ពលរដ្ឋរស់នៅស្រុកជាំក្សន្ត ខេត្តព្រះវិហារ ត្រូវអាជ្ញាធរ ហាមឃាត់មិនឲ្យចូលដាំដុះ លើដីធ្លាប់បង្កបង្កើនផង
ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ រស់នៅស្រុកឃុំក្សាន្ត ចោទអាជ្ញាធរពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះវិហារ មិនឲ្យពួកគាត់ ចូលទៅបង្កបង្កើនផលកសិកម្ម ដាំដុះនៅលើដីធ្លាប់អាស្រ័យផលច្រើនឆ្នាំកន្លងមកទៀតទេ។ ខណៈរដូវបង្កបង្កើនផល បានចូលមកដល់ ហើយពួកគាត់ មិនអាចធ្វើស្រែចំការ ឬដាំដុះផលដំណាំ សម្រាប់ចិញ្ចឹមគ្រួសារបានទេ?។
តំណាងពលរដ្ឋ សំណូមពរដល់ប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យជួយអន្តរាគមន៍ អាចឲ្យពួកគាត់ ចូលទៅបង្កបង្កើនផល នៅលើដីធ្លាប់ដាំដុះ ឲ្យបានទាន់រដូវវស្សាផង ដ្បិតពលរដ្ឋពួកគាត់ មិនមានមុខរបរអ្វី ក្រៅតែអំពីការដាំដុះដំណាំកសិម្ម ដើម្បីចិញ្ចឹមជីវិតគ្រួសារនោះទេ?។
ប្រជាពលរដ្ឋចំនួន៤ឃុំ រួមមាន៖ ឃុំ រំដោះស្រែ, ឃុំ ជំាក្សាន្ត, ឃុំ ទឹកក្រហម និងឃុំ ព្រីងធំ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បង្ហាញកង្វល់ពីការបាត់បង់ដីធ្លី និងត្រូវអាជ្ញាធរមូលដ្ឋាននេះ ហាមមិនឲ្យចូលទៅបង្កបង្កើនផលកសិកម្ម នៅលើដីធ្លាប់ដាំដុះអាស្រ័យផល ចាប់ពី ជាង ១០ឆ្នាំ ទៅជាង២០ឆ្នាំនោះ ទៀតទេ។
ផ្តើមពីបញ្ហានេះ ពលរដ្ឋរស់នៅឃុំរំដោះស្រែ ស្នើមិនបង្ហាញអត្តសញ្ញាណ ដោយបារម្ភខ្លាចត្រូវ អាជ្ញាធរស្រុកជាំក្សាន្តគំរាមកំហែង បានសំណូមពរដល់ ថ្នាក់ដឹកនាំរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍ឲ្យពួកគាត់ អាចចូលទៅដំណាំដាំដុះ នៅលើដីធ្លាប់បង្កបង្កើនផល ដែលពលរដ្ឋខ្លះ បានអាស្រ័យផលតាំងពីឆ្នាំ២០១២ ឬក៏ចាប់ពី១០ទៅ២០ឆ្នាំ អាចចេញចូលធ្វើចំការស្រែដូចមុនវិញ?។ ពលរដ្ឋបន្តថា ពេលនេះចូលដល់រដូវវស្សា ដែលត្រូវកសិករដូចពួកគាត់ ធ្វើការដាំដុះផលដំណាំហើយ។ ហើយប្រសិនពួកគាត់ មិនអាចចេញចូលដាំដុះ បាននឹងត្រូវដាច់ពោះស្លាប់ ខណៈជម្លោះព្រំដែន មិនអាចឲ្យពួកគាត់ ចេញស្វែងរកការងារធ្វើ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានទេ។
ពលរដ្ឋបន្តថា ៖ « សុំប្រគល់ដីនេះឲ្យប្រជាជនវិញព្រោះអីប្រជាជនមានច្រើនគ្រួសារណាស់ដែលប៉ះពាល់ គឺចំនួន ៤ឃុំ។ ចង់សុំឲ្យសម្តេច ជួយប្រគល់ដីមកឲ្យប្រជាជនវិញផង។ ចំណុចតាំងពីស្រះម្លេះ រហូតដល់ស្ទឹងតាគៀប ខាងស្រុកជាំក្សាន្ត។ ដីនេះជាដីកសិកម្ម ប្រជាជនអាស្រ័យផលស្រូវនៅលើដីនេះជាប្រចាំរាល់ឆ្នាំ។ អត់ស្រូវអត់ស្រែ តើឲ្យប្រជាជនរំពឹងអី?។ ប្រទេសជាតិ កំពុងមានសង្គ្រាម ហើយមកយកដីប្រជាជនទៀត។ និយាយទៅនៅខេត្តព្រះវិហារហ្នឹងវិវាទដីធ្លីហ្នឹងកើតឡើងស្ទើរគ្រប់ស្រុក អាជ្ញាធរមកយកដីប្រជាជនហ្នឹងឯង។»
ស្រដៀងគ្នាដែរ សម្រាប់ពលរដ្ឋផ្សេងទៀត ក៏បានលើកឡើងថា នៅថ្ងៃសុក្រនេះអាជ្ញាធរស្រុកជាំក្សាន្ត បានចុះមកតម្រូវឲ្យពលរដ្ឋ រស់នៅឃុំរំដោះស្រែ និងឃុំផ្សេងទៀត ផ្តិតស្នាមមេដៃ លើកិច្ចសន្យាមួយច្បាប់ ប៉ុន្តែត្រូវពលរដ្ឋភាគច្រើនបដិសេធ ដោយខ្លាចចាញ់បោកអាជ្ញាធរ នាំឲ្យបាត់បង់ដីធ្លី ដូចធ្លាប់ជួបកន្លងមក។
ត្រង់ចំណុចនេះ ពលរដ្ឋរងគ្រោះ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ជួយពិនិត្យ និងអន្តរាគមន៍មកមន្ត្រីស្រុកជាំក្សាន្ត និងអភិបាលខេត្តព្រះវិហារ បើកផ្លូវឲ្យពលរដ្ឋ អាចចេញចូល ដាំដុះផលដំណាំ នៅលើដីធ្លាប់បង្កបង្កើនផល ដូចពេលមុនវិញ។ ដ្បិតពេលនេះ ពលរដ្ឋពួកគាត់ ត្រូវអាជ្ញាធរស្រុកជាំក្សាន្ត គំរាមនិងហាមមិនឲ្យចូលដាំដុះផលដំណាំផ្សេងៗ នៅលើដី ដែលធ្លាប់អាស្រ័យផលទៀតទេ។
លោកថា ៖ « ឯកសារនោះគេយើងអត់យល់ស្រប គេចុះវាស់វែងឲ្យយើងផ្តិតមេដៃនៅលើឯកសារ ចុះកិច្ចសន្យាសុំអាស្រ័យផល។ ខ្ញុំ មករស់នៅលើដីនេះដប់ឆ្នាំជាងហើយ តាំងពីឆ្នាំ២០១២ មានដាំស្វាយចន្ទី ដាំដំឡូង និងធ្វើស្រែជាដើម។ សំណូមពរសុំចុះធ្វើស្រែវិញ កុំឲ្យគេចាប់ ព្រោះយើងចុះធ្វើៗអត់បានទេឥឡូវនេះ។ គេឲ្យយើងលាយលក្ខអក្សរ ធ្វើកិច្ចសន្យាសុំអាស្រ័យផល ហើយផ្តិតមេដៃ ទើបគេឲ្យទៅធ្វើដីស្រែចំការ។ តែយើងជាម្ចាស់កម្មសិទ្ធិហ្នឹង បែរជាទៅសុំគេវិញ? យើងអាស្រ័យផលយូរណាស់ហើយ ទៅជាយើងទៅសុំអាស្រ័យផលពីគេវិញ?។»

ចំណែក សម្រាប់ស្ត្រីវ័យចំណាស់ម្នាក់ ក៏ថ្លែងហួសចិត្តកាលបើដីស្រែចំការធ្លាប់បង្កបង្កើនផល តាំងពី កូនក្នុងផ្ទៃ របស់គាត់មិនទាន់កើត រហូតដល់ ពេលនេះ គាត់មានចៅទៀត ទៅហើយនោះ បែរជាត្រូវអាជ្ញាធរស្រុកជាំក្សាន្តមកហាម និងគំរាម មិនឲ្យចូលដាំដុះបែបនេះទៅវិញ?។ ពលរដ្ឋថា អន្និច្ចាណាស់ ជម្លោះជាមួយចោរសៀមប្លន់ដី មិនទាន់ដោះស្រាយចប់ផង បែរជាមក ត្រូវអាជ្ញាធរ ខ្លួនឯង មកបង្ខំ មិនឲ្យចូលទៅដាំដុះផលដំណាំ នៅលើដីរបស់ខ្លួនឯងទៅវិញ?។
ស្ត្រីវ័យចំណាស់បន្ថែមថា ៖ « ខ្ញុំចង់បានដីខ្ញុំមកវិញ ខ្ញុំធ្វើតាំងពីម្ភៃសាបសិបឆ្នាំមកហើយ តាំងពីកូនខ្ញុំ មីបងកើតមកអាយុ ៣០ឆ្នាំហើយ។ នៅយូរណាស់ហើយតាំងពីស្រុកមានសង្គ្រាមវៃគ្នាឯណោះ មិនចាំឆ្នាំទេ។ ឥឡូវកូនបងកើតមក ឥឡូវយក ប្តី បានចៅធំប៉ុណ្ណាហ្នីទៀតហើយនេះ។»
វីអូឌី មិនអាចទាក់ទង លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកដីធ្លី ដើម្បីបំភ្លឺជុំវិញករណីខាងលើបានទេ នៅថ្ងៃស្រុក ទី ១៥ ខែឧសភានេះ។ ខណៈ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ក៏មិនអាចទាក់ទងស្នើការបំភ្លឺបានដែរ។
ដោយឡែក លោក សេត ម៉ាប់ មេឃុំរំដោះស្រែ បាននិយាយខ្លីថា មិនបានដឹងរឿង អាជ្ញាធរស្រុកជាំក្សាន្ត ចុះស្រង់ស្ថិតិ ឬមកហាមពលរដ្ឋ មិនឲ្យចូលបង្កបង្កើនផល នៅលើដីធ្លាប់អាស្រ័យផល ក្នុងមូលដ្ឋាននេះទេ។
ទោះជាបែបនេះក្តី លោក ស៊ាំ ស៊ីឃ្លីន អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តព្រះវិហារ យល់ថា គួរតែអាជ្ញាធរ អនុញ្ញាតឲ្យពលរដ្ឋ ចូលដាំដុះនៅលើដីធ្លាប់អាស្រ័យផលជាមុនសិន ព្រោះរហូវនេះ ជារដូវបង្កបង្កើនផលកសិកម្ម។ ប៉ុន្តែបើអាជ្ញាធរបែរជាហាមពួកគាត់ មិនឲ្យដាំដុះបែបនេះ អាចនាំឲ្យពលរដ្ឋ កាន់តែរងទុក្ខវេនាថែមទៀត។
ជាងនេះលោកថា ករណីវិវាទដីធ្លី ដែលដោះមិនចេះចប់ មួយផ្នែកអាចជាកំហុស របស់អាជ្ញាធរផងដែរ ព្រោះនៅពេលពលរដ្ឋ ចូលមកកាប់គាស់ព្រៃ រស់នៅលើដីនោះភ្លាមៗ ហេតុអ្វី ក៏មិនមកហាមឃាត់ ឬប្រាប់គាត់ថាដីនេះជាដីរបស់អ្នកនេះ ឬអ្នកនោះ ដែលមិនអាចឲ្យពលដ្ឋ ចូលមករស់នៅឬកាន់កាប់បានទេ?។ ប៉ុន្តែផ្ទុយទៅវិញ ទុកបណ្តោយឲ្យដល់ពលរដ្ឋ ចូលមកកាប់គាស់ និងអាស្រ័យផលអូសបន្លាយពេល ដប់ឬម្ភៃឆ្នាំ ទើបលេចមុខអាជ្ញាធរ មកមកប្រាប់ពលរដ្ឋរស់នៅលើដីខុសច្បាប់ ឬជាដីកម្មសិទ្ធិអ្នកនេះអ្នកនោះទៅវិញ?។
ត្រង់ចំណុចនេះ លោកស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋាភិបាល គួរពិនិត្យចមពោះវិវាទដីធ្លី កំពុងកើតមាន នៅតាមស្រុកមួយចំនួន ក្នុងខេត្តព្រះវិហារ ឲ្យបានស៊ីជំរៅឡើងវិញ ព្រោះមានក្រុមហ៊ុនខ្លះ ទទួលបានសិទ្ធិវិនិយោគ ក្រោយពេល ពលរដ្ឋ ចូលមកតាំងទីលំនៅ ឬអាស្រ័យផលលើដីជាក់ស្តែងទៅទៀត?។
លោកឲ្យដឹងបន្តដូច្នេះ ៖« បើករណីដីហ្នឹងជាដីរបស់ប្រជាពលរដ្ឋ ដែលគាត់ធ្លាប់អាស្រ័យផលកន្លងមក។ អាជ្ញាធរ ដល់រហូតនេះហើយគួរតែអនុញ្ញាតឲ្យប្រជាពលរដ្ឋ គាត់អាស្រ័យផលសិនចាំសម្របសម្រួល ឬក៏ដោះស្រាយតាមក្រោយក៏វាមិនខាតបង់អីដែរ។ ព្រោះគាត់អាស្រ័យផល វាមិនមែនទៅដាំដំណាំអីដែលមិនអាចប្រមូលផលបានឯណា? វាមានរដូវរបស់វា ប៉ុន្មានខែគាត់អាចប្រមូលផលបានហើយៗផុតប្រមូលផល គាត់អាចចាត់ចែង ឬក៏ដោះស្រាយតាមវិធីសាស្ត្របន្តបន្ទាប់អញ្ចឹងទៅ។ ហើយបើសិនជាបណ្តោយឲ្យ មិនមានដំណោះស្រាយ ហាមឃាត់ៗ ហើយចុះបើអាជ្ញាធរ មានគោលការណ៍ជាក់លាក់ប្រគល់ដីឲ្យប្រជាពលរដ្ឋវិញ ហើយបើហួសរដូវកាលដាំដុះហើយ តើគាត់ត្រូវធ្វើម៉េចវិញ។ អាហ្នឹងហើយជាបញ្ហាប្រឈម នឹងជីវិតប្រចាំថ្ងៃ របស់ពួកគាត់។»
យ៉ាងណា នៅលើកិច្ចសន្យា ដែលអាជ្ញាធរស្រុកជាំក្សាន្ត បានតម្រូវឲ្យពលរដ្ឋចំនួន ៤ឃុំ នៅស្រុកជាំក្សាន្ត បំពេញទិន្នន័យព័ត៌មាន ដូចជា ៖ ចុះឈ្មោះ ភូមិ ឃុំ និងទំហំដីធ្លាប់បង្កបង្កើនផល ចាប់ពីឆ្នាំណាដល់ឆ្នាំណា ដើម្បីដាក់ជូនទៅ លោកអភិបាលស្រុកជាំក្សាន្ត ពិនិត្យ គឺត្រូវពលរដ្ឋចាត់ទុកថា ជាកិច្ចសន្យាមានហានិភ័យខ្ពស់ និងមានចំណុចសង្ស័យច្រើន ដែលឈានទៅបន្លំថា ពួកគាត់ បានផ្តិតស្នាមមេដៃ ប្រគល់ដីធ្លាប់បង្កបង្កើនផល ទៅឲ្យអ្នកផ្សេង ដូចដែលពួកគាត់ ធ្លាប់ជួបកន្លងមក៕


















