ជនជាតិប៉ាគីស្ថានពីរនាក់ ចេញប្លន់កក្រើកក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តបន្ទាយមានជ័យ ៖ សាធារណៈជន បង្ហាញការភ្ញាក់ផ្អើល កាលបើទទួលបានព័ត៌មានមកថា មានជនបរទេស ចាប់ផ្តើមចេញធ្វើសកម្មភាពប្លន់ នៅតាមតំបន់ទីប្រជុំជនមួយចំនួន នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបង្កការព្រួយបារម្ភ និងភ័យខ្លាច ដល់ការរស់នៅ និងការប្រកបមុខរបរ របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគទុនជាតិ-អន្តរជាតិ។
សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីម៉ោងជាង ៤ទៀបភ្លឺ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ មានករណីប្លន់ប្រដាប់អាវុធ មួយបានកើតឡើង នៅចំណុចការ៉ាសសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យមួយក្រុម ជិះរថយន្ត ១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខ 2BR-8282 បានធ្វើសកម្មភាព យកអាវុធខ្លីភ្ជង់ និងបាញ់គំរាម ហើយឆក់យកកាបូបស្ពាយពីជនរងគ្រោះ ឈ្មោះ ទូច សុវណ្ណឧត្តម ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាបុគ្គលិកលក់សាំង រួចគេចខ្លួនពីកន្លែងកើតហេតុ ដោយសុវត្ថិភាព។
សមត្ថកិច្ច ឲ្យដឹងថា សម្ភារ ដែលត្រូវក្រុមចោរប្លន់ យកបានពីជនរងគ្រោះ រួមមាន៖ កាបូបស្ពាយចំនួន១ មានលុយសរុប ជិត ៣០០០ដុល្លារអាមេរិក។
ក្រោយពីមានហេតុការណ៍ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ របស់ក្រុមជនសង្ស័យខាងលើ។

សមត្ថកិច្ច ឲ្យដឹងបន្តថា លុះមកដល់ថ្ងៃទី៤ ខែឧសភា វេលាម៉ោង ១៤ និង៣០នាទី ទើបកម្លាំងជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ឈ្មោះ NOMAN MUHAMMAD ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិប៉ាគីស្ថាន និងឈ្មោះ ALI HASSAN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិប៉ាគីស្ថាន ដោយឃាត់ខ្លួន នៅត្រង់ចំណុច ផ្លូវទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមជនសង្ស័យទាំងពីរ បានឆ្លើយប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២៧ ខែមេសា ពួកខ្លួន មានគ្នាចំនួន ៣នាក់ ពិតជាបានធ្វើសកម្មភាព យកអាវុធខ្លីចំនួន ១ដើម ភ្ជង់ជនរងគ្រោះយកកាបូបលុយ នៅចំណុចការ៉ាសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ពិតមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូន ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវីធី និងកំពុងស្រាវជ្រាវជនសង្ស័យម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន។
ដោយឡែក កាលពីម៉ោងជាង ១១យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក៏មានក្រុមជនប្រដាប់អាវុធជនជាតិចិន ចំនួន ២នាក់ បានចេញធ្វើសកម្មភាពប្លន់ ម្ចាស់ហាងបញ្ចាំមួយកន្លែង មានទីតាំងនៅក្នុងក្រុងព្រះសីហនុ រួចគេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ ប៉ុន្តែក្រោយមក ក៏ត្រូវសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឈានទៅចាប់ខ្លួនជនសង្ស័យភ្លាមៗ។
យ៉ាងណាបទល្មើសនេះ បានបង្កការភ្ញាក់ផ្អើល និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុ និងអាជីវករមួយចំនួន ក្នុងមូលដ្ឋានខេត្តជាប់មាត់សមុទ្រមួយនេះ អំពីអសុវត្ថិភាពក្នុងការរស់នៅ និងការប្រកបមុខរបរទទួលទាន។
លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនជាតិចិនទាំងពីរនាក់ ដែលចេញធ្វើសកម្មភាពប្លន់ហាងបញ្ចាំ កាលពីយប់ថ្ងៃទី២៩ ខែមេសា ត្រូវចាប់ខ្លួន ភ្លាមៗក្រោយធ្វើសកម្មភាពល្មើស។ ហើយថា ជនសង្ស័យទាំងពីរខាងលើនេះ បានប្រើប្រាស់កាំភ្លើងជ័រកែឆ្នៃ សម្រាប់ធ្វើសកម្មភាពប្លន់។
តាមការកត់សម្គាល់ ក្រោយពេល រដ្ឋាភិបាល បានបើកយុទ្ធនាការក្តៅ ចុះបង្ក្រាបបទល្មើស Scams Online ចាប់តាំងពីដើមឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា រួចមក គេសង្គេតឃើញថា បច្ចុប្បន្ននេះ មានករណីជនបរទេសមួយចំនួន បានចេញធ្វើសម្មភាពប្លន់ លួចម៉ូតូ និងគាស់ផ្ទះ របស់ប្រជាពលរដ្ឋជាដើម នៅតាមមូលដ្ឋាន តាមបណ្តារាជធានីខេត្តមួយចំនួន បានកើតឡើងគួរឲ្យកត់សម្គាល់ និងគួរឲ្យព្រួយបារម្ភ។
ត្រង់ចំណុចនេះ សាធារណៈជន ក៏ដូចជាប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋាននីមួយៗ បានបង្ហាញការភ័យខ្លាច និងព្រួយបារម្ភចំពោះការរស់នៅ និងការប្រមុខមុខរបរ នាថ្ងៃអនាគត ៕


















