ពលរដ្ឋចោទឧត្តមសេនីយ៍ពាក់ផ្កាយ២ ឈ្មោះ ភឺន ផល្លា ថាបានគប់គិតលួចធ្វើប្លង់ រំលោភយកដីធ្លីពលរដ្ឋជាង ៧ហិចតា នៅក្រុងកំពង់សោម

ខេត្តព្រះសីហនុ ៖ ពលរដ្ឋរស់នៅសង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម បានចោទ លោកឧត្តមសេនីយ៍ពាក់ផ្កាយ២ម្នាក់ ឈ្មោះ ភឺន ផល្លា ថាបានគប់គិតរំលោភយកដីចំការ របស់ប្រជាពលរដ្ឋ ៥គ្រួសារ ដោយលួចធ្វើប្លង់ស្ងាត់ៗ ទាំងពលរដ្ឋ បានប្តឹងទាស់ពេលមន្ត្រីជំនាញបិទបញ្ជីពិនិត្យក្បាលដី ទៅមន្ត្រីមន្ទីរសុរិយោដីខេត្តព្រះសីហនុ មិនឲ្យចេញប្លង់បែបណាក្តី?។ តែការចោទប្រកាន់នេះ ត្រូវលោកផ្កាយ ២រូបនេះ ច្រានចោល និងចាត់ទុកជាការបង្ខូចឈ្មោះ។

ពលរដ្ឋមានទំនាស់ដីធ្លីជាមួយ លោកឧត្តមសេនីយ៍ ភឺន ផល្លា មេបញ្ជាការរងកងពលតូចថ្មើជើងលេខ ៧០ នៃកងទ័ពជើងគោក បានទទូចស្នើឲ្យប្រមុខដឹកនាំរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជួយអន្តរាគមន៍ និងរកយុត្តិធម៌លើករណី លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ បានគប់គិតចេញប្លង់កម្មសិទ្ធិជូនឈ្មោះ ភឺន ផល្លា រំលោភយកដី ជាង៧ហិចតា នៅភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម (អតីតស្រុកព្រៃនប់)។

លោក យ៉ុន ស៊ីធន់ ដែលអះអាងថា ជាប្រជាពលរដ្ឋរងគ្រោះម្នាក់ នៅថ្ងៃអង្គារ៍នេះ បានស្នើឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ អំពីកង្វល់ របស់គាត់ បានដឹងឮដល់ ថ្នាក់ដឹកនាំក្រសួងដែនដី និងថ្នាក់ដឹកនាំស្ថាប័នកំពូលដទៃទៀត ជាពិសេសប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា ឲ្យជួយបញ្ជូនមន្ត្រីស្អាតស្អំ ចុះស៊ើបអង្កេតពីភាពមិនប្រក្រតី នៃការគប់គិតចេញប្លង់កម្មសិទ្ធិ របស់ លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ជូនឈ្មោះ ភឺន ផល្លា រំលោភយកដីចំការជាង ៧ហិចតា របស់គាត់។

ពលរដ្ឋរូបនេះ បន្តថា មុននឹងឈានដល់មន្ទីរសុរិយោដី ខេត្តព្រះសីហនុ ចេញប្លង់កម្មសិទ្ធិជូនឈ្មោះ ភឺន ផល្លា គឺរូបគាត់ ក៏បានប្តឹងជំទាស់ការចេញប្លង់នេះ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ទៅមន្ត្រីជំនាញមន្ទីរសុរិយោដី នៅក្នុងដំណាក់កាលបិទផ្សាយបញ្ជីក្បាលដី ប្លង់ប្រព័ន្ធ ប៉ុន្តែហេតុអ្វីបានជា មន្ត្រីមន្ទីរជំនាញ មិនទាន់បានកោះហៅរូបគាត់ ឬភាគីមានវិវាទ ទៅជួបរកដំណោះស្រាយផង បែរជាឈានទៅចេញប្លង់ជូនភាគីម្ខាងទៀត ស្ងាត់បែបនេះទៅវិញ?។

oppo_1059

លោកបន្តថា៖ « ពេលចេញបណ្ណហ្នឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ មានន័យថា យើងបានប្តឹងជំទាស់មុន។ ហើយនៅក្នុងចន្លោះពេលវេលា ដែលយើងបានប្តឹងជំទាស់រហូតដល់ថ្ងៃចេញបណ្ណហ្នឹងឃើញមាន គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត ឬក៏ថ្នាក់ផ្សេងៗហ្នឹង អ់តមានអ្នកណាហៅយើងទេ?។ ស្រាប់តែឃើញចេញបណ្ណតែម្តង។ គាត់ឡើងលើ PV លើប្លង់ផែនទីថាដីហ្នឹង ជាដីរដ្ឋ ចឹងគាត់គូសយក គូសយក។ គូយកលើចំការ លើភូមិ របស់គេ របស់ពលរដ្ឋ វាពិបាកណស់។ ចេញបណ្ណចេញប្លង់តែម្នាក់ឯង។ ហើយយើងបានប្តឹងជំទាស់ហើយ នីតិវិធីច្បាប់ រឿងអីត្រូវចេញបណ្ណ តើគាត់គិតយ៉ាងម៉េច។»

ទោះជាបែបនេះក្តី “កម្ពុជាថ្ងៃនេះ” លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដើម្បីបំភ្លឺបានទេ លពីថ្ងៃអង្គារ៍ ទី២ ខែមិថុនា។

ចំណែក លោក ភឺន ផល្លា បានបដិសេធន៍ថា មិនបានគប់គិត រំលោភធ្វើប្លង់កម្មសិទ្ធិយកដីពលរដ្ឋ ណាម្នាក់ ដូចការចោទ ឬសារព័ត៌មានចុះផ្សាយនោះទេ។ លោកថា មុនឈានដល់មន្ត្រីជំនាញ ចេញបណ្ណកម្មសិទ្ធិស្របច្បាប់ ជូនរូបលោក គឺលោកបានដោះស្រាយវិវាទផ្សេងៗ ជាមួយពលរដ្ឋ មានដីនៅជាប់ព្រំដី របស់លោករួចរាល់ហើយ។ ហើយក៏ត្រូវមន្ត្រីសុរិយដី ចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនលោករួចហើយដែរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥កន្លងមក។

លោកបន្ថែម៖ « គាត់និយាយហ្នឹងមិនមែន ៩៩%ភាគរយទេ គឺ១០០% ខុសទាំងស្រុង ហើយបង្កើតរឿង។ ឥឡូវហ្នឹងខ្ញុំ បានឲ្យផ្លូវច្បាប់ឲ្យចុះទៅមើល ព្រោះគាត់និយាយថា ខ្ញុំបានគប់គិតជាមួយមន្ត្រីធ្វើប្លង់នេះ គឺអត់មានមន្ត្រីណាមកគប់គិតទេ។ មានមន្ត្រីមកពីណា ព្រោះក្រសួងដែនដីអ្នកដោះ អ្នកធ្វើការងារហ្នឹងហើយ។ ហើយ អាធន់ ហ្នឹងវាមិនមានដីនៅហ្នឹងទេ គឺវាដើរតែកាប់ព្រៃ និងយកឈ្មោះគេមកប្រើទេ។ កាលហ្នឹងសុំជួបខ្ញុំ ធ្វើរបងធ្វើដីពីណាទេ មករកទិញដីហ្នឹង។ ហើយវាបានមកថតរូបសែលហ្វីហ្នឹងទេ។ ហើយយកមកចុះផ្សាយក្នុងកាសែត មកបង្កើតរឿងហ្នឹងទេ?។ វាមិនទៅមានរឿងអី ដែលត្រូវពាក់ព័ន្ធជាមួយគាត់ទេ។»

យ៉ាងណាក្តី លោក យ៉ុន ស៊ីធន់ ដែលអះអាងថា ជាជនរងគ្រោះ ត្រូវឈ្មោះ ភឺន ផល្លា គប់គិតធ្វើប្លង់រំលោភយកដីចំការជាង ៧ហិចតា បានលើកឡើងថា ដីទំនាស់នេះ គឺរូបលោកបានប្រមូលទិញពីពលរដ្ឋ រស់នៅមូលដ្ឋានខាងលើចំនួន ៥គ្រួសារ។ ហើយនៅលើដីនោះ ជាប្រភេទដីចំការមានដំណាំដាំដុះ និងមានពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្តែង ថែមទៀតផង។

