គណៈកម្មការផ្សះផ្សាUNCLOS នឹងប្រជុំជាមួយ​កម្ពុជា-ថៃ​លើបញ្ហាវិវាទព្រំដែនសមុទ្រនៅសប្តាហ៍ក្រោយ

តុលាការ​មជ្ឈត្តកម្មអចិន្ត្រៃយ៍ ឱ្យ​ដឹងថា គណៈ​កម្មការ​ផ្សះផ្សា​នៃអនុសញ្ញា​អង្គការ​សហប្រជា​ជាតិ ស្តីពី នីតិ​សមុទ្រ​ (UNCLOS) នឹង​ប្រជុំជាលើកដំបូង​ជាមួយ​ភាគី​កម្ពុជា និ​ងថៃ នៅ​ដើម​សប្តាហ៍​​​ក្រោយ​ នៅប្រទេស​សឹង្ហបុរី ដែល​ជា​ដំណើរ​​តាម​នីតិវិធី​​ដែល​កម្ពុជា​​បាន​ផ្តួច​​​ផ្តើម​ឡើង​ ដើម្បី​​ដោះស្រាយ​​ទំនាស់​ដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ។

សេចក្តីថ្លែង​ការណ៍​របស់​ក្រសួ​ងកា​របរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិកម្ពុជា ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២៦ បានឱ្យដឹងថា តុលាការ​មជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសថា ចាប់​ពី​​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៦ គណៈ​កម្មការ​​ផ្សះ​ផ្សា​ដែលត្រូវ​បាន​បង្កើតឡើង​ក្រោម​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី នីតិសមុទ្រ (UNCLOS) នឹង​​​រៀប​ចំ​​កិច្ច​​ប្រជុំ​លើក​ដំបូងជាមួយ​កម្ពុជា និង​ថៃ នៅ​ប្រទេស​សឹង្ហ​បុរី។

ប្រភពដដែល​បន្តថា កម្ពុជា​ស្វាគមន៍​ចំពោះជំហ៊ាន​បន្ទាប់ដ៏សំខាន់​នេះ ហើយ​កម្ពុជា​នឹង​មានតំណាង​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​លេខាធិការ​ដ្ឋានកិច្ចការ​ព្រំដែន រួមជាមួយ​គណៈប្រតិភូនិង​ក្រុមការងារ​ច្បាប់​កម្ពុជា ទៅចូលរួម​កិច្ច​ប្រជុំនេះ។

ក្រសួ​ងការបរទេស​កម្ពុជា ចាត់ទុកថា កិច្ច​ប្រជុំនេះ ជាព្រឹត្តការណ៍សំខាន់​មួយ​ទៀត ក្នុងដំណើរ​​តាម​​​នីតិ​វិធី​​ដែល​កម្ពុជា​​​បាន​ផ្តួច​​ផ្តើម​ឡើង​ ដើម្បី​ដោះស្រាយ​​ទំនាស់​ដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ ខណៈកម្ពុជា​បាន​ងាក​ទៅរក​ការ​ផ្សះ​ផ្សា​​ដោយ​បង្ខំ បន្ទាប់ពីប្រទេស​ថៃ បាន​បញ្ចប់​ដោយ​ឯកតោ​ភាគី​នូ​វក្រប​ខ័ណ្ឌ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី ដែល​ប្រទេស​​ទាំង​ពីរ​បាន​ប្រើ​ជា​មូលដ្ឋាន​សម្រាប់កា​រចរចា​លើការទាមទារ​តំបន់​សមុទ្រ​ត្រួតគ្នា​ អស់​រយៈពេល​ជាង​២ទស្សវត្សរ៍​​មក​​ហើយ។

ក្រសួងការ​បរទេសបានគូសបញ្ជាក់ថា៖ «កម្ពុជា​សង្ឃឹមថា ដំណើរការនេះ​អាចជួយ​កម្ពុជា និង​ថៃ ឱ្យឈាន​ដល់​ដំណោះស្រាយ​ដ៏​យុត្តិធម៌ និង​យូរ​អង្វែង​ចំពោះ​ទំនាស់​លើ​ដែនសមុទ្រ​របស់​ប្រទេស​ទាំង​ពីរ រួម​ទាំង​ឱកាស​ក្នុងកា​ររុករក​ធនធាន​ប្រេង​ និង​ឧស្ម័នដ៏​ច្រើន​នៅក្នុ​ងតំបន់​ទាម​ទារ​​ត្រួត​គ្នា ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ​ នៅ​ក្នុង​ពេល​ដ៏សំខាន់​មួយ​សម្រាប់​សន្តិ​សុខ​​ថាម​ពល​​ក្នុង​តំបន់​»។

កាលពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ​​តុលាការ​ម​ជ្ឈ​ត្តិការ​អចិន្ត្រៃយ៍ ​បានប្រកាសជាផ្លូវការពីការ​តែងតាំង​លោក​ស្រី Katrina Cooper ធ្វើជាប្រធានគណៈកម្មការផ្សះ​ផ្សាជម្លោះព្រំដែនសមុទ្រ​រវាងកម្ពុជា និងថៃ។ លោកស្រីប្រធាន​គណៈ​កម្មការផ្សះផ្សារូបនេះ ត្រូវបានជ្រើសតាំងកាល​ពីថ្ងៃទី១៣ ខែសីហា ដោយអ្នកផ្សះផ្សាចំនួន ៤រូប តំណាងឱ្យភាគីកម្ពុជា និងថៃ។ ​ចំណែក តុលាការវិញនឹងដើរតួនាទីជាលេខាធិការដ្ឋាន​ក្នុងដំណើរ​ការផ្សះផ្សា ដែល​មាន​ន័យ​​ថា តុលាការមជ្ឈត្តិការអចិន្រ្តៃយ៍ មានតួនាទីរៀបចំ ​គ្រប់គ្រងឯកសារនៃសំណុំរឿងវិវាទ ជួយសម្រប​សម្រួល​កិច្ចការរដ្ឋបាលរបស់គណៈកម្មការ រក្សាទុកកំណត់ត្រា និងឯកសារផ្លូវការនៃដំណើរការផ្សះផ្សាជាដើម។

បើតាមក្រសួង​ការ​បរទេស កា​រផ្សះផ្សា​ដោយ​បង្ខំក្រោម​ឧបសម្ព័ន្ធ​ទី​៥ នៃ​អនុសញ្ញា UNCLOS ពុំ​មែន​​ជា​ដំ​ណើរ​ការ​វិនិច្ឆ័យ​ទេ ដោយ​ក្នុង​នោះ​មាន​គណៈ​កម្មការ​អព្យាក្រឹតមួយ ជួយ​ដល់​ភាគី​ទាំង​ពីរ​ក្នុងការ​ស្វែង​រក​ដំណោះស្រាយ​​តាម​​សន្តិវិធី។ យន្តការ​នេះ ធ្លាប់​ត្រូ​វបាន​ប្រើ​ប្រាស់​ដោយ​​ជោគជ័យ​ពីមុន​មក រវាង​ប្រទេស​ទីម័រឡេស្ត​ និង​អូស្ត្រាលី ដែល​​កា​រផ្សះផ្សា​បានឈាន​ដល់​ការ​ចុះ​ហត្ថ​លេខា​លើសន្ធិសញ្ញាបង្កើ​តព្រំដែន​សមុទ្រ រវាង​ប្រទេស​ទាំង​ពី​រ​ក្នុង​ឆ្នាំ​២០១៨៕

អត្ថបទដែលជាប់ទាក់ទង