បទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ កើតឡើងអនាធិបតេយ្យ ខេត្តកោះកុង

ខេត្តកោះកុង ៖  អាជ្ញាធរមូលដ្ឋានឃុំថ្មស និងសហគមន៍នេសាទខេត្តកោះកុង ទទូចឲ្យថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ជួយបង្ក្រាបបទល្មើស ប្រើឧបករណ៍នេសាទខុសច្បាប់ ដែលធ្វើសកម្មភាពដុះស្លែរជាង១០ឆ្នាំ ក្នុងស្រុកស្រែអំបិល ឲ្យមានប្រសិទ្ធភាព ដ្បិតបទល្មើសនេះ នាំឲ្យផលនេសាទសមុទ្រឆ្នាំនេះ ធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។

អាជ្ញាធរមូលដ្ឋានភូមិឃុំ និងអ្នកប្រមូលទិញផលនេសាទ នៅស្រុកបូទុមសាគរ និងស្រុកស្រែអំបិល បានអះអាងថា ផលនេសាទឆ្នាំនេះ ហាក់មានការធ្លាក់ចុះ គួរឲ្យកត់សម្គាល់។ ហើយអ្នកនេសាទរស់នៅមូលដ្ឋានឃុំថ្មស ប្រឈមជំពាក់បំណុលធនាគារវ័ន្តក ដ្បិតខ្ចីបុល មកទិញឧបករណ៍នេសាទ ដែលមានតម្លៃខ្ពស់។

មេភូមិចំការលើ ឃុំថ្មស លោក អ៊ាង អាង និយាយថា បទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងមូលដ្ឋាននេះ បានកើតឡើងជាង ១០ឆ្នាំកន្លងមកហើយ។ ហើយមន្ត្រីជំនាញពាក់ព័ន្ធ ហាក់បង្ក្រាបគ្មានប្រសិទ្ធភាពទេ។ លោកសង្កេតឃើញថា ផលនេសាទ ដែលអ្នកនេសាទ រកបានរាល់ថ្ងៃនេះ គឺធ្លាក់ចុះខ្លាំង ដោយរកចំណូលប្រចាំថ្ងៃ មិនគ្រប់ថ្លៃចំណាយទៅលើប្រេងឥន្ទៈផងទេ។ លោកបន្តថា ធនធានជលផលសមុទ្រ ធ្លាក់ចុះនេះ គឺមួយផ្នែក អាចកពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ក្នុងដែនសមុទ្រទឹករាក់ ដោយការបង្ក្រាបពីមន្ត្រីជំនាញឲ្យមានប្រសិទ្ធភាព។

ជាថ្មីម្តងទៀត មេភូមិរូបនេះ ក៏បានក្រើនរំលឹកដល់ប្រជានេសាទទាំងអស់ ត្រូវងាកមកប្រើប្រាស់ឧបករណ៍នេសាទ ស្របច្បាប់វិញ ប្រយោជន៍ដើម្បី ជម្រុញឲ្យធនធានជលផលសមុទ្រកម្ពុជា សម្បូរបែបឡើងវិញ។ ព្រោះការប្រើឧបករណ៍ខុសច្បាប់ ដូចជាមងក្រឡាតូចជាដើម បានបំផ្លាញជីវចម្រុះគ្រប់ប្រភេទ ធ្ងន់ធ្ងរថែមទៀតនាថ្ងៃអនាគត។

លោកបន្តថា៖ « លបមុខ១០០ហ្នឹងវាជាឧបករណ៍បំផ្លាញធនធានសមុទ្រធ្ងន់ធ្ងរ។ ប៉ុន្តែធ្វើម៉េចបើប្រជាពលរដ្ឋជ្រើសរើយកឧបករណ៍នេះ ដើម្បីធ្វើនេសាទរបស់ខ្លួន។ ហើយឧបករណ៍នេះខុសច្បាប់ និងមានប្រភពនាំចូលពីប្រទេសវៀតណាម។ ហើយជំនាញពាក់ព័ន្ធចាប់រហូត ប៉ុន្តែចាប់មិនអស់ រលាយហិនហោចអស់ហើយ។ ជាក់ស្តែងមួយថ្ងៃធ្វើនេសាទត្រីមិនបានរួចថ្លៃសាំងផង បានមួយម៉ឺនឬពីរម៉ឺនរៀលប៉ុណ្ណឹងឯង។ ហើយយូរៗវាអស់ធនធានធម្មជាតិ លបកន្ទុយកណ្តុរហ្នឹង ឬលបមុខ១០០ហ្នឹង បើនិយាយទៅគឺធំធេងណាស់។ ឥឡូវអ្នកនេសាទជំពាក់បំណុលធនាគារ អេអ៊ឹមខេ និងប្រាសាក់វ័ណ្ឌក ដោយសារលបកន្ទុយកណ្តុរហ្នឹង។ ព្រោះលបមួយក្បាលមានតម្លៃ ៦ម៉ឺនរៀល ចុះបើសិនម្នាក់ ៗ ទិញ ១០០ក្បាល តើអស់ប៉ុន្មាន? ចឹងប្រជាពលរដ្ឋធ្លាក់សេដ្ឋកិច្ច ខ្លាំងណាស់ឥឡូវនេះ។»

ដ្រដៀងគ្នាដែរ លោក អ៊ិក កួន មេឃុំថ្មស ទទួលស្គាល់ថា ពិតជាមានបទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ បន្តធ្វើសកម្មភាព នៅក្នុងមូលដ្ឋាននេះពិតមែន។ ហើយកន្លងមក អាជ្ញាធរឃុំ តែងបានចុះផ្សព្វផ្សាយឲ្យប្រជានេសាទ ងាកមកប្រើឧបករណ៍ស្របច្បាប់ ដើម្បីរក្សាជនធានសមុទ្រ ឲ្យបានគង់វង្សនាថ្ងៃអនាគត ប៉ុន្តែមិនមានអ្នកគោរពតាមទេ។ ជាងនេះទៀត មន្ត្រីជំនាញជលផលខេត្តកោះកុង ហាក់មិនសូវរវល់អើពើ លើការងារបង្ក្រាបបទល្មើសនេះ ឲ្យមានប្រសិទ្ធយូរអង្វែងទេ។

លោកទទួលស្គាល់ថា ទិន្នផលនេសាទឆ្នាំនេះ ពិតជាបានថយចុះពិតមែន។ ហើយបើទុកបណ្តោយ ឲ្យបទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់នេះ បន្តធ្វើសកម្មភាព ដោយគ្មានការទប់ស្កាត់ទេ ទំនងជាមច្ឆាសមុទ្រគ្រប់ប្រភេទ នឹងត្រូវរលាយហិនហោចនាថ្ងៃអនាគត។

លោកបន្ថែមថា៖ « ឥឡូវនេះច្បាប់ជលផលថ្មី ករណីលបមុខ១០០ហ្នឹង មានក្រឡាមងចាប់ពី ៦ហ៊ុនឡើងគេអនុញ្ញាតឲ្យដាក់ក្តាម។ តែបើក្រោម ៤ហ៊ុន គឺគេអត់ឲ្យដឹក ឬធ្វើនេសាទេ។ រឿងក្រឡាមងញឹកតូចៗហ្នឹង បានបំផ្លាញធនធានធម្មជាតិ។ ហើយរឿងប្រើឧបករណ៍ខុសច្បាប់នេះ មិនត្រឹមតែលបមុខ ១០០ទេ គឺនៅមានទូកអូសធំៗ និងមានល្បឿនលឿន បានចូលមកនេសាទនៅតំបន់ទឹករាក់ថែមទៀត គឺវាខុសនឹងច្បាប់ផងដែរ។ ទូកនេះ ក៏គួរមិនឲ្យមានដែរ ប៉ុន្តែមិនដឹងថា ខាងជលផល គេបង្ក្រាបបានត្រឹមកំរិតណាខ្ញុំ អត់ដឹងទេ?។»

មេឃុំថ្មស ឲ្យដឹងថា មានពលរដ្ឋចំនួន ចន្លោះពី ៧០ ទៅ ៨០ភាគរយ មកពី ៤ភូមិ នៅឃុំថ្មស បានចាប់យករបរធ្វើនេសាទសមុទ្រ។ ប៉ុន្តែបច្ចុប្បន្ននេះ មានពលរដ្ឋមួយចំនួន បានប្តូររកមុខរបរថ្មី ដោយសារតែធ្វើនេសាទ មិនសូវបានផលដូចពេលមុន ហើយបានងាកទៅរកការងារធ្វើជាកម្មករ នៅតាមរោងចក្រសហគ្រាសនានា ដែលចូលមកបោះទីតាំងនៅក្នុងមូលដ្ឋាននេះ។

យ៉ាងណាក៏ដោយចុះ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង អ្នកស្រី អែម សុធារ៉ា ប្រធានមន្ទីរកសិកម្ម ខេត្តកោះកុង ដើម្បីបំភ្លឺជុំវិញបទល្មសប្រើឧបករណ៍នេសាទខុសច្បាប់ អនាធិបតេយ្យ ក្នុងដែនសមុទ្រទឹករាក់ ឃុំថ្មសខាងលើ បាននៅឡើយទេ នៅថ្ងៃព្រហស្បត្តិ៍នេះ។ ខណៈ លោក ប៉ូ រ៉ានី ប្រធានផ្នែកជលផលបូទុមសាគរ ប្រចាំស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ក៏មិនលើកទូរសព្ទ ដើម្បីបំភ្លឺដូចគ្នាដែរ?។

ចំណែក លោក តេង ហាន់ ប្រធានសហគមន៍នេសាទឃុំថ្មស ស្រុកស្រែអំបិល និយាយថា ចំពោះការធ្លាក់ចុះ ផលនេសាទសមទ្រ ក្នុងមូលដ្ឋាននេះ មួយផ្នែកអាចបណ្តាលមកពី ការប្រើឧបករណ៍នេសាទខុសច្បាប់ គ្មានការទប់ស្កាត់អូសបន្លាយពេលយូរឆ្នាំ។ ប៉ុន្តែលោកបច្ចុប្បន្ន ច្បាប់ជលផលថ្មី បានកំណត់ឧបករណ៍នេសាទ ដូចជា អ៊ួន ឬមង មានក្រឡាតូចជាង ៤ហ៊ុន គឺមិនអនុញ្ញាតឲ្យធ្វើនេសាទទេ។ លោកបន្តថា កន្លងមក ឃើញសមត្ថកិច្ចជំនាញ បានចុះបង្ក្រាប និងពិន័យ ចំពោះអ្នកនេសាទល្មើសច្បាប់ ជាបន្តបន្ទាប់ដែរ ប៉ុន្តែបទល្មើសប្រើឧបករណ៍ខុសច្បាប់នេះ នៅតែបន្តកើតមានដដែល។

លោកថា៖ « ច្បាប់ជលផលចេញថ្មីហ្នឹង ក៏បានផ្សព្វផ្សាយប្រាប់អ្នកនេសាទទាំងអស់ហ្នឹងដែរ ដើម្បីស្នើឲ្យគាត់ ប្តូរមកនេសាទប្រើឧបករណ៍ស្របច្បាប់ឡើងវិញដែរ ដើម្បីឲ្យផលនេសាទកើនឡើងវិញ។»

សម្រាប់ លោក សាន ស៊ីណា ជាអាជីវករ ទទួលទិញជលផលសមុទ្រ ឬគ្រឿងសមុទ្រស្រស់ៗ ប្រចាំស្រុកស្រែអំបិល ខេត្តកោះកុង បានឲ្យដឹងដែរថា ធនធានជលផលសមុទ្រឆ្នាំនេះ ហាក់មានការថយចុះ គួរឲ្យព្រួយបារម្ភ ដោយរូបលោកមិនអាចប្រមូលទិញ ផលសមុទ្រគ្រប់ប្រភេទ ឬត្រីសមុទ្រស្រស់បានច្រើនដូចពេលមុនទៀតទេ។ ជាងនេះទៀត អ្នកនេសាទសមុទ្រ ក៏បានរអ៊ូរទាំ ពិបាករកប្រាក់ចំណូលពីការធ្វើរបរនេសាទនេះទៀតទេ ព្រោះក្នុងមួយថ្ងៃៗ រកលុយសម្រាប់ចំណាយសង ថ្លៃទិញប្រេងឥន្ទៈមិនគ្រប់ផងទេ។

អាជីវកររូបនេះអះអាងថា ការធ្លាក់ចុះផលនេសាទឆ្នាំនេះ ទំនងអាចបណ្តាលមកពី ការប្រើឧបករណ៍នេសាទខុសច្បាប់ គ្មានការបង្ក្រាបអូសបន្លាយយូរឆ្នាំ។ ហើយការដែលមន្ត្រីជំនាញ មិនបង្ក្រាបបទល្មើសប្រើឧបករណ៍ខុសច្បាប់នេះ ក៏អាចមានជាប់ពាក់ព័ន្ធ នឹងសំណូលពុករលួយផងដែរ។

 

លោកបញ្ជាក់បន្ថែម៖ «ធ្លាក់ចុះផលនេសាទច្រើនណាស់ អត់ដូចមុនទេ ព្រោះអីការធ្វើរបរនេសាទរាល់ថ្ងៃហ្នឹង បានប្រើឧបករណ៍ខុសច្បាប់ លបមុខ ១០០ហ្នឹងច្រើន និងបទល្មើសច្រើនពេក។ ចាប់តាំងពីអ្នកនេសាទប្រើឧបករណ៍លបមុខ ១០០ហ្នឹងរួចមក ឃើញថា ផលនេសាទអស់រលីងតែម្តង។ លបហ្នឹងគឺលបខ្សែរ ធ្វើនាំចូលពីខាងប្រទេសវៀតណាមកដាក់នៅតំបន់ទឹករាក់។ ហើយបើដាក់លបមុខ ១០០ហ្នឹងទៅ គឺមងធម្មតា ធ្វើនេសាទអត់បានទៀតទេ។ មងវាដើរ ហើយលបមុខ១០០ហ្នឹងអត់ដើរទេ។ នៅថ្មស មានបទល្មើសលបមុខ ១០០ហ្នឹងធ្វើសកម្មភាពពេញសមុទ្រ។ ពីមុនគេនាំគ្នាប្រើឧបករណ៍នេសាទត្រឹមមងទេ ដល់ពលមង ធ្វើនេសាទអត់បាន គេនាំគ្នាវៃលបមុខ១០០ ដែលបានទិញមកពីប្រទេសវៀតណាមជំនួសវិញ។»

ទោះជាបែបនេះក្តី អ្នកប្រមូលទិញផលសមុទ្ររូបនេះ ក៏បានទទូចឲ្យ ថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញពាក់ព័ន្ធថ្នាក់ជាតិ ជួយចាត់វិធានការច្បាប់ឲ្យបានតឹងរឹងជាងនេះ ដើម្បីទប់ស្កាត់ការប្រើឧបករណ៍នេសាទល្មើសច្បាប់ ក្នុងដែនសមុទ្រខេត្តកោះកុង ឲ្យមានប្រសិទ្ធភាព។ ជាងនេះទៀត ក៏ត្រូវជួយថែរក្សាការពារព្រៃលិចទឹក ដែលជាទីជម្រកមច្ឆាសមុទ្រគ្រប់ប្រភេទ បន្តពូជឲ្យបានគង់វង្ស ដ្បិតត្រូវរងការគប់គិតទន្ទ្រានធ្វើកម្មសិទ្ធិឯកជន ស្ទើររលាយហិនហោច។

ទាក់ទិនបញ្ហានេះដែរ លោក សុខ សុខុម ប្រធានអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា ហៅកាត់ស៊ីអ៊ិនរ៉ូ (CNRO) បានរិះគន់មន្ត្រីស្ថាប័ជំនាញពាក់ព័ន្ធខេត្តកោះកុង ដែលហាក់មិនសូវខ្វាយខ្វល់ លើការងារការពារធនធានជលផលសមុទ្រ ដោយទុកឲ្យមានបទល្មើសប្រើឧបករណ៍ខុសច្បាប់ អាចបន្តធ្វើសកម្មភាពក្នុងមូលដ្ឋាននេះយូរឆ្នាំ។ ករណីនេះ លោកជម្រុញឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម និងស្ថាប័នជំនាញពាក់ព័ន្ធដទៃទៀត ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ជាពិសេស ក៏ត្រូវជួយការពារព្រៃលិចទឹក នៅខេត្តកោះកុង ដែលជម្រកត្រីសមុទ្រពងកូន ឲ្យបានគង់វង្សផង។

លោកបន្តថា៖ « សំខាន់បំផុតខាងជំនាញរដ្ឋបាលជលផល ជាអ្នកការពារនិងគ្រប់គ្រងធនធានជលផលសមុទ្រ ឲ្យបានគង់វង្ស តែបើឃើញករណីបទល្មើស កើតឡើងច្រើនបែបនេះហើយ គឺបំផ្លិចបំផ្លាញអស់ហើយធនធានជលផលសមុទ្រ។ ហើយបើងាកមកព្រៃកោងកាងត្រូវបានទន្ទ្រានកាន់កាប់បំផ្លាញមួយចំនួនទៅ។ ហើយមួយចំនួនទៀត ត្រូវបានគេគប់គិតធ្វើបណ្ណកម្មសិទ្ធិ ហើយងាកទៅក្នុងសមុទ្រ មានទូកប្រើប្រាស់ឧបករណ៍ខុសច្បាប់យ៉ាងច្រើន។ តើបានអីកើតឡើងទៅរួចធនធានជលផលសមុទ្រទៅថ្ងៃមុខ។»

“កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង អ្នកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ដើម្បីបំភ្លឺជុំវិញបទល្មើសនេសាទនៅឃុំថ្មស បាននៅឡើយទេ។ ខណៈ លោក ជាង កៀក មេប៉ុស្តិ៍នគរបាលជើងទឹក ស្រុកស្រែអំបិល ដែលពលរដ្ឋ ចោទប្រកាន់ថា ជាអ្នក បើកដៃឲ្យ អ្នកនេសាទប្រើឧបករណ៍ខុសច្បាប់ ជាថ្នូរទទួលបានសំណូកពុករលួយប្រចាំខែ ក៏មិនទាន់អាចស្នើសុំការបំភ្លឺបានដែរ នៅថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៨៕

អត្ថបទដែលជាប់ទាក់ទង