សកម្មភាពបូមខ្សាច់ លុបព្រៃលិចទឹក យកធ្វើកម្មសិទ្ធិឯកជន បានបន្តកើតមាន នៅស្រុកគីរីសាគរ ខេត្តកោះកុង

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋរស់នៅឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង ព្រួយបារម្ភពីសកម្មភាពបូមខ្សាច់ លុបព្រៃលិចទឹក នៅតំបន់ព្រែកតានូន ដើម្បីយកដីធ្វើកម្មសិទ្ធិ ពីសំណាក់ឧកញ៉ាមានទ្រព្យ ដោយមានការគប់គិតពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកោះកុង។ តែការចោទប្រកាន់នេះ ត្រូវបាន លោកមេឃុំភ្ញីមាស និយាយថា ទីតាំងមានសកម្មភាពបូមខ្សាច់នោះ គឺខាងមន្ត្រីស្ថាប័នជំនាញ ត្រៀមចេញប្លង់កម្មសិទ្ធិ ជូនម្ចាស់កម្មសិទ្ធ ជូនម្ចាស់ដីឆាប់ៗនេះហើយ។

ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិតានី ស្ថិតក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ បង្ហាញភាពអស់ជំនឿទៅលើ មន្ត្រីជាថ្នាក់ដឹកនាំនៅតាមមន្ទីរស្ថាប័នជំនាញ នៃរដ្ឋបាលខេត្តកោះកុង ដែលមិនអាចការពារ ឬថែរក្សាដីព្រៃសាធារណៈ របស់រដ្ឋ ឲ្យបានគង់វង្ស ខណៈសង្កេតឃើញដីព្រៃលិចទឹករាប់សិបហិចតា ត្រូវបានគេប្រើគ្រឿងចក្រឈូសឆាយ និងលក់ដូរបន្ត ជូនអ្នកមានទ្រព្យ យ៉ាងអនាធិបតេយ្យ។

ពលរដ្ឋរស់នៅឃុំភ្ញីមាស ស្នើមិនបង្ហាញអត្តសញ្ញាណ បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងជំនាញពាក់ព័ន្ធថ្នាក់ជាតិ បញ្ជូនមន្ត្រីជំនាញ ឲ្យចុះពិនិត្យសកម្មភាពទន្ទ្រានកាប់ព្រៃលិចទឹក នៅមូលដ្ឋានស្រុកគីរីសាគរ ឲ្យបានឆាប់ ដ្បិតបទល្មើសនេះ មានវិសាលភាពកាន់តែធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាងនេះទៀតពលរដ្ឋ ក៏ស្នើឲ្យក្រុមអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ ជុំវិញសកម្មភាពទន្ទ្រានកាន់កាប់ព្រៃលិចទឹក ក្នុងមូលដ្ឋានខេត្តកោះកុង ឲ្យបានទូលំទូលាយ ខណៈបទល្មើសនេះ ហាក់មានលក្ខណៈ គប់គិតគ្នា រវាងអាជ្ញាធរ និងឈ្មួញដី ដោយយ៉ាងអនាធិបតេយ្យ។

ពលរដ្ឋបន្ថែម ៖ « នៅតំនប់ហ្នឹងពេលទឹកជោរមកម្តងៗត្រូវទឹកលិច ឥឡូវតំបន់ហ្នឹង ខាងបរិស្ថានគេកាប់ព្រៃអស់ហើយៗ ក៏មិនដឹងថា គេលក់ដូរទៅឲ្យអ្នកណាទេ? ហើយស្របច្បាប់ឬមិនស្របច្បាប់អីខ្ញុំមិនបានសួរនាំឲ្យជាក់លាក់ទេ។ ប៉ុន្តែចំពោះការបូមខ្សាច់ហ្នឹង គឺបូមពីក្នុងព្រែកទៅ។ ហើយដីដែលគេបូមខ្សាច់ហ្នឹងមានទំហំធំដែរ។ តែទើបបូមបានបន្តិចទេ គឺបូមចាប់ពីខែមេសា និងដើមខែឧសភានេះ។ ហើយការបូមនេះ មិនដឹងថា ខុសច្បាប់ឬយ៉ាងណាទេ? ព្រោះខ្ញុំ ជាប្រជាពលរដ្ឋ រស់នៅទីនេះឯង។ ហើយខ្ញុំ មើលទៅសកម្មភាពបូមខ្សាច់នេះ ដូចជាមិនសាកសមទាល់តែសោះ។»

ត្រង់ចំណុចនេះ ពលរដ្ឋរស់នៅឃុំភ្ញីមាស ស្នើដល់ថ្នាក់ដឹកក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ បញ្ជូនមន្ត្រីចុះអង្កេត ទៅលើសកម្មភាពបូមខ្សាច់លុបព្រៃលិចទឹក និងប៉ះពាល់ដល់ដីអាស្រ័យផល របស់ពលរដ្ឋពួកគាត់ ដែលបានកើតមាននេះ ដើម្បីផ្តល់យុត្តិធម៌ឲ្យពួកគាត់ផង។ ហើយម្យ៉ាងទៀត ក៏ដើម្បីឈានទៅការពារព្រៃលិចទឹក នៅមូលដ្ឋាននេះឲ្យបានគង់វង្សនាថ្ងៃអនាគត។

ពលរដ្ឋបន្តទៀតថា ៖ « គេបូមខ្សាច់ហ្នឹង នៅមាត់ព្រែកតានូន ព្រែកហ្នឹងធំណាស់ ហើយវាមានព្រៃឈើចម្រុះនៅជុំវិញនោះ។ គេប៉ូមហ្នឹងខ្ញុំ មិនដឹងថា គេធ្វើមានច្បាប់ទម្លាប់ដែរឬអត់ទេយើងអត់ដឹង?។ កន្លែងបូមខ្សាច់ហ្នឹងពេលខែវស្សាលិចទឹក ហើយដល់ខែប្រាំងគោក។ ហើយប្រជាពលរដ្ឋ គាត់ចង់បានដីព្រៃតំបន់ហ្នឹងរក្សាទុកព្រោះនៅក្បែរមាត់ព្រែក ហើយជាព្រៃលិចទឹកទៀត។ ប៉ុន្តែពលរដ្ឋអត់មានសិទ្ធទេ គឺមានតែពឹងពាក់អ្នកសារព័ត៌មានហ្នឹង ឲ្យជួយផ្សព្វផ្សាយ ហើយឲ្យជួយចុះមកពិនិត្យផ្ទាល់មើល តើតំបន់មានសកម្មភាពដាក់ម៉ាស៊ីនប៉ូមខ្សាច់ធ្វើអាជីវកម្មហ្នឹង តើវាត្រូវច្បាប់ ឬខុសច្បាប់? ពលរដ្ឋមិនហ៊ានសន្និដ្ឋានទេ?។»

ពលរដ្ឋផ្សេងទៀត រស់នៅឃុំភ្ញីមាស ក៏បានលើកឡើងពីកង្វល់ នៃការបាត់បង់ដីធ្វើចំការដាំដុះ នៅមាត់ព្រែកតានូន ផ្តើមពីការបូមខ្សាច់ របស់ឈ្មួញ ដែលអាជ្ញាធរមូលដ្ឋាននេះ ហាក់មិនបានជួយឈឺឆ្អាលពីទុក្ខលំបាក់ របស់ពលរដ្ឋពួកគាត់ទេ។ ពលរដ្ឋបន្តថា សកម្មភាពបូមខ្សាច់នេះ បានប៉ះពាល់ដល់ព្រៃលិចទឹក ជាជម្រកត្រីសមុទ្របន្តពូជនៅរដូវទឹកជោឡើងធ្ងន់ធ្ងរថែមទៀត។

