ពលរដ្ឋជាង៣០នាក់ បានអះអាងថា បានទិញដីឡូត៍ពីក្រុមហ៊ុនឧកញ៉ា ថោង សារ៉ាត់ ស្របច្បាប់និងមានប្លង់រឹង តែក្រុមហ៊ុនចោទថា ប្លង់នោះក្លែងក្លាយ?
ខេត្តកណ្តាល ៖ សារព៏ត៌មាន Fresh News បានចុះផ្សាយនៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦នេះថា មានប្រជាពលរដ្ឋជាង ៣០នាក់ បានប្រមូលផ្តុំគ្នាតវ៉ា និងសំណូមពរឲ្យ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ជួយពិនិត្យ និងអន្តរាគមន៍ ករណី ឧកញ៉ា ថោង សារ៉ាត់ ដែលបានឲ្យរថយន្តដឹកអាចម៌ដី ចាក់ដីរំលោភលើទីតាំងដីឡូត៍ របស់ពួកគាត់ ដែលបានទិញស្របច្បាប់ពីក្រុមហ៊ុន និង មានប្លង់កម្មសិទ្ធិត្រឹមត្រូវរួចហើយ ប៉ុន្តែខាងភាគីក្រុមហ៊ុន លោក ថោង សារ៉ាត់ បែរជាចោទថា ប្លង់ដីពួកគាត់ ក្លែងក្លាយទៅវិញ? ។
ពលរដ្ឋ ឲ្យដឹងថា ករណីនេះ ពលរដ្ឋពួកគាត់ ក៏ធ្លាប់បានដាក់ពាក្យបណ្តឹងទៅកាន់សាលាក្រុងតាខ្មៅរួចហើយ ប៉ុន្តែមិនទទួលបានដំណោះស្រាយអ្វីសោះ ទើបពលរដ្ឋ ពួកគាត់មានគ្នាសរុបជាង៣០នាក់ បានមកប្រមូលផ្តុំគ្នាតវ៉ា នៅលើទីតាំងនៃការអភិវឌ្ឍ របស់ក្រុមហ៊ុន ឧកញ៉ា ថោង សារ៉ាត ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបន្តទៀត ។
និយាយដល់ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ បានអះអាងថា ពួកគាត់បានទិញដីឡូត៍ពីក្រុមហ៊ុន ថោង សារ៉ាត់ អភិវឌ្ឍន៍ អ៊ីមផត អ៊ិចផត តាំងពីអំឡុងឆ្នាំ២០០៨មកម្ល៉េះ ដោយមានលិខិតផ្ទេរប្រគល់សិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី ចេញដោយក្រុមហ៊ុន និងទទួលស្គាល់ ដោយមេធាវី ព្រមទាំងអាជ្ញាធរភូមិ-ឃុំ ថែមទៀតផង ។
ជាងនេះទៀត ពលរដ្ឋពួកគាត់ ក៏បានចូលមកកាន់កាប់ និងបានសង់ផ្ទះ រស់នៅ ព្រមទាំងយកឯកសារទាំងនោះ ទៅដាក់បញ្ចាំនៅធនាគារ យកលុយមករកស៊ី បន្តរហូតបច្ចុប្បន្ន ដោយពុំដែលកើតមានបញ្ហាអ្វីនោះទេ ?។ ប៉ុន្តែទើបតែពេលថ្មីៗនេះទេ ស្រាប់តែឃើញក្រុមហ៊ុន ថោង សារ៉ាត់ បានដឹកដីចាក់រំលោភលើដីកម្មសិទ្ធិពួកគាត់ ដើម្បីយកទៅលក់ឱ្យអតិថិជនថ្មី ដោយពួកគាត់ពុំបានដឹងខ្លួនមុនទេ។

ប្រភពពីប្រជាពលរដ្ឋ បានបន្តថា នៅពេលពេលពួកគាត់ ទៅសួរនាំរឿងនេះ តំណាងក្រុមហ៊ុន ថោង សារ៉ាត បានប្រតិកម្ម ដោយអះអាងថា ឯកសារទិញលក់របស់ប្រជាពលរដ្ឋពួកគាត់ ក្លែងក្លាយ និងបង្ខំឱ្យទទួលយកសំណងប្រមាណ ៥០០ដុល្លារ ដើម្បីបញ្ចប់រឿង។
ពលរដ្ឋ ឲ្យដឹងបន្តទៀតថា ដោយកើតទុក្ខមិនសុខចិត្ត ទើប ប្រជាពលរដ្ឋ ពួកគាត់ បាននាំគ្នាដាក់ពាក្យបណ្តឹងទប់ស្កាត់ទៅកាន់ សាលាក្រុងតាខ្មៅ តែមិនទទួលបានលទ្ធផលទេ។ ហើយសកម្មភាព របស់ ក្រុមហ៊ុន នៅតែបន្តដឹកអាចម៌ដីចាក់ និងធ្វើរបងព័ទ្ធផ្ទះ របស់ពួកគាត់ ទើបនាំគ្នាប្រមូលផ្តុំស្នើសុំកិច្ចអន្តរាគមន៍ទៅកាន់ លោក គួច ចំរើន អភិបាលខេត្តកណ្តាល ឲ្យជួយអន្តរាគមន៍រកដំណោះស្រាយឲ្យពួកគាត់ ដោយសុំកាន់កាប់ នៅលើដីជាក់ស្តែង ។ ប៉ុន្តែបើក្នុងករណី ក្រុមហ៊ុន ចង់បានទីតាំងដីនោះ ត្រូវទិញដូរ តាមតម្លៃទីផ្សារជាក់ស្តែង ។
យ៉ាងណាក៏ដោយចុះ កម្ពុជាថ្ងៃនេះ នៅមិនទាន់អាចមានប្រភព ដើម្បីទាក់ទង លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ និង លោកឧកញ៉ា ថោង សារ៉ាត់ ដើម្បីស្នើសុំការបំភ្លឺ ករណីចោទប្រកាន់ របស់ប្រជាពលរដ្ឋ ខាងលើបាននៅឡើយទេ នៅរសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ៕ ប្រភព Fresh News


