ពលរដ្ឋអះអាងថា បទល្មើសចោរកម្ម និងជក់គ្រឿងញៀន កើតមានក្នុងឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត
ខេត្តកំពត ៖ ប្រជាពលរដ្ឋរស់ស្រុកជុំគិរី ខេត្តកំពត បានអះអាងឲ្យ គេហទំព័រ «កម្ពុជាថ្ងៃនេះ» ដឹងកាលពីថ្ងៃទី១៣ ខែមេសាថា សកម្មភាពនៃបទល្មើសចោរកម្ម ល្បែងស៊ីសង និងគ្រឿងញៀន បានបន្តធ្វើសកម្មភាពក្នុងមូលដ្ឋានឃុំច្រេស ហើយគ្មានសមត្ថកិច្ចទប់ស្កាត់ទេ។ ចំណុចនេះ សម្រាប់អ្នកឃ្លាំមើលស្ថានកាករសង្គម មើលឃើញថា ការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព ក្នុងមូលដ្ឋាននេះ បានដាំក្បាលចុះ និងស្នើឲ្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យដោះដូរក្បាលម៉ាស៊ីនដឹក ក្នុងនាំមូលដ្ឋាននេះជាថ្មី ដើម្បីស្អំចិត្តពលរដ្ឋ។
ប្រជាពលរដ្ឋ រស់នៅឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត បានអះអាងថា រាល់ថ្ងៃនេះមូលដ្ឋានរបស់ពួកគាត់ មិនសូវមានសុវត្ថិភាពទេ ខណៈបទល្មើសចោរលួចកាត់ខ្សែភ្លើង ក្រុមក្មេងទំនើង ល្បែងស៊ីសង ល្បែងឆ្នោតកន្ទុយលេខ និងចោរលួចកាត់បង្គោលភ្លើងបំភ្លឺផ្លូវ ឬបង្គោល សឡា នៅម្តុំចំណុចព្រំប្រទល់ខេត្តតាកែវ-កំពត នៃស្រុកត្រាំកក់ និងស្រុកជុំគិរី ត្រូវជនល្មើសលួចកាត់អស់។
ពលរដ្ឋ រស់នៅឃុំច្រេស ឲ្យដឹងបន្តថា បង្គោលភ្លើងបំភ្លឺផ្លូវ ឬបង្គោល សឡា ដែលសប្បុរសជនឧបត្ថម្ភ និងយកមកតម្លើងជូនពលរដ្ឋ សម្រាប់បំភ្លឺផ្លូវ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៣ ឆ្ពោះទៅរម្មណីយដ្ឋានធម្មជាតិម្លេច ត្រូវចោរលួចកាត់រាប់សិបបង្គោល។ ប្រភពដដែលបន្តថា បច្ចុប្បន្នពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកដំណើរឆ្លងកាត់តាមផ្លូវខាងលើ បារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរ ដ្បិតស្ថានភាពផ្លូវស្ងាត់ងងឹតគ្មានភ្លើងបំភ្លឺ។ ហើយផ្លូវនេះ នៅពេលយប់ ក៏មានក្រុមក្មេងទំនើងបានប្រមូលផ្តុំគ្នាជក់គ្រឿងញៀន និងរង់ចាំស្ទាក់ផ្លូវអ្នកដំណើរថែមទៀត។
ពលរដ្ឋបន្ថែមថា រូបគាត់ក៏ដូចជាអ្នកដំណើរដទៃទៀត មានការសោកស្តាយ ដែលបង្គោលសឡារាប់សិបដើម នៅតាមបណ្តោយផ្លូវជាប់ជួរភ្នំនារាយណ៍ ត្រូវចោរលួចអស់គ្មានសល់។ អ្នកស្រីសំណូមដល់ លោកស្នងការនគរបាលខេត្តកំពត បញ្ជូនសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវវែករកមុខសញ្ញាក្រុមចោរ លួចកាត់បង្គោលភ្លើង សឡា នៅមូលដ្ឋានឃុំច្រេស ដើម្បីនាំខ្លួនទៅផ្តន្ទាទោសផង។ ដ្បិតកន្លងមកនេះ មិនដែលឃើញសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ចុះជួយអន្តរាគមន៍វែករកមុខជនល្មើស មកផ្តន្ទាទោសនោះទេ។
កសិករម្នាក់ទៀត រស់នៅឃុំច្រេស ឲ្យដឹងដែរថា បទល្មើសជួញដូរ និងជក់គ្រឿងញៀន, ចោរលួចកាត់ខ្សែភ្លើង, ចោរលួចកាត់បង្គោលភ្លើងសឡាបំភ្លឺផ្លូវ និងល្បែងស៊ីសងជាច្រើនប្រភេទនៅតាមផ្ទះ បានធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ក្នុងមូលដ្ឋាននេះ។ ក្នុងនោះបង្គោល សឡា រាប់សិបដើម នៅតាមផ្លូវជាប់ជើងភ្នំនារាយណ៍ ត្រូវចោរលួចកាត់អស់គ្មានសល់ ក្នុងប៉ុន្មានខែដើមឆ្នាំ២០២៦នេះ។ ហើយ ក្រុមចោរទាំងនោះ បានធ្វើសកម្មភាពនៅពេលយប់ជ្រៅ..។
ទោះជាបែបនេះក្តី នៅមិនទាន់អាចទាក់ទង លោកអធិការស្រុកជុំគិរី និងស្នងការនគរបាលខេត្តកំពត ដើម្បីបញ្ជាក់ជុំវិញ បទល្មើសចោរកម្ម ដែលបានធ្វើសកម្មភាពក្នុងមូលដ្ឋាន ស្រុកជុំគិរីនេះបាននៅឡើយទេ។ ប៉ុនែ្តលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត ធ្លាប់ប្រកាសឲ្យប្រជាពលរដ្ឋ ផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ច ពេលឃើញបទល្មើសកើតឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបញ្ជូនកម្លាំងចុះបង្ក្រាបឲ្យបានទាន់ពេល..។
ទាក់ទិនបញ្ហានេះដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ មើលឃើញថា ការទុកបណ្តោយឲ្យកើតមានបទល្មើសផ្សេងៗ បន្តកើតមាន នៅក្នុងមូលដ្ឋានឃុំច្រេស បង្ហាញពីការខ្ជីខ្ជារ ក្នុងការអនុវត្តបទបញ្ជា ភូមិឃុំសង្កាត់ មានសុវត្ថិភាព ដែលរដ្ឋាភិបាលបានដាក់ចេញទេ។ ហើយភាពអសកម្មនេះ នឹងធ្វើឲ្យពលរដ្ឋអស់ជំនឿ ទៅលើការដឹកនាំ របស់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ក្នុងមូលដ្ឋាននេះ។
អ្នកសិក្សាសង្គមរូបនេះ បានរិះគន់ ចំពោះសមត្ថភាព ដឹកនាំ របស់សមត្ថកិច្ចនគរបាល និងអាជ្ញាធរ ឃុំច្រេស ថាបានបង្ហាញពីភាពកម្សោយ លើការងារថែរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ។ ហើយករណីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏គួរពិនិត្យកែសម្រួលសមាសភាពអាជ្ញាធរ ឬសមត្ថកិច្ច ដឹកនាំ មូលដ្ឋានឃុំច្រេសឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋ ស្ងប់អារម្មណ៍។
គួររំលឹកថា គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” គឺត្រូវបានប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញ ដើម្បីឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតាមរាជធានីខេត្តនានា អនុវត្ត ឲ្យមានប្រសិទ្ធភាព ប្រយោជន៍ឲ្យមូលដ្ឋាននីមួយៗ មានសន្តិសុខ សុវត្ថិភាព និងសុខមាលភាពល្អសម្រាប់ប្រជាពលរដ្ឋ។
គោលនយោបាយនេះ ផ្តោតសំខាន់លើ៧ចំណុចរួមមាន៖ ផ្តល់សេវាសាធារណៈល្អ មានគុណភាព តម្លាភាព និងប្រជាពលរដ្ឋជឿទុកចិត្ត, គ្មានបទល្មើសគ្រប់ប្រភេទដូចជា៖ លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់, មានសណ្ដាប់ធ្នាប់សាធារណៈល្អ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងភាពរញ៉េរញ៉ៃក្នុងសង្គម, គ្មានអំពើហិង្សា និងអំពើអនាចារ, គ្មានការជួញដូរមនុស្ស និងក្មេងទំនើងជាដើម។
យ៉ាងនេះក្តី គោលនយោបាយនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត អះអាងថា ពួកគាត់ហាក់អស់ជំនឿ ទៅលើការផ្តល់ព័ត៌មានជុំវិញបញ្ហាអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋាននេះទៀតហើយ។ ខណៈបទល្មើស ដែលកើតមានក្នុងមូលដ្ឋាននេះ ទាំងលោកមេឃុំ និងមេប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំច្រេស ក៏បានដឹងឮរឿងនេះដែរ ប៉ុន្តែគ្មានវិធានការចុះបង្ក្រាប ឬទប់ស្កាត់ទេ។
ជាងនេះទៀត ចំពោះរាល់ការផ្តល់ព័ត៌មាន របស់ពលរដ្ឋ កន្លងមក គឺសមត្ថកិច្ចមូលដ្ឋាននេះ ហាក់មិនរវល់អើពើនឹងកង្វល់ ឬសំណូមពរ របស់ពលរដ្ឋឡើយ។ ហើយបណ្តោយឲ្យបទល្មើសជួញដូរ និងក្មេងជក់គ្រឿងញៀន ល្បែងស៊ីសង និងចោរកម្ម អាចបន្តធ្វើសកម្មភាព មកដល់ខែមេសា ឆ្នាំ២០២៦នេះ៕


















