សកម្មភាពរុករករ៉ែអនាធិបតេយ្យ បណ្តាលឲ្យស្លាប់មនុស្ស២នាក់

ខេត្តមណ្ឌលគិរី ៖ ពលរដ្ឋ បានឲ្យដឹងថា សកម្មភាព នៃការរុករករ៉ែអនាធិបតេយ្យ តែងតែបង្កឲ្យមានគ្រោះថ្នាក់ជាបន្តបន្ទាប់ គឺមានទាំងរបួស និងស្លាប់។ ជាក់ស្ដែង កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ មានបុរសចំនួន ០២ នាក់ បានស្លាប់ដោយសារដីបាក់សង្កត់ នៅចំណុចភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះទាំងពីរ មានឈ្មោះ ក្រូត នីន ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិព្នង មុខរបរកសិករ និងឈ្មោះ មុិប លើម ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិព្នង។

ជនរងគ្រោះទាំងពីរនាក់ មានកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សាក្សី ដែលជាសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះ និងមនុស្សដទៃទៀតសរុប ៦ នាក់ បានចេញទៅរករ៉ែមាស នៅចំណុចអូរតេ ស្ថិតក្នុងភូមិខ្ទង់។ ពេលទៅដល់ទីតាំងនោះ ពួកគេ បានបែងចែកជាក្រុម និងធ្វើការជីកកកាយដីរៀងៗខ្លួន ដោយរណ្ដៅមានចម្ងាយប្រហែល ៥០ ម៉ែត្រពីគ្នា។

រហូតដល់វេលាម៉ោង ១១:៣០ នាទី ទើបពួកគេ បានឈប់សម្រាកហូបបាយ ខណៈដែលជនរងគ្រោះទាំងពីរនាក់ នៅបន្តធ្វើការជីកដី។ លុះដល់វេលាម៉ោង ១២ និង១០នាទី មានសំឡេងស្រែកថា “ដីបាក់សង្កត់” បន្ទាប់មកអ្នកនៅជិត ក៏បាននាំគ្នាទៅជួយសង្គ្រោះ និងជួយកាយយកអាច៌ដីនោះចេញ។

ទោះយ៉ាងណា ដីដែលបាក់មានទំហំធំខ្លាំង បណ្ដាលឲ្យការជួយសង្គ្រោះមិនទាន់ពេល ហើយជនរងគ្រោះទាំងពីរនាក់ បានស្លាប់នៅកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង