សមត្ថកិច្ចបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញសង្គម ក្រោមរូបភាពលួងលោមស្នេហា
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានបង្រ្កាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា ដោយបានឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា បានធ្វើឡើងកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស.ច.ណ ភេទស្រី ជនជាតិខ្មែរ និងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់។
បើតាមសមត្ថកិច្ច ជនសង្ស័យរូបនេះ បានលក់លេខទូរសព្ទ និងគណនីធនាគាររបស់ខ្លួន ឱ្យទៅក្រុមឧក្រិដ្ឋជន ហើយទទួលបានប្រាក់កម្រៃពីអំពើទុច្ចរិតនេះ។ ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់លេខទូរសព្ទ និងគណនីធនាគារនោះ ជាមធ្យោបាយទទួលផលបទល្មើស នៃអំពើឆបោកប្រាក់របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សារធារណជន សូមកុំផ្ដល់លេខទូរសព្ទ និងគណនីធនាគារផ្ទាល់ខ្លួនឱ្យទៅជនដែលមិនស្គាល់ប្រភពច្បាស់លាស់ ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស ដែលអាចនឹងត្រូវប្រឈមមុខទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕

