លោក គិន ភា៖ “បើអ្នកបន្លំខ្លួនធ្វើជាអ្នកមានឬឧកញ៉ា មិនយូរមិនឆាប់គង់នឹងអស់ដីផ្នូរម៉ែ, បើបន្លំខ្លួនធ្វើជាអ្នកប្រាជ្ញបណ្ឌិតកវី មិនយូរមិនឆាប់ គង់នឹងជ្រកក្រោមអាចម៍ជន្លេន»!
រាជធានីភ្នំពេញ ៖ លោក គិន ភា បានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន របដលោក នៅថ្ងៃអង្គារ ទី៨ ខែកញ្ញាថា៖ «បើអ្នកបន្លំខ្លួនធ្វើជាអ្នកមានឬឧកញ៉ា មិនយូរមិនឆាប់គង់នឹងអស់ដីផ្នូរម៉ែ, បើបន្លំខ្លួនធ្វើជាអ្នកប្រាជ្ញបណ្ឌិតកវី មិនយូរមិនឆាប់គង់នឹងជ្រកក្រោមអាចម៍ជន្លេន»!។
លោកបន្តថា ក្រៅពីសាកលវិទ្យាល័យដើមពោធិ៍ និងសាកលវិទ្យាល័យឈ្មោះ ដ៏វែងអន្លាយមួយនោះ នៅមានសាកលវិទ្យាល័យ Scam សញ្ញាបត្រមួយចំនួនទៀត ដែលខ្ញុំនឹងបង្ហោះម្តងមួយៗ ដើម្បីឱ្យសាធារណជនបានជ្រាប។ ការណ៍ដែលខ្ញុំបង្ហោះនេះ គ្មានបំណងទៅរិះគន់អ្នក ដែលបានសញ្ញាបត្របណ្ឌិតពី សាកលវិទ្យាល័យខាងលើ ហើយមានចំណេះដឹងនិងសមត្ថភាពសមនឹងសញ្ញាបត្រនោះទេ។ តែខ្ញុំមិនចង់ឃើញបងប្អូនខ្មែរយើងឯទៀត ដែលគ្មានចំណេះដឹងនិងសមត្ថភាពសមនឹងទទួលសញ្ញាបត្រដ៏ខ្ពស់បែបនេះ ទៅចំណាយលុយឥតប្រយោជន៍ទិញក្រដាសសញ្ញាបត្រ ដើម្បីគ្រាន់តែទទួលបានងារសិប្បនិម្មិតមួយជា «បណ្ឌិត» ឬជា «សាស្ត្រាចារ្យបណ្ឌិត» ទាំងខ្លួនឯងគ្មានចំណេះដឹងនិងសមត្ថភាពបន្តិចណាសោះ។
លោកបន្តថា ឯសាកលវិទ្យាល័យសេះហោះទាំងនោះ សុទ្ធតែផ្សាយយីហោថាមកពីសាធារណរដ្ឋអាម៉េរិក (ត្រឹមត្រូវគឺ សហរដ្ឋអាម៉េរិក) ប៉ុន្តែអ្នកស៊ីញ៉េលើក្រដាសសញ្ញាបត្រ «បណ្ឌិត» ឬ «សាស្ត្រាចារ្យបណ្ឌិត» នោះ សុទ្ធតែជាជនជាតិថៃ ឬជនជាតិឥណ្ឌាទេ។ នេះហើយជា Scam ក្នុងវិស័យអប់រំ។ សូមបងប្អូនខ្មែរយើងឈប់ឆ្កួតនឹងរបស់ក្លែងក្លាយទាំងអស់នោះទៅ ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់។ គ្មាននរណាដឹងច្បាស់ជាងសាមីខ្លួនទេថា តើខ្លួនបានរៀនពិតប្រាកដឬអត់ មុននឹងទទួលបានសញ្ញាបត្រដ៏ខ្ពស់បែបនេះ។
ត្រង់ចំណុចនេះ លោក គិន ភា ក៏បានបញ្ជាក់ថា បងប្អូនត្រូវចងចាំថា ការបន្លំខ្លួនធ្វើជាអ្នកមាន ឬឧកញ៉ានេះមួយ មិនយូរមិនឆាប់ គង់នឹងអស់ដីផ្នូរម៉ែ, រីឯការបន្លំខ្លួនធ្វើជាអ្នកប្រាជ្ញបណ្ឌិតកវីនេះមួយ មិនយូរមិនឆាប់ គង់នឹងជ្រកក្រោមអាចម៍ជន្លេន៕
ដោយសេចក្តីស្រឡាញ់រាប់អាន!
៨ កញ្ញា ២០២៦
លោកគ្រូ គិន ភា


