សមត្ថកិច្ច កំណត់មុខសញ្ញាខ្មាន់កាំភ្លើង បាញ់សម្លាប់ថៅកែកាស៊ីណូម្នាក់ នៅក្រុងព្រះសីហនុបានហើយ!

ខេត្តព្រះសីហនុ ៖  សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានកំណត់មុខសញ្ញា របស់ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ ថៅកែកាស៊ីណូម្នាក់ ស្លាប់ក្នុងថ្លុកឈាម កាលពីយប់ថ្ងៃទី២៣ ខែមីនា នៅក្រុងព្រះសីហនុនោះហើយ។

អ្នកឃ្លាំសង្គម និងអ្នកវិនិយោគវិស័យទេសចរណ៍មួយចំនួន ចាត់ទុកឃាត់កម្មនេះ ថានាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគទុន និងមានហានិភ័យខ្ពស់ ក្នុងការរស់នៅ របស់ពលរដ្ឋក្នុងមូលដ្ឋាននេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក សរ រដ្ឋា បានឲ្យដឹងនៅថ្ងៃអង្គារ ទី៣១ ខែមីនានេះថា កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការរដ្ឋានខេត្តនេះ កំពុងចុះស្រាវជ្រាវ និងបានកំណត់មុខសញ្ញាខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់ ថៅកែកាស៊ីណូយីហោ «ស៊ីនហៅភីក» កាលពីយប់ថ្ងៃទី២៣ ខែមីនានោះហើយ។ តែយ៉ាងណា លោកមិនបានធ្វើអត្ថាធិប្បាយច្រើនទេ ជុំវិញមុខសញ្ញាខ្មាន់កាំភ្លើងនៃឃាតកម្មខាងលើទេ ព្រោះកម្លាំងជំនាញកំពុងធ្វើកិច្ចការងារនេះ។

ប្រភពពីសមត្ថកិច្ច មិនបញ្ហាអត្តសញ្ញាណ បានឲ្យដឹងថា កាលពីម៉ោងជាង ៨យប់ថ្ងៃទី២៣ ខែមីនា មានខ្មាន់កាំភ្លើងមួយក្រុមអាចមានគ្នា ចន្លោះពី ៣ទៅ៤នាក់ បានបើកការបាញ់រះ សម្លាប់ថៅកែកាស៊ីណូ ស៊ីនហៅភីក ស្លាប់ភា្លមៗនៅមុខផ្ទះជួល របស់ជនរងគ្រោះ មានទីតាំងក្បែររោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្រោយធ្វើសកម្មភាព ខ្មានកាំភ្លើងទាំងនោះ បានគេចខ្លួនពីកន្លែងកើតហេតុ ដោយរលូន និងគ្មានការរំខានពីកម្លាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធឡើយ។

មន្ត្រីនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា ជនរងគ្រោះ ក្នុងឃាតកម្មខាងលើ មានឈ្មោះ Lin Bingwen ភេទប្រុស ជនជាតិចិនតៃវ៉ាវ៉ាន់ និងជាថៅកែកាស៊ីណូ ស៊ីនហៅភីក មានទីតាំងនៅក្បែររង្វង់មូលតោពីរ ក្រុងព្រះសីហនុ។

ទាក់ទិនការផ្ទុះអាវុធនេះដែរ សម្រាប់អ្នកឃ្លាំមើលសង្គម អាជីវករ និងពលរដ្ឋមួយចំនួន រស់នៅក្រុងព្រះសីហនុ បានបង្ហាញការព្រួយបារម្ភពីសុវត្ថិភាព ក្នុងការរស់នៅ និងប្រកបរបរទទួលទាន។ ខណៈសង្កេតឃើញថា ជនជាតិចិន តែបង្កបទល្មើស និងមានអាវុធប្រើប្រាស់ស្ទើរគ្រប់ដៃ ហើយសមត្ថកិច្ចគ្មានលទ្ធភាពទប់ស្កាត់ទេ។

ស្ត្រីឈ្មោះ រាម បុប្ផា ជាអាណាព្យាបាលម្នាក់រស់នៅសង្កាត់១ ក្រុងព្រះសីហនុ បានរិះគន់សកម្មភាពដឹកនាំ របស់ស្ថាប័នមានសមត្ថកិច្ចខេត្តនេះ ថាអសមត្ថភាព ក្នុងការដឹកនាំ ព្រោះសង្កេតឃើញមូលដ្ឋាននេះ កើតមានបទល្មើស គ្រឿងញៀន ពេស្យាចារ ស្គែមអនឡាញ ចោរកម្ម ជួញដូរអាវុធ និងបទល្មើសប្រើអាវុធបាញ់បោះអនាធិបតេយ្យជាដើម ដោយគ្មានការទប់ស្កាត់។

អាណាព្យាបាលរូបនេះ បានស្នើដល់ថ្នាក់ដឹកនាំសមត្ថកិច្ចជំនាញ ត្រូវចុះស្រង់ស្ថិតិចំពោះជនចំណូលថ្មី ជាពិសេសជនបរទេស ដែលចូលមករស់នៅ ឬធ្វើការងរនៅក្នុងមូលដ្ឋានរៀងៗ ឲ្យបានច្បាស់លាស់។ ជាងនេះទៀត ក៏ត្រូវពង្រឹងការងារចុះល្បាត របស់ខ្លួន នៅតាមