បាក់ទំនប់ស្តុកទឹក ក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធី បណ្តាលឲ្យពុលត្រីងាប់នៅព្រែកកំពង់សិលា
ខេត្តព្រះសីហនុ : សហគមន៍នេសាទសាមគ្គីព្រែកកំពង់សិលា ខេត្តព្រះសីហនុ ព្រួយបារម្ភពីសារធាតុពុល ដែលហូរចេញពីការបាក់ទំនប់អាងស្តុកទឹក របស់ក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធី បណ្តាលឲ្យត្រីគ្រប់ប្រភេទងាប់អណ្តែតពាសពេញទឹកព្រែក។ មន្ទីរបរិស្ថាន ទទួលស្គាល់ថា ពិតជាមានករណី បាក់ទំនប់ស្តុកទឹកខាងលើពិតមែន ហើយបច្ចុប្បន្នមន្ត្រីជំនាញ បានចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងកើតហេតុ។
ប្រជានេសាទរស់នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានអះអាងថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ មានករណី បាក់ទំនប់អាងស្តុកទឹក របស់ក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធី ហូរចូលព្រែក បណ្តាលឲ្យត្រីគ្រប់ប្រភេទ ពុលងាប់អណ្តែតពាសពេញផ្ទៃទឹក។ ពលរដ្ឋស្នើឲ្យមន្ត្រីស្ថាប័នជំនាញ ចុះពិនិត្យគុណភាពទឹកក្នុងព្រែកកំពង់សិលា ឲ្យបានឆាប់ ដើម្បីទប់ស្កាត់ផលប៉ះពាល់។
លោក ឃួន ឃា អនុប្រធានសហគមន៍នេសាទសាមគ្គីព្រែកកំពង់សិលា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ទំនប់អាងស្តុកទឹកក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធីនេះ បានបាក់កាលពីថ្ងៃទី១២ ខែមិថុនា។ ហើយបានហូរចូលទៅក្នុងព្រែក បណ្តាលឲ្យត្រីគ្រប់ប្រភេទងាប់ អណ្តែតពេញទឹក។ លោកថា ត្រីដែលងាប់នេះ ទំនងអាចបណ្តាលមកពីសារធាតុគីមី មាននៅក្នុងទឹក ដែលបាក់ទំនប់ ឬអាងស្តុកទឹក របស់ក្រុមហ៊ុនដូងប្រេង ម៉ុងប្ញទ្ធី។
លោកស្នើឲ្យមន្ត្រីជំនាញចុះត្រួតពិនិត្យគុណភាពទឹក នៅក្នុងព្រែកកំពង់សិលា ដែលមានត្រីងាប់ ឲ្យបានឆាប់ ដើម្បីផ្សព្វផ្សាយទប់ស្កាត់កុំឲ្យពលរដ្ឋ បរិភោគត្រី ឬក៏នាំយកទៅលក់នៅលើទីផ្សារ ដែលអាចប៉ះពាល់ដល់សុខភាព ឬអាយុជីវិត របស់អ្នកបរិភោគ។
តំណាងសហគមន៍នេសាទរូបនេះ ក៏ស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជួយចុះធ្វើអន្តរាគមន៍ធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធី មានទីតាំងនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ធ្វើទំនប់ឲ្យបានរឹងមាំ និងមានស្តង់ដារត្រឹមត្រូវ ដ្បិតអាងស្តុកទឹក ដែលមានសារធាតុគីមីនេះ ក៏ធ្លាប់បាក់ម្តងហើយ កាលពីឆ្នាំ២០២៤ ដែលបណ្តាលឲ្យត្រីងាប់ និងបំផ្លាញដល់ជីវចម្រុះក្នុងទឹកធ្ងន់ធ្ងរបំផុត។
