មតិពលរដ្ឋនិងអាជីវករ ជុំវិញយុទ្ធនាការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២២នាក់ និងរិបអូសគ្រឿងញៀនជិត២០០គីឡូក្រាម នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ក្រុមអាជីវករ និងអាណាព្យាបាលមួយចំនួន បង្ហាញការព្រួយបារម្ភអំពីការរីករាលដាល នៃបទល្មើសគ្រឿងញៀន កំពុងចរាចរណ៍ក្នុងមូលដ្ឋាន ខេត្តព្រះសីហនុ ខណៈសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ ហាក់គ្មានលទ្ធភាពទប់ស្កាត់ មិនទាន់មានប្រសិ្ធភាពទេ។
ការព្រួយបារម្ភនេះ កើតឡើងក្រោយពេល កម្លាំងកងអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ និងរិបអូសគ្រឿងញៀនជិត២០០គីឡូក្រាម ព្រមទាំងអាវុធជាតិផ្ទុះ មួយចំនួនទៀត។
អាណាព្យាបាលមួយចំនួន រស់នៅក្រុងព្រះសីហនុ បានបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាព រស់នៅរបស់កូនចៅ ខណៈសង្កេតឃើញថា បទល្មើសគ្រឿងញៀន និងបាញ់បោះសេរី និងឃាតកម្មជាដើម ក្នុងមូលដ្ឋាននេះ បានបន្តកើតមានជាបន្តបន្ទាប់។
ចំណែកក្រុមអាជីវករមួយចំនួនទៀត ក៏បង្ហាញការព្រួយបារម្ភ ខ្លាចមូលដ្ឋាននេះ អាចបាត់បង់ភ្ញៀវទេសចរ និងអ្នកវិនិយោគទុន នៅថ្ងៃអនាគត។ ព្រោះបទល្មើសគ្រឿងញៀន ស្គែមអនឡាញ សកម្មភាពបាញ់បោះសេរី និងឃាតកម្ម បានបន្តកើតមានជាបន្តបន្ទាប់។
ទាំងអាជីវករ និងអាណាព្យាបាល រស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ឲ្យបន្តពង្រឹងសកម្មភាពចុះពិនិត្យ បង្ក្រាបបទល្មើសគ្រឿងញៀន ក៏ដូចជាអាវុធជាតិផ្ទុះនេះ ឲ្យមានប្រសិទ្ធភាព។ ដ្បិត បានបង្កការភ័យខ្លាច និងប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមគ្រួសារជាច្រើនក្នុងមូលដ្ឋាននេះ ដោយបង្កើតឲ្យមានអំពើហិង្សាជាដើម។
ទោះជាបែបនេះក្តី ពលរដ្ឋខ្លះទៀត រស់នៅក្រុងព្រះសីហនុ បានចាត់ទុកយុទ្ធនាការចុះបង្ក្រាបបទល្មើសគ្រឿងញៀន របស់សមត្ថកិច្ចជំនាញខេត្តព្រះសីហនុ ជាបន្តបន្ទាប់កន្លងមកនេះ ថាជាសញ្ញាវិជ្ជមាន សម្រាប់អ្នកវិនិយោគ និងកំណើនភ្ញៀវទេសចរ។
លោក សន ជ័យ នាយកប្រតិបត្តអង្គការ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មើលឃើញថា បទល្មើសដែលកើតឡើងជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ រួមទាំងឃាតកម្ម ស្គែមអនឡាញ បង្ខាំងមនុស្សជំរិតទារប្រាក់ និងគ្រឿងញៀនជាដើមនេះ បង្ហាញពីឲ្យឃើញពីការគ្រប់គ្រងមានការខ្វះចន្លោះ។ ហើយបញ្ហានេះ វានឹងនាំឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងវិនិយោគទុន ជាពិសេសកិត្តិយស ខេត្តព្រះសីហនុ ព្រោះរដ្ឋាភិបាល បានចាត់ទុកខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់មួយ របស់កម្ពុជា។
