ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់ ពាក់ព័ន្ធ Scams Online

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ឲ្យដឹងថា បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online ជាបន្តបន្ទាប់ ចាប់តាំងពីខែមីនា រហូតដល់ដើមខែឧសភា ឆ្នាំ២០២៦ ឃាត់ខ្លួន ជនបរទេសសរុបជាង ៤,០០០នាក់ (ភាគច្រើនជាជនជាតិចិន, ជនជាតិឥណ្ឌូនេស៊ី និងថៃ)។

​ទីតាំងបង្ក្រាប សរុបជាង ១០ទីតាំងធំៗ ស្ថិតក្នុងក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ដែលរួមមានអគារខ្ពស់ៗ បុរី និងសណ្ឋាគារ។

​យុទ្ធនាការនេះ សៗត្ងកិច្ច ដកហូតបាន សម្ភារបច្ចេកវិទ្យា និងវត្ថុតាង សម្រាប់បម្រើឱ្យសកម្មភាពឆបោកជាច្រើន។

​ការបង្ក្រាបនេះ ធ្វើឡើងតាមបទបញ្ជាលេខ ០១ បប (កក្កដា ២០២៥) និងអនុក្រឹត្យលេខ ០៣ (មករា ២០២៦) របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងស្នាក់នៅប្រមូលផ្តុំ។

​មជ្ឈដ្ឋានមហាជន បានលើកជាចម្ងល់ ចំពោះចំណាត់ការរបស់លោក  រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ហាក់មានការយឺតយ៉ាវ? ហេតុអ្វីបានជាអាជ្ញាធរខេត្ត មិនបង្ក្រាបបទល្មើសទាំងនេះ ពេលនៅមានទ្រង់ទ្រាយតូច?

តើវាអាចទៅរួចទេ ដែលជនបរទេសរាប់ពាន់នាក់ អាចមកស្នាក់នៅ និងធ្វើសកម្មភាពខុសច្បាប់ក្នុងអគារធំៗកណ្តាលក្រុងនេះ ដោយអាជ្ញាធរមូលដ្ឋាន មិនបានដឹងសោះនោះ?

​ចំណុចដែលជាមន្ទិលសង្ស័យរួមមាន៖

១. ការគ្រប់គ្រងស្នាក់នៅ៖ ការហូរចូលនៃជនបរទេសរាប់ពាន់នាក់ ត្រូវតែមានការចុះបញ្ជីស្នាក់នៅច្បាស់លាស់ ហេតុអ្វីទុកឱ្យដល់ថ្នាក់ “ផ្ទុះរឿង” ទើបមានការត្រួតពិនិត្យ?

២. យន្តការបង្ការ៖ បទល្មើស Scams Online មិនមែនកើតឡើងត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះទេ វាទាមទារការរៀបចំបណ្តាញអ៊ីនធឺណិត និងសម្ភារបច្ចេកទេសទ្រង់ទ្រាយធំ។

៣. ទំនួលខុសត្រូវភូមិបាល៖ សំណួរត្រូវបានចោទសួរថា តើកន្លងមកមានការ “ធ្វេសប្រហែស” ឬមាន “ការយោគយល់” ណាមួយនៅពីក្រោយសកម្មភាពទាំងនេះ ទើបបណ្តោយឱ្យវារីករាលដាលដល់ថ្នាក់ក្លាយជាមហារីកសង្គមបែបនេះ?

​ការបង្ក្រាបនៅពេលនេះ ត្រូវបានគេមើលឃើញថាជា “ការដេញតាមវាយពស់តាមក្រោយ” ច្រើនជាងការបង្ការកុំឱ្យកើតមាន ដែលវាបានធ្វើឱ្យប៉ះពាល់ដល់រូបភាពសន្តិសុខ និងកិត្តិយសរបស់ខេត្តជាប់ព្រំដែនមួយនេះរួចទៅហើយ ៕

អត្ថបទដែលជាប់ទាក់ទង