ទាក់ទិនបញ្ហានេះ លោក ម៉ុង ប្ញទ្ធី ដែលគេស្គាល់ថា ជាស្ថាបនឹកក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធី ក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងស្រុក បានឆ្លើយបដិសេធន៍ថា មិនមានករណីបាក់ទំនប់អាងស្តុកទឹក របស់ក្រុមហ៊ុនលោកទេ ដោយបញ្ជាក់ថា ជារឿងចាស់កើតឡើងតាំងពីឆ្នាំ២០២៤។ ហើយ បាននិយាយចំអកឲ្យអ្នកកាសែត ថាទទួលព័ត៌មានយឺត និងមិនច្បាស់ទៅវិញ?។

ទោះជាបែបនេះក្តី លោក ប៊ូ សាម៉េត មេភូមិថ្មី ឃុំកំពង់សិលា បានទទួលស្គាល់ថា ពិតជាមានករណីបាក់ទំនប់អាងស្តុកទឹក ក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធី ពិតមែន។ ហើយថា ករណីនេះ រូបលោក រួមជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីស្ថាប័នជំនាញ ក៏បានចុះទៅដល់ទីតាំងកន្លែងបាក់ទំនប់នោះ ដើម្បីស្នើឲ្យក្រុមហ៊ុននេះ រកវិធីទប់ទំនប់ ដែលបាក់នោះឲ្យបានឆាប់ ដោយបារម្ភខ្លាចមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀត។ លោកថា ក្រោយបាក់ទំនប់អាងស្តុកទឹកខាងលើនេះ បណ្តាលឲ្យត្រីគ្រប់ប្រភេទងាប់អណ្តែតពេញទឹកព្រែក។
ចំណែក លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សិលា បញ្ជាក់ប្រាប់កាសែតក្នុងស្រុកថា ពិតជាមានករណីបាក់ទំនប់ សម្រាប់ស្តុកកាកសំណល់រាវ ចេញពីក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធី ពិតមែន។ ហើយរូបលោកក៏បានជូនដំណឹងនេះ ទៅកាន់មន្ទីរជំនាញរួចហើយដែរ ដើម្បីចុះមកពិនិត្យគុណភាពទឹក ដែលហូរចូលព្រែកបណ្តាលឲ្យត្រីងាប់នោះហើយ។
ឆ្លើយតបបញ្ហានេះ លោក ម៉ើង សុភាព ប្រធានស្តីទីមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានឲ្យដឹងថា ទំនប់ទឹកក្រុមហ៊ុនដូងប្រេងម៉ុងប្ញទ្ធី ដែលបាក់នោះ គឺត្រូវបានបិទភ្ជាប់វិញហើយ។ ហើយមន្ត្រីជំនាញ ក៏បានចុះទៅយកសំណាកទឹកនោះទៅពិនិត្យ ដើម្បីរកផលប៉ះពាល់ និងឈានទៅរកវិធីទប់ស្កាត់។
ប្រធានអង្គការការពារបរិស្ថាន ប្រចាំខេត្តព្រះសីហនុ លោក ជិន វណ្ណៈ បានឲ្យដឹងថា យ៉ាងហោចមានក្រុងស្រុកចំនួន៣ នៅខេត្តព្រះសីហនុ រួមមាន៖ ក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សិលា តែងមានសកម្មភាពបង្ហូរទឹកស្អុយកខ្វក់ និងមានក្លិនឆួល ចេញពីក្រុមហ៊ុនផ្សេងៗ ចូលទៅក្នុងដៃព្រែក ឬសមុទ្រ ដោយមិនបានឆ្លងកាត់អាងចម្រោះទឹកស្អាត ឲ្យបានត្រឹមត្រូវជាមុនទេ ដែលបណ្តាលឲ្យសត្វស្លាប និងមច្ឆាសមុទ្រគ្រប់ប្រភេទ ងាប់ជាបន្តបន្ទាប់។
លោកស្នើដល់ ក្រសួងបរិស្ថាន ត្រូវយកចិត្តទុកដាក់លើបញ្ហា នៃការបង្ហូរទឹកពុល ឬទឹកកខ្វក់ចូលព្រែក ឬសមុទ្រ ព្រែកទឹកសាប និងព្រែកកំពង់សិលា ជាដើមនេះ ឲ្យមានប្រសិទ្ធភាព ព្រោះសកម្មភាពនេះ បានកើតមានជាបន្តបន្ទាប់ និងច្រើនឆ្នាំមកហើយ៕



















