ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុថា ករណីក្រុមកម្មករខ្មែរផ្ទុះការតវ៉ា ដែលអ្នកម៉ៅការចិន មិនបើកលុយឲ្យជិត៥ខែ បានដោះស្រាយបញ្ចប់ហើយ!

ខេត្តព្រះសីហនុ ៖ ក្រុមកម្មករខ្មែរប្រមាណ២០នាក់ បានប្រមូលផ្តុំគ្នាតវ៉ា ដើម្បីស្នើសុំឲ្យមន្ត្រីថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរស្ថាប័នជំនាញ ជួយអន្តរាគមន៍ឲ្យថៅកែ ឬអ្នកម៉ៅកាសំណង់ជនជាតិចិន នៃអគារភោជនីយដ្ឋាន «ប៉ាន់ តាវ» បើកប្រាក់កម្លាំងញើសឈាម ដែលជំពាក់ជិត៥ខែ ឲ្យបានឆាប់ផង ដ្បិតសំណង់សង់រួចរាល់ ១០០ភាគរយ និងបើកធ្វើអាជីវកម្មទៅហើយ នៅមិនទាន់បើកប្រាក់ឈ្នួល ជូនពួកគាត់នៅឡើយទេ។

ឆ្លើយតបញ្ហានេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងប្រធានមន្ទីរការងារខេត្តព្រះសីហនុ បញ្ជាក់ថា វិវាទនេះ បានដោះស្រាយចប់សព្វគ្រប់រួចរាល់ ១០០ភាគរយហើយ កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឲ្យគេហទំព័រ «កម្ពុជាថ្ងៃនេះ» ដឹងថា ចំពោះវិវាទកម្មករ មិនទាន់ទទួលបានប្រាក់ កម្លាំងពលកម្ម ដែលប្រមូលផ្តុំគ្នាស្នើសុំឲ្យថ្នាក់ដឹកនាំស្ថាប័នជំនាញ ជួយអន្តរាគមន៍ដោះស្រាយ ឲ្យថៅកែអគារ ឬថៅកែសំណង់ជនជាតិចិន បើកប្រាក់ឈ្នួល ដែលជំពាក់ជិត ៥ខែ គឺចាប់ពីខែមករា មកដល់ខែឧសភា ឆ្នាំ ២០២៦នេះ គឺថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានជម្រុញឲ្យ មន្ត្រីជំនាញមន្ទីរការងារ ចុះជួបកម្មករ និងភាគីវិវាទ ដើម្បីឈានទៅសម្របសម្រួល រកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធ ចប់សព្វគ្រប់អស់ហើយ។ លោកថា វិវាទនេះ ខាងមន្ទីរការងារ និងបណ្តុំបណ្តាលវិជ្ជាជីវ ខេត្តព្រះសីហនុ បានប្រញាប់បញ្ជូនមន្ត្រីចុះដល់ទីតាំងកើតហេតុ និងបានអញ្ចើញភាគីវិវាទ មកសម្រុះសម្រួល ដោះស្រាយវិវាទភ្លាមៗ ដោយយកចិត្តទុកដាក់។
កាលពីម៉ោងប្រមាណ ១១ថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឃើញមានកម្មករប្រមាណ២០នាក់ ក្នុងចំណោមកម្មករជាង ៥០នាក់ ដែលមានវិវាទជាមួយ ក្រុមហ៊ុនម៉ៅការសំណង់ ឬ ភោជនីយដ្ឋាន «ប៉ាន់ តាវ» បានមកប្រមូលផ្តុំគ្នាតវ៉ា នៅពីមុខអគារសំណង់ ដែលពួកគេបានចំណាយកម្លាំងជិត ៥ខែ ដើម្បីសាងសង់ មានទីតាំងនៅម្ដុំស្ពានជាប់មាត់សមុទ្រតំបន់កន្ទុយនាគ ឬទីលានសម្តេចតេជោ ស្ថិតតាមផ្លូវ៥០២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដើម្បីស្នើឲ្យមន្ត្រីស្ថាប័នជំនាញ នៃរដ្ឋបាលខេត្តព្រះសីហនុ ជួយអន្តរាគន៍បើកលុយ ដែលថៅកែជំពាក់ជិត ៥ខែ។


លោក ឈើយ ភួន ដែលអះអាងថា ជាតំណាងកម្មករសំណង់ជាង ៥០នាក់ បានសំណូមពរដល់ ថ្នាក់ដឹកនាំមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ពិសេស លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ សូមជួយអន្តរគមន៍ឲ្យម្ចាស់ភោជនីយដ្ឋាន «ប៉ាន់ តាវ) ឬថៅកែសំណង់ខាងលើ បើកប្រាក់ខែ ដែលជំពាក់កម្មករ ជិត ៥ខែកន្លងមកនេះ ឲ្យបានឆាប់ ដ្បិតកំពុងជួបប្រទះការខ្វះខាតខាងជីវភាពធ្ងន់ធ្ងរ។ លោកបន្តថា កម្មករពួកគាត់ មានអ្នកខ្លះ បានជំពាក់លុយធនាគារ និងខ្លះទៀត ត្រូវបីបាច់ចិញ្ចឹមកូន និងឪពុកម្តាយចាស់ជរាថែមទៀត។
តំណាងកម្មកររូបនេះ បន្តថា ដោយសារអស់សង្ឃឹម ថៅកែមិនបើកប្រាក់ខែ អូសបន្លាយពេលយូរខែ ទើបមានកម្មករខ្លះ ក៏បានលះបង់ការទាមទារ និងស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត ដើម្បីបានថវិកាបន្តិចបន្តួច មកចិញ្ចឹមជីវភាពគ្រួសារប្រចាំថ្ងៃ ដោយមិនបានមកចូលរួមប្រមូលផ្តុំគ្នាតវ៉ា និងដាក់ពាក្យបណ្តឹង ឲ្យបានស្រុះគ្នា នៅឡើយទេ។
ឆ្លើយតបបញ្ហានេះ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ខេត្តព្រះសីហនុ បានឲ្យ «កម្ពុជាថ្ងៃនេះ» ដឹងនៅថ្ងៃទីចន្ទ ទី២៥ ខែឧសភានេះថា វិវាទនេះខាងមន្ត្រីមន្ទីរជំនាញ បានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទនេះរួចហើយ។ ហើយក៏បានឯកភាព រវាងភាគីម្ចាស់សំណង់ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករបំរើការងារនៅផ្នែក ដែក នៃអគារសំណង់ ភោជនីយដ្ឋាន «ប៉ាន់ តាវ» ដែលនៅសល់ចំនួន ១៤នាក់ សរុបជាប្រាក់ ដែលមិនទាន់បានបើកសរុបចំនួន ៥,១៥៥ដុល្លារ ដើម្បីបញ្ចប់វិវាទនេះរួចហើយ។
លោកបន្តថា វិវាទនេះ គឺបានដោះស្រាយបិទបញ្ចប់ ត្រឹមល្ងាចថ្ងៃអាទិត្យ ទី២៤ ខែឧសភា។ ប៉ុន្តែសម្រាប់ ក្រុមកម្មករផ្នែកផ្សេង នៃអគារំនង់ ភោជនីយដ្ឋានខាងលើនេះគឺ មន្ត្រីជំនាញ នៅមិនទាន់ទទួលបាន ពាក្យបណ្តឹង ឬកិច្ចស្នើសុំ មកមន្ទីរការងារ ឲ្យជួយអន្តរាគមន៍នៅឡើយទេ គិតត្រឹមល្ងាចថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ៕

អត្ថបទដែលជាប់ទាក់ទង