សង្គមស៊ីវិល ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតករណី លោក ចេង ស្រុង ចេញប្លង់កម្មសិទ្ធិលើដីចំណីឆ្នេរសមុទ្រ នៅសង្កាត់រាម ក្រុងកំពង់សោម ជូនឈ្មោះ ថាន ចំរើន ថាតើបានអនុវត្តស្របតាមច្បាប់ដែរឬទេ?

ខេត្តព្រះសីហនុ ៖ ​​អ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងសាធារណជនមួយចំនួន ស្នើឲ្យ​អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ អេស៊ីយូ (ACU) បើក​ការស៊ើបអង្កេត ទៅលើករណី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ចេញ​ប្លង់ ឬបណ្ណកម្មសិទ្ធិដី ប៉ះពាល់លើដី​ចំណីឆ្នេរ​ និងក្នុងទឹកសមុទ្រ មានទីតាំងក្នុងភូមិអុង ​សង្កាត់រាម ក្រុងកំពង់សោម ជូនបុគ្គលឯក​ជនម្នាក់ មានលំនៅដ្ឋាននៅរាជធានីភ្នំពេញ ដើម្បីបង្ហាញពី​តម្លាភាព និងយុត្តិធម៌ផ្លូវច្បាប់ សម្រាប់ពលរដ្ឋ​ទាំងអស់គ្នា។

បច្ចុប្បន្ន បុគ្គល ទទួលបានប្លង់កម្មសិទ្ធិ លើដីលើដីសាធារណៈ របស់រដ្ឋ ខាងលើ​ កំពុងសម្រុកដឹកថ្មចាក់លុបឆ្នេរសមុទ្រ និង​សង់សំណង់រឹងមាំ ធំស្កឹមស្កៃ ទាំងមិនទាន់មានច្បាប់សាងសង់ពីអាជ្ញាធរទេ។​

មេដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួន ស្នើឲ្យ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ ក៏ដូចជា ថ្នាក់ដឹកនាំក្រសួងស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ រួមមាន៖ ក្រសួងដែនដី​ , ក្រសួងបរិស្ថាន, គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ (គអឆក) ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ ​ជួយ​បញ្ជូនមន្ត្រី​ចុះស៊ើបអង្កេត ចំពោះ​សកម្មភាពអនុវត្តការងារ របស់ លោក ចេង ស្រុង ប្រធានមន្ទីរ​រៀបចំដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តព្រះសីហនុ ដែលបាន​​​​ចេញប្លង់កម្មសិទ្ធិ​  លើដីចំណីឆ្នេរ​សមុទ្រ ជូនបុគ្គលឯកជន​ឈ្មោះ ថាន ចំរើន មានអាស័យដ្ឋានរស់នៅ​រាជធានីភ្នំពេញ ដើម្បីឲ្យ​​​ប្រាកដថា តើការចេញបណ្ណ​នេះ អនុវត្តស្របតាមច្បាប់ដែរឬទេ?។

លោក សន​ ជ័យ នាយកប្រតិបត្ត​អង្គការ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ (ANSA) បានឲ្យ «កម្ពុជាថ្ងៃនេះ» ដឹងនៅថ្ងៃអង្គារ ទី​១២ ខែឧសភាថា សំណង់ដែលកំពុងចាក់ថ្មចូលសមុទ្រ និងសង់សំណង់រឹងមាំ ​លើចំណីឆ្នេរ និងទឹកសមុទ្រ ​ក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម រាល់ថ្ងៃនេះ ​បានប៉ះពាល់ដល់​បរិស្ថានតំបន់ឆ្នេរ និងបំពានច្បាប់ធ្ងន់ធ្ងរ។

លោកស្នើឲ្យថ្នាក់ដឹកនាំស្ថាប័នជំនាញ ជួយបកស្រាយ ឬចុះស៊ើបអង្កេតករណីនេះជាបន្ទាន់ ថាតើ ការចេញប្លង់កម្មសិទ្ធិលើដីចំណីឆ្នេរសមុទ្រខាងលើនេះ អនុវត្តស្របតាមច្បាប់ឬទេ។ ជាងនេះទៀត ករណីចាក់ថ្មចូលសមុទ្រ និងការសាងសង់​រឹងមាំ​នេះ មានច្បាប់​​​អនុញ្ញាតិ​ឬទេ។ ហើយបើមានច្បាប់ ស្ថាប័នណាជាអ្នកអនុញ្ញាតិ?។