លោកបន្តថា៖ « ខ្ញុំបានទិញដីហ្នឹងពី ទួន ឡឹប ឌត រស់នៅអូរជ្រៅ និងឈ្មោះ ប៊ូ ណូត កូនលោកមេភូមិស្រែចាមលើ និងបច្ចុប្បន្ន គាត់ជាមេភូមិអូរជ្រៅ និងពលរដ្ឋ ៣នាក់ផ្សេងទៀត មាននៅក្នុងឯកសារពាក់ព័ន្ធ។ ហើយកន្លងមកលោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដី និងលោក ហែម ដារីទ្ធ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការសុរិយដីដោះស្រាយទំនាស់ដីធ្លី របស់ខេត្តព្រះសីហនុ ទទួលបន្ទុកស្រុកព្រៃនប់មុនហ្នឹងក៏គាត់បានអញ្ជើញទៅមើលទីតាំង ដូចឃើញក្នុងរូបភាពដែលមានស្រាប់។ សូមថ្នាក់ដឹកនាំជួយរកដំណោះស្រាយណាមួយដែលសមស្រប។»

យ៉ាងណាក៏ដោយចុះ លោក សុខសុខុម ប្រធានអង្គការស៊ីអ៊ិនរ៉ូ (CNRO) ស្នើឲ្យមន្ត្រីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវពិនិត្យដោះស្រាយវិវាទដីធ្លី រវាងគូភាគីទំនាស់ ដែលមានឈ្មោះ ភឺន ផល្លា និងពលរដ្ឋឈ្មោះ យ៉ុន ស៊ីធន ក៏ដូចជាពលរដ្ឋដ៏ទៃទៀត ឲ្យស្របតាមច្បាប់ និងមានតម្លាភាព សម្រាប់ទាំងអស់គ្នា។ អ្នកឃ្លាំំមើលសង្គមរូបនេះ មិនបកស្រាយវិវាទដីធ្លីនេះថា ភាគីខាងខុស ឬភាគីខាងណាត្រូវទេ ដោយគ្រាន់តែស្នើឲ្យ ថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញគ្រប់ជាន់ថ្នាក់ ជួយពិនិត្យលើវិវាទដីធ្លីនេះ ដោយឈរលើគោលការច្បាប់ និងភាពយុត្តិធម៌តែប៉ុណ្ណោះ។

លោកថា៖« ចំពោះករណីទំនាស់ដីធ្លីនៅក្រុងកំពង់សោមនេះ គឺជាទំនាស់មួយ រវាងប្រជាពលរដ្ឋ និងអ្នកមានលុយមានអំណាច។ អញ្ចឹងអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលដោះស្រាយករណីនេះ ត្រូវតែឈលើឯកសារច្បាប់ជាគោល។ ថាអ្នកណាជាអ្នកកាន់កាប់ និងអាស្រ័យផលមុន ឲ្យបានច្បាស់លាស់ត្រឹមត្រូវ។ ហើយអ្នកណា ដែលជាអ្នកកេងបន្លំ កេងប្រវ័ញ្ច ត្រូវអនុវត្តទៅតាមច្បាប់ជាគោល។»

ចំពោះវិវាទដីធ្លីនេះលោក យ៉ុន ស៊ីធន់ ដែលបច្ចុប្បន្នរស់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ រំពឹងថា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងជួយរកដំណោះស្រាយជូនគាត់ ក៏ដូចជាពលរដ្ឋដទៃទៀត ដែលត្រូវឈ្មោះ ភឺន ផល្លា គប់គិតលួចធ្វើប្លង់រំលោភយកដីចំការជាង ៧ហិចតា នៅសង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ទាំងពួកគាត់មិនដឹងខ្លួនជាមុនទេ ៕

អត្ថបទដែលជាប់ទាក់ទង