ដូចគ្នាដែរសម្រាប់ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានថ្លែងសាទរ ចំពោះកិច្ចខំប្រឹងប្រែង របស់សមត្ថកិច្ចជំនាញ ដែលបានខិតខំទប់ស្កាត់ បទល្មើសផ្សេងៗ ដើម្បីរក្សាសុវត្ថិភាពជូនពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ ជាបន្តបន្ទាប់មកនេះ។ ប៉ុន្តែលោកថា ករណីសមត្ថកិច្ចបង្ក្រាបបទល្មើសបានច្រើន គឺស្តែងឲ្យឃើញសញ្ញានៃបទល្មើសកើនច្រើន ក្នុងមូលដ្ឋាននីមួយៗ និងគួរឲ្យបារម្ភ។
លោកបន្តថា បទល្មើសគ្រឿងញៀន ស្គែមអនឡាញ និងឃាតកម្ម ដែលកើតឡើងជាបន្តបន្តបន្ទាប់ ក្នុងខេត្តព្រះសីហនុ បង្ហាញថា ថ្នាក់ដឹកនាំ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងខេត្តនេះ មិនទាន់គ្រប់គ្រងបានល្អ នៅឡើង។
យ៉ាងណាក៏ដោយចុះ លោក ឃាង ភារម្យ មានប្រសាសន៍ថា ចំពោះការបង្ក្រាបបទល្មើសអនឡាញ គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដោយគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ ជាបន្តបន្ទាប់មកនេះ គឺជាសញ្ញាវិជ្ជមាន សម្រាប់ការស្តារទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជា អ្នកវិនិយោគ ឲ្យវិលត្រឡប់ចូលមក ខេត្តព្រះសីហនុវិញ នាថ្ងៃខាងមុខ។
លោកបន្តថា៖ « យើងពិតជាអាចរំពឹងថា នឹងមានកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគច្រើនជាងមុន ប៉ុន្តែវានឹងកើតឡើងជាជំហានៗ។ ការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់នាពេលនេះ គឺជាការបោះទុនដ៏ធំបំផុត សេដ្ឋកិច្ចដ៏រឹងមាំ របស់ខេត្តព្រះសីហនុ»។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅក្នុងសណ្ឋាគារ ស៊ីជី ក្នុង ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់។ រួមមាន ជនជាតិចិនចំនួន១៨នាក់, វៀតណាម ០១នាក់ និងជនជាតិខ្មែរចំនួន ០៣នាក់។ យុទ្ធនាការនេះ កម្លាំងជំនាញ បានដកហូតវត្ថុតាងដកហូតបាន រួមមាន៖ គ្រឿងញៀនសរុបជិត ២០០គីឡូក្រាម អាវុធខ្លី គ្រាប់បែក រថយន្ត ៦គ្រឿង សារធាតុផ្សំគ្រឿងញៀន និងវត្ថុតាងជាច្រើនទៀត។
តាមលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឲ្យដឹងថា តាមចម្លើយសារភាព របស់ជនសង្ស័យខាងលើ និងតាមការស្រាវជ្រាវ របស់ជំនាញ គឺ ឈ្មោះ YU ZHI HUI ភេទប្រុស ជនជាតិចិន សង្ស័យជាមេខ្លោងធំ ក្នុងបទល្មើសនេះ។ ហើយជននេះ កំពុងរត់គេចខ្លួន ។
លោកបន្តថា បច្ចុប្បន្នជនសង្ស័យទាំង ២២នាក់ រួមជាមួយវត្ថុតាង ត្រូវកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី ផលិត ជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្ដនៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
គួររំលឹកថា កាលពីឆ្នាំមុន អាជ្ញាធរខេត្តព្រះសីហនុ បានដុតបំផ្លាញគ្រឿងញៀន សារធាតុញៀនជាង ២តោន និងឧបករណ៍ប្រើប្រាស់ បំរើឲ្យការផលិតគ្រឿងញៀន ដែលរឹបអូសបានពីក្រុមឧក្រិដ្ឋជន ចាប់ពីឆ្នាំ២០២៣ -២០២៤ និងពាក់កណ្តាលឆ្នាំ២០២៥ ៕


