បន្ថែមលើនេះ លោកស្នើឲ្យ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេស លោក ឱម យ៉ិនទៀត ប្រធានអង្គភាពប្រឆាំង​អំពើពុករលួយ ជួយបើកការស៊ើបអង្កេត ទៅលើសកម្មភាព របស់ លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ដែលហ៊ានចេញបណ្ណកម្មសិទ្ធិលើដីចំណីឆ្នេរសមុទ្រ និងក្នុងទឹកសមុទ្រ ជូនបុគ្គលឯកជន ​ឈ្មោះ ថាន ចំរើន ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថមានឋានៈបុណ្យស័ក្តិ​ខ្ពស់ នៅរាជធានីភ្នំពេញ នាំឲ្យ​ប៉ះពាល់ដល់ដីសាធារណៈ របស់រដ្ឋ។ ជានេះទៀត ក៏ដើម្បីបង្ហាញឲ្យសាធារណជន បានដឹងថា  តើការចេញបណ្ណកម្មសិទ្ធិលើដីចំណីឆ្នេរសមុទ្រ នៅសង្កាត់រាមនេះ បានអនុវត្តស្របតាម​ច្បាប់ ឬមួយក៏មានការគប់គិតអ្វីដែរឬទេ? ។ លោកសង្កត់ធ្ងន់ថា ​បើរកឃើញកំហុសឆ្គង គឺត្រូវតែផ្តន្ទាទោស អ្នកជាប់ព័ន្ធទាំងអស់ ឲ្យបានធ្ងន់ធ្ងរ ដើម្បីជាការព្រមាន ប្រយោជន៍ដើម្បីឈានទៅ​ទប់ស្កាត់ រាល់​សកម្មភាព បំផ្លាញធន​ធានរបស់​ជាតិ ដែលនៅសេសសល់ កុំឲ្យបន្តបាត់បង់ តទៅទៀត នាថ្ងៃអនាគត​។

​តាមការកត់សម្គាល់ នៅចុងឆ្នាំ​២០២៥ និងក្នុងត្រីមាសទី១ ​ដើមឆ្នាំ​២០២៦នេះ គេសង្កេតឃើញថា អង្គភាពប្រឆាំងអំពើពុករលួយ បានសកម្ម លើការងារ​ចុះស៊ើបអង្កេត និងចាប់បញ្ជូនមន្ត្រីខិលខូច នៅតាមស្ថាប័នរដ្ឋមួយចំនួន ដែល​គប់គិត ប្រព្រឹត្តិអំពើពុករលួយ ជាច្រើនករណី ​បញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ​ ព្រមទាំង​បាន​ឃុំខ្លួន ដាក់​ពន្ធនាគារជាបន្តបន្ទាប់។ ក្នុងនោះរួមមាន​៖ អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង និងបក្ខពួកសរុបចំនួន៣នាក់  និងមន្ត្រីតុលាការនៅខេត្តពោធិ៍សាត់ជាដើម ពាក់ព័ន្ធអំពើពុករលួយ។

ត្រង់ចំណុចនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ អង្គការលីកាដូ ក៏ថ្លែងរិះគន់ និង​ចាត់ទុកករណី លោក ចេង ស្រុង ចេញប្លង់កម្មសិទ្ធិជូន ឈ្មោះ ថាន ចំរើន លើដីចំណីមាត់សមុទ្រ និងឆ្នេរសមុទ្រជារឿងខុសច្បាប់។ ហើយទាមទារឲ្យ ក្រសួងស្ថាប័នពាក់ព័ន្ធ បើក​ការស៊ើបអង្កេត បញ្ហានេះជាបន្ទាន់ ព្រោះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ​របស់រដ្ឋ ជាពិសេស​តំបន់​ឆ្នេរ ខេត្តព្រះសីហនុ ធ្ងន់ធ្ងរ​។

អ្នកឃ្លាំមើលសង្គមរូបនេះក៏ស្នើឲ្យ អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំង​ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ពិសេស នាយករដ្ឋកម្ពុជា បញ្ជូនមន្ត្រី​ចុះស៊ើបអង្កេត​លើករណី ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជន ប៉ះពាល់​ដីចំណី​ឆ្នេរ ឬមាត់សមុទ្រ ​ ស្ថិតក្នុង​សង្កាត់រាម ក្រុង​កំពង់សោម ឲ្យបានឆា​ប់ ដើម្បីកុំឲ្យរងការរិះគន់ពីសាធារណជន ចំពោះការអនុវត្តច្បាប់មិនស្មើភាពគ្នា រវាងអ្នកមានអំណាច មានឋានៈបុណ្យស័ក្តិខ្ពស់ និងពលរដ្ឋក្រីក្រ​​។

​”កម្ពុជាថ្ងៃនេះ” បានព្យាយាមទាក់ទងតាមទូរស័ព្ទ ទៅ លោក ចេង ស្រុង ប្រធានមន្ទីរ​​សុរិយោដី ខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញករណី ​ចេញប្លង់កម្មសិទ្ធិ ជូនឈ្មោះ ថាន ចំរើន នៅលើចំណីមាត់សមុទ្រ ​នៅភូមិអុង សង្កាត់រាម​បាន​ទេ នៅថ្ងៃអង្គារ​ ទី​១២ ខែឧសភា ឆ្នាំ​២០២៦នេះ។

ទោះជាបែបនេះក្តី  លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានឲ្យកម្ពុជាថ្ងៃនេះដឹងថា ទីតាំងចាក់ថ្មចូលសមុទ្រ និងមាន​សង់សំណង់​​រឹងមាំ​នោះ ​ជាសំណង់សង់មិនទាន់មានច្បាប់អនុញ្ញាតិទេ។ ហើយ​​មន្ត្រីលោក ក៏បានចុះហាមឃាត់ការសាងសង់នេះ ចំនួនពីរដងរួចមកហើយ​ ប៉ុន្តែ​បុគ្គលម្ចាស់សំណង់នេះ នៅតែគឃ្លើនបន្តសាងសង់ ដោយមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរឡើយ។

លោកទទួលស្កាល់ថា បុគ្គល ដែលសំណង់សង់អត់ច្បាប់នេះ គឺពិតជាបានលបលួច សម្រុកដឹកថ្មចាក់ចូល​ក្នុងទឹកសមុទ្រ ដោយម្ចាស់សំណង់នេះ សំអាង​​ថា​មានប្លង់កម្មសិទ្ធិស្របច្បាប់ ចេញដោយ លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ កាលពីខែកញ្ញា ឆ្នាំ​២០២៣។

​​លោកថា រឿងម្ចាស់​សំណង់ មានបណ្ណកម្មសិទ្ធិស្របច្បាប់​ឬបែបណា ជារឿងដោយឡែក រូបលោកមិនលូកមាត់ទេ? ប៉ុន្តែសំណង់សង់អត់ច្បាប់ គឺលោកមិនអនុញ្ញាតិឲ្យមានការសាងសង់ទៀតទេ។ ហើយបើក្នុងករណី ម្ចាស់សំណង់នៅតែចចេសសាងសង់ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

​​យ៉ាងណា​ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក ថាន ចំរើន ម្ចាស់ក្បាលដី​លេខ​៩៩ មានទំហំ ៥០០០ម៉ែត្រការ៉េ បណ្ណកម្មសិទ្ធិ ចុះថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣ ចុះហត្ថលេខា និងបោះត្រា ដោយលោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ ​​មានទីតាំងនៅភូមិអុង សង្កាត់រាម ​​បាននៅឡើយទេ នៅថ្ងៃអង្គារ ទី​១២ ខែឧសភា។ ខណៈ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏មិនទាន់អាចទាក់ទង ដើម្បីបំភ្លឺបានដែរ​ តាមទូរសព្ទ..?​​​។ ​

