សកម្មភាពកាប់បំផ្លាញព្រៃលិចទឹក នៅស្រុកបុទុមសាគរ ខេត្តកោះកុង
ខេត្តព្រះសីហនុ ៖ ពលរដ្ឋ បានអះអាងថា សកម្មភាពទន្ទ្រានកាប់រានដីព្រៃលិចទឹក ដែលជាដីសាធារណៈ របស់រដ្ឋ យកមកធ្វើកម្មសិទ្ធិឯកជន បានបន្តកើតមានយ៉ាងណាធិបតេយ្យ និងគ្មានការបង្ក្រាបពីអាជ្ញាធរពាក់ព័ន្ធទេ។
ពលរដ្ឋស្នើឲ្យ ថ្នាក់ដឹកនាំស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្គេត ករណីមន្ត្រីពាក់ព័ន្ធ បានគប់គិតគ្នា ឲ្យមានសកម្មភាពកាប់រានដីព្រៃសាធារណៈ របស់រដ្ឋ នៅឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ឲ្យបានឆាប់ ដ្បិតមានវិសាលភាពធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋមួយចំនួន ខេត្តកោះកុង បានអះអាងថា សកម្មភាពឈូសឆាយ និងកាប់រានដីលិចទឹក នៅក្នុងបរិវេណឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងឃុំអណ្តូងទឹក បានបន្តកើតមានយ៉ាងអនាធិបតេយ្យ និងគ្មានមន្ត្រីពីស្ថាប័នពាក់ព័ន្ធណាមួយចេញមុខបង្ក្រាប ឬទប់ស្កាត់ទេ។ ហើយថា បទល្មើសនេះ អាចមានជាប់ពាក់ព័ន្ធ រវាងអាជ្ញាធរមូលដ្ឋាន ឃុំអណ្តូងទឹក និងស្រុកបុទុមសាគរ បើកដៃ ឲ្យមានសកម្មភាពកាប់រានព្រៃឈើទាំងនេះ រួចគប់គិតគ្នា លក់បន្តទៅឲ្យឈ្មួញ នៅរាជធានីភ្នំពេញ។
ពលរដ្ឋ មិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា បើគ្មានការទប់ស្កាត់ ឲ្យបានឆាប់ទេ ដីព្រៃបំរុងស្មាច់ និងដីព្រៃកោងកាង មានទីតាំងនៅជាប់មាត់ព្រែកតាអុក ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ នឹងត្រូវរលាយហិនហោច។ ដ្បិតបទល្មើស ឈួសឆាយកាប់រានដីព្រៃ ក្នុងលដ្ឋានខាងលើនេះ មានវិសាលភាពកាន់តែធ្ងន់ធ្ងរ និងមានដីព្រៃប្រមាណជាង ២០ហិចតា ត្រូវបានកាប់បំផ្លាញ។


ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ ស្រុកបុទុមសាគរ សំណូមពរដល់ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ជាពិសេស លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេត ថាតើមានមន្ត្រីពាក់ព័ន្ធរូបណាខ្លះ បានគប់គិតគ្នា បង្កើតឲ្យមានបទល្មើសកាប់រានដីព្រៃសាធារណៈរបស់រដ្ឋ ដោយខុសច្បាប់ ឲ្យដើម្បីនាំខ្លួនទៅផ្តន្ទាទោសតាមច្បាប់។
ប្រភពបន្តថា សកម្មភាពចូលមកកាប់ទន្ទ្រានព្រៃឈើ នៅឃុំអណ្តូងទឹកនេះ បានរីករាយដាល់ខ្លាំង នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ និងបន្តមកដល់ពេលនេះ។
ទោះជាបែបនេះក្តី “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក ឈិត រតនៈ អ្នកនាំពាក្យ និងជាអភិបាលរងខេត្តកោះកុង ដើម្បីបំភ្លឺជុំវិញករណីខាងលើបានទេ នៅថ្ងៃទី២៨ ខែមេសានេះ។ ខណៈ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់អាចទាក់ទងបានដែរ។
ទាក់ទិនបញ្ហានេះដែរ លោក ខេង សំខាន់ អ្នកនាំពាក្យ និងជាអភិបាលរងស្រុកបុទុមសាគរ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃអង្គារ៍នេះថា រូបលោកមិនទាន់ទទួលបានព័ត៌មាន ជុំវិញសកម្មភាពទន្ទ្រាន់កាប់រានដីព្រៃក្នុងមូលដ្ឋាននេះទេ។ ប៉ុន្តែនឹងចាត់ក្រុមការងារចុះទៅពិនិត្យ ដល់ទីតាំងកើតមានបទល្មើសនេះ។
ចំណែក លោក រុន ប្រាវ ប្រធានឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ក៏មិនធ្វើអត្ថាធិប្បាយដែរ ដោយគ្រាន់តែសួរនាំរកទីតាំង កើតមានសកម្មភាពកាប់ទន្ទ្រានដីព្រៃលិចទឹកទាំងនោះ ដើម្បីដាក់របាយការណ៍ជូនទៅថ្នាក់លើ។ លោកស្នើឲ្យទាក់ទងទៅ អាជ្ញាធរស្រុកបុទុមសាគរ ឬថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុងជំនួសវិញ ព្រោះលើសពីដែនសមត្ថកិច្ចរបស់ខ្លួន។
យ៉ាងណាក៏ដោយចុះ ពលរដ្ឋរស់នៅស្រុកបុទុមសាគរ ទទូចថា បើថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មិនមានបទបញ្ជាមក ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង ឲ្យមានវិធានការទប់ស្កាត់ សកម្មភាពឈូសឆាយទន្ទ្រាន់កាប់រានដីព្រៃលិចទឹក នៅឃុំអណ្តូងទឹក ឲ្យបានទាន់ពេលទេ នឹងត្រូវរលាយហិនហោច ដោយការគប់គិតគ្នា រវាង់អាជ្ញាធរមូលដ្ឋាន ជាមួយឈ្មួញមានទ្រព្យជាក់ជាមិនខាន។ ព្រោះជាបន្តបន្ទាប់មកនេះ អាជ្ញាធរខេត្តនេះ ហាក់មិនសូវជួយឈឺឆ្អាលការពារព្រៃឈើ ឬព្រៃលិចទឹក ដែលជាសម្បត្តិសាធារណៈ របស់រដ្ឋ ឲ្យបានគង់វង្សនោះទេ៕


