លោកឲ្យដឹងបន្ត ៖ « ទង្វើរបស់អាជ្ញាធរ គឺគាត់ធ្វើវាខុសពីគោលការច្បាប់។ ព្រោះរឿងនេះខ្ញុំដឹងពីបញ្ហាដីអូរ ដីព្រែក ដីសមុទ្រ ឬដីបឹង ទាក់ទងការទុកគម្លាតពីដីចំណីព្រែកឬមាត់សមុទ្រជាដើម។ ដូចករណីដីព្រែក មានគម្លាត ២៥ម៉ែត្រពីមាត់ព្រែក។ ហើយក្នុងករណីមានសកម្មភាពបូមខ្សាច់ បានបាក់ដីខ្ញុំ បង្កបង្កើនផលពីចំណីមាត់ព្រែកបាត់ ២៥ម៉ែត្រទៅ។ ហើយផុតពី ២៥ម៉ែត្រហ្នឹងទៀតទៅដីចំណីព្រែកទៀត អញ្ចឹងដីប្រជាជន គង់តែអស់ដដែលហ្នឹង។»

“កម្ពុជាថ្ងៃនេះ”  នៅមិនទាន់អាចទាក់ទង លោក ទួន ឪទី អភិបាលរង ស្រុកគីរីសាគរ បាននៅឡើយទេតាមទូរស័ព្ទ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ ខណៈ លោក ឈិត រតនៈ អ្នកនាំពាក្យ និងជាអភិបាលរងខេត្តកោះកុង ក៏មិនទាន់អាចទាក់ទង ដើម្បីបំភ្លឺបាននៅឡើយដែរ ដោយលិកមិនលើកទូរសព្ទ និងមិនឆ្លើយសារតាម ប្រព័ន្ធតេឡេក្រាម។

ចំណែក លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង បានឲ្យ “កម្ពុជាថ្ងៃនេះ” ដឹងថា រូបលោកនៅមិនទាន់ទទួលបានព័ត៌មាន ករណីបូមខ្សាច់ នៅព្រែកតានូន ក្នុងមូលដ្ឋានឃុំភ្ញីមាស នៅឡើយទេ។ ហើយលោកស្នើឲ្យអ្នកសារព័ត៌មាន សួរទៅលោកមេឃុំភ្ញីមាស ជំនួសវិញ។

លោកបន្តដូច្នេះ៖ « រឿងហ្នឹចាំបងជួបជាមួយមេឃុំភ្ញីមាស ដើម្បីសួររឿងហ្នឹងទៅ?។ ខ្ញុំ អត់ទាន់បានដឹងរឿងហ្នឹងទេ ចាំខ្ញុំ សួរក្រុមការងារខ្ញុំសិន។»

ឆ្លើយតបបញ្ហានេះ លោក ឡុញ សុផល មេឃុំភ្ញីមាស បានប្រាប់សារព័ត៌មានក្នុងស្រុកថា ទីតាំងបូមខ្សាច់នៅមាត់ព្រែកតានូន ដែលពលរដ្ឋ លើកឡើងនោះ គឺជាដីឯកជន របស់ លោកឧកញ៉ា ហៃ លី អៀង រស់នៅទីក្រុងភ្នំពេញ។ ហើយទីតាំងមានការបូមខ្សាច់នេះ ខាងមន្ត្រីស្ថាប័នជំនាញ ក៏ត្រៀមចេញបណ្ណកម្មសិទ្ធិជូនម្ចាស់ដីនេះ ក្នុងពេលឆាប់ៗនេះ។

លោកថា ៖ « បូមខ្សាច់ហ្នឹងដោយមានសំណើរពីប្រជាពលរដ្ឋផ្តិតស្នាមមេដៃជាង ២០នាក់ ដែលស្នើស្តារឃ្លងព្រែកហ្នឹង សម្រាប់ទូកចេញចូល។ ហើយម្ចាស់ដីហ្នឹងគាត់ថា ដីគាត់ហ្នឹង បើគាត់ទិញដីចាក់ក៏បានដែរ ប៉ុន្តែដោយសារតែមានសំណើរពី ប្រជាពលរដ្ឋឲ្យជួយស្តារឃ្លងព្រែកនេះ។ ដីហ្នឹងជាកម្មសិទ្ធ របស់លោកបណ្ឌិត ឧកញ៉ា ហៃ លី អៀង។ ហើយដីហ្នឹងគាត់ទិញដាំដូង នៅជាប់មាត់ព្រែកតានូនហ្នឹង គឺគាត់ទិញពីមុខព្រែករហូតដល់ខាងក្រោយ គឺនៅជាប់ស្នាក់ការបរិស្ថាន នៅឃុំភ្ញីមាសហ្នឹងឯង។ គេមានច្បាប់ធ្វើលើដីហ្នឹងតើ។ ហើយ ដីហ្នឹងគេមានបានចុះបញ្ជី និងចេញប្លង់រឹងស្អែកឬខានស្អែកហ្នឹងហើយ។»

យ៉ាងណា លោក ង៉ែត ស៊ីណាប់ អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកោះកុង ស្នើឲ្យរដ្ឋបាលខេត្តកោះកុង ពិនិត្យករណីទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ឬដីព្រៃសាធារណៈ របស់រដ្ឋ ដែលបានកើតមានជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋាននេះ ឲ្យបានត្រឹមត្រូវឡើងវិញ។ ជាងនេះទៀត ល៏ស្នើឲ្យពលរដ្ឋទាំងអស់ ចូលរួមជួយទប់ស្កាត់បទល្មើសនេះ តាមរយៈការផ្តល់ព័ត៌មាននៃបទល្មើសនេះ ជូនអ្នកសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយផងដែរ។

លោកបន្តថា ៖ « អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យមើល ព្រោះជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវឲ្យអាជ្ញាធរ ចុះធ្វើសកម្មភាពទប់ស្កាត់បញ្ហាទន្ទ្រានកាន់កាប់ហ្នឹង។ រដ្ឋបាលខេត្ត គួរតែពិនិត្យមើល និងទប់ស្កាត់រឿងហ្នឹង ពីព្រោះវាបានបំផ្លាញធនធានធម្មជាតិ នៅក្នុងតំបន់ ធ្វើឲ្យបាត់បង់ជីវៈចម្រុះ ក៏ដូចជាចំណូល របស់សហគមន៍។ នៅគ្រប់កន្លែងទាំងអស់ ដែលយើងមើលឃើញហ្នឹងវាហាក់បីដូចជា ពុំមានការទប់ស្កាត់ ឲ្យបានម៉ឺងម៉ាត់ទេ។»

យ៉ាងណា តាមការអះអាងពីប្រជាពលរដ្ឋ រស់នៅស្រុកគីរីសាគរ ខេត្តកោះកុង បានឲ្យដឹងថា សកម្មភាពន្ទ្រានដីព្រៃលិចទឹក ឬដីព្រៃសាធារណៈ របស់រដ្ឋ ភាគច្រើន នៅមូលដ្ឋានខេត្តកោះកុង គឺផ្តើមចេញពីការគប់គិតគ្នា រវាងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមន្ទ្រីស្ថាប័នជំនាញពាក់ព័ន្ធនានា ជាមួយឈ្មួញ ដោយត្រូវដងត្រូវផ្លែគ្នា លួចលក់ ឬបែងចែកដីព្រៃលិចទឹក ដែលជាដីសាធារណៈ របស់រដ្ឋ ទាំងនោះ ជាបន្តបន្ទាប់ ដោយលក់ចែកផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក ។ ហើយក្នុងនោះ ក្រុមអាជ្ញាធរទាំងនោះ ក៏ថែមទាំងបានគម្រាមប្តឹង ប្រជាពលរដ្ឋទាំងឡាយណា ដែលហ៊ានផ្តល់ព័ត៌មាន ឬក៏ចែករំលែកព័ត៌មាន ជុំវិញភាពមិនប្រក្រតីទាំងនេះ នៅតាមបណ្តាញសង្គមនានាឬផ្តល់ព័ត៌មាន ជូនទៅអ្នកកាសែត ជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង