភាពអត់មានឥ​វ៉ាន់ធ្វើ ហើយ​ពួកខ្ញុំមិន​សុខ​ចិត្ត​នឹ​ងកា​រ​បញ្ឈប់​នេះ​ទេ​ ក៏បានជួបជុំ​គ្នាទាមទារឱ្យ​រោង​ចក្រ​ទទួល​យក​នាងខ្ញុំ និ​ងថ្នាក់ដឹកនាំ រួមទាំង​ស្ថាបនិក​​សម្ព័ន្ធ​សហជីពឯករាជ្យ​ហ្នឹង​ចូលធ្វើ​ការ​វិញ»។

ក្រៅពីការ​ទាមទារ​ឱ្យ​រោង​ចក្រ​ទទួល​យកកម្មករ និងថ្នាក់ដឹកនាំសហជីពដែលត្រូវបានបញ្ឈប់ពីការងារឱ្យចូលធ្វើការវិញ ដោយផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ដែលបានបាត់បង់នោះ សហជីព និងកម្មករក៏​បាន​ស្នើ​ឱ្យ​​រោង​ចក្រ​​ បញ្ឈប់​រាល់​ទម្រង់​​នៃការ​រើស​អើង ការ​សង​សឹក និង​ការ​ជ្រៀត​ជ្រែក​ប្រឆាំង​នឹង​សហជីព​, គោរព​សិទ្ធិ​របស់​កម្មក​រ​ក្នុង​ការ​បង្កើត និង​ចូល​រួម​សហជីព​ដោយ​សេរី​, ធានាប​រិយា​កាស​ការ​ងារ​ដែល​គ្មាន​ការ​គំរាម​កំហែង ការ​យាយី ឬការជ្រៀតជ្រែកលើសកម្មភាពសហជីពជាដើម។

កម្ពុជាថ្ងៃនេះ មិនទាន់អាចសុំការឆ្លើយតប​ជុំវិញការ​ចោទប្រកាន់​នេះ​​ ពីតំណាងរោងចក្រ Qi Heng Xin Factory Co., Ltd. និង​សុំការ​អត្ថាធិប្បាយជុំវិញវិវាទការ​ងា​រ​នេះ ពីប្រធានមន្ទីរការងារ និងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​ខេត្តកណ្តាល លោក ធុន នាង ​បាននៅឡើយទេ នៅព្រឹក​ថ្ងៃ​សុក្រនេះ។

សម្រាប់អង្គការ​សង់ត្រាល់ ​ការចោទប្រកាន់ទាំងនេះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការអនុ​លោម​​តាម​ច្បាប់​ការងារ និងច្បាប់សហជីពរបស់កម្ពុជា ជាពិសេសសិទ្ធិ​សេរីភាពខាងសមាគម និងការការ​​ពារប្រឆាំង​នឹងការរើសអើង ដោយសារសកម្មភាពសហជីព។ ករណីនេះ ក៏បានលើកឡើងពីបញ្ហានៃការគោរព​ស្តង់ដារការងារអន្តរជាតិ រួមទាំងអនុសញ្ញា ILO លេខ ៨៧ ស្តីពីសេរីភាពខាងសមាគម និងអនុសញ្ញា ILO លេខ ៩៨ ស្តីពីសិទ្ធិក្នុងការរៀបចំ និងចរចារួម។

ជាមួយគ្នានេះ សង់ត្រាល់ ក៏បាន​បង្ហាញពីក្តីបារម្ភដែលនៅតែ​បន្តមាន ជុំវិញការការពារសិទ្ធិការងារជាមូលដ្ឋាន និង​សេរីភាពខាងសមាគមរបស់កម្មករនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង