សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូចដទៃទៀត
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងសួរនាំរឿងមន្ត្រីកាងជនខិលខូច នាំទុរេនចូលពីថៃ។ សម្តេចតេជោ បានបង្ហាញការហួសចិត្ត ចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលទៅប្រកាសថា ទុរេននោះជាទុរេន ខេត្តកំពង់ចាម។
«ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំ ក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹង បានមានវិធានការហើយនៅ»។
សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តស្វាយរៀង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានេះ មិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាម។មន្ត្រីរូបនេះនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា មន្ត្រីបែបនេះ មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យ របស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន៕


















