សមត្ថកិច្ចប្រាប់ឲ្យស្ត្រីឈ្មោះ សាម ម៉ីជូ បើករថយន្ដម៉ាក AVATAR 11 ចូលខ្លួនមកដោះស្រាយករណី បើកឡានបុកមនុស្សស្លាប់ម្នាក់
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងចាត់ការករណីស្រ្តីម្នាក់ បើកឡានបុកមន្រ្តីសាធារណាការម្នាក់ស្លាប់។ ប្រភព បញ្ជាក់ថា ស្ត្រីបង្កហេតុ គឺកូនស្រីឧកញ៉ាមានទ្រព្យស្តុកស្តម្ភម្នាក់។
ស្ដ្រីរូបនេះ មានឈ្មោះ សាម ម៉ីជូ អាយុ ២៧ឆ្នាំ បើករថយន្ដ ម៉ាក AVATAR 11 ពាក់ផ្លាកលេខ កម្ពុជា V.C.8989 , អាសយដ្ឋានផ្ទះលេខ៧៨៩K ផ្លូវ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែក ជនរងគ្រោះឈ្មោះ គួច លឹមហាន អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាមន្ដ្រីនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១០០៣ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ ស្រ្តីអ្នកបើករថយន្ត បានឡើងជិះ ម៉ូតូផាសអាប់ គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលឈឹងតែម្តង ៕


