ត្រង់ចំណុចនេះ សាធារណជន មួយចំនួន បង្ហាញការសោកស្តាយ ដែលធនធានធម្មជាតិមួយចំនួន ដូចជា ៖ ឆ្នេរសមុទ្រ មច្ឆាសមុទ្រ និងព្រៃកោងកាង ដែលជាប្រភពជីវៈចម្រុះបាតសមុទ្រ បានបន្តរងនូវការរំលោភបំពាន ជាបន្តបន្ទាប់ ហើយការទប់ស្កាត់ ហាក់មិនទាន់​មានប្រសិទ្ធភាពទេ។

ច្បាប់នៃព្រះរាជាណាចក្រ​កម្ពុជា ​បានកំណត់ថា ចំពោះការសាងសង់ “សំណង់រឹង” តាមឆ្នេរសមុទ្រ (ដូចជា៖ អគារ កំពង់ផែ ជញ្ជាំង​បេតុង ទំនប់ រមណីយ​ដ្ឋាន ឬសំណង់ពាណិជ្ជកម្មផ្សេងៗ) ត្រូវស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិជាច្រើន ពាក់ព័ន្ធនឹងការគ្រប់គ្រងដីឆ្នេរ បរិស្ថាន និងធនធានធម្មជាតិ..។

​ដោយឡែក ច្បាប់ស្តីពីការគ្រប់គ្រងតំបន់ឆ្នេរគឺ កម្ពុជា មានគោលនយោបាយគ្រប់គ្រងតំបន់ឆ្នេរ ដើម្បីការពារ ៖ ឆ្នេរសមុទ្រ, ព្រៃកោងកាង, ប្រព័ន្ធអេកូឡូស៊ី និង​សិទ្ធិប្រជាពលរដ្ឋ ក្នុ​ងការប្រើប្រាស់ឆ្នេរ​សាធារណៈ។ ហើយជាទូទៅ មិនអនុញ្ញាតឲ្យសាងសង់សំណង់រឹង រំលោភលើដីសាធារណៈ របស់រដ្ឋ ឬរារាំង​ផ្លូវចូលឆ្នេរសមុទ្រនោះទេ។ ហើយ ត្រូវរក្សាចម្ងាយសុវត្ថិភាព ពីខ្សែទឹកជោរ-នាចជាដើម..។​

បន្ថែមលើនេះ ច្បាប់ភូមិបាលឆ្នាំ២០០១ ក៏បានកំណត់ថា៖ ឆ្នេរសមុទ្រ, ព្រែក, សមុទ្រ, និងតំបន់សាធារណៈ ជាទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋ ដែល​មិនអាចកាន់កាប់ធ្វើកម្មសិទ្ធិឯកជន ដោយសេរីបានឡើយ។ ហើយចំពោះ ការសាងសង់លើដីសាធារណៈ ត្រូវមានអាជ្ញាបណ្ណ ឬសម្បទានស្របច្បាប់។

ជាងនេះទៀត​ ​​ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ក៏បានកំណត់ថា រាល់​គម្រោងសំណង់ធំៗ នៅតំបន់ឆ្នេរ ក៏ត្រូវធ្វើ​របាយការណ៍វាយតម្លៃ​ ពីផលប៉ះពាល់បរិស្ថាន (EIA), សិក្សាពីផលប៉ះពាល់លើទឹកសមុទ្រ,​ ​ជលផល ​និង​សហគមន៍ ព្រមទាំង​ត្រូវទទួល​​​​​​ការអនុម័ត​​ពី ​​ក្រសួងបរិស្ថានជាមុនសិន។ ហើយក្នុងករណី គ្មានការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន​ (EIA) ឬបំពានលក្ខខណ្ឌណាមួយ អាជ្ញាធរ អាចចុះផ្អាក​​គម្រោង, ពិន័យ និង​បញ្ជាឲ្យរុះរើសំណង់នោះចោល​៕

អត្ថបទដែលជាប់ទាក់ទង