ប្ដីចាក់ប្រពន្ធស្លាប់ នៅស្រុកស្អាង ខេត្តកណ្តាល ដោយភ្លើងប្រចណ្ឌ..

ខេត្តកណ្ដាល៖ សមត្ថកិច្ច មីលដ្ឋាន បានឲ្យដឹងថា មានករណីហិង្សាដ៏រន្ធត់មួយបានកើតឡើង នៅម៉ោង ២៣ និង៣០នាទី យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យនារីម្នាក់ស្លាប់ ក្រោយត្រូវប្ដី របស់ខ្លួន ចាក់នឹងកាំបិតចុងស្រួច។

ជនរងគ្រោះឈ្មោះ ផែន គន្ធា អាយុ ២៦ឆ្នាំ មុខរបរជានារីបម្រើការនៅ ហាងខារ៉ាអូខេ (KTV) ត្រូវជាប្រពន្ធ បានរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យឈ្មោះ សោម សិទ្ធ អាយុ ៣១ឆ្នាំ ត្រូវជាប្ដី ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦។

សមត្ថកិច្ច បញ្ជាក់ថា កន្លងមក ប្ដីប្រពន្ធមួយគូនេះ តែងមានជម្លោះជាគ្នាញឹកញាប់ ដោយសារតែភ្លើងប្រចណ្ឌ ពាក់ព័ន្ធនឹងការងារ របស់ប្រពន្ធ។

សាក្សី បញ្ជាក់ថា នៅយប់កើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយបានឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធ ដែលជាជនរងគ្រោះនៅក្នុងផ្ទះ មុននឹងបន្តមកឈ្លោះប្រកែកគ្នា នៅខាងក្រៅផ្ទះ។ ហើយ អំឡុងពេលនោះ ជនសង្ស័យ ក៏បានយកកាំបិត សម្រាប់បកគល់ខ្ទឹមចាក់ជនរងគ្រោះចំនួនមួយកាំបិត ត្រូវចំឃ្លៀក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងបាក់ផ្លែកាំបិត នៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ ជនសង្ស័យ ក៏បានដឹកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង មុននឹងបញ្ជូនបន្តទៅមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរ ជនរងគ្រោះ ក៏បានស្លាប់នៅមន្ទីរពេទ្យរុស្សី។

នៅចំពោះមុខ សមត្ថកិច្ច នគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចាក់ប្រពន្ធពិតមែន ដោយសារប្រចណ្ឌ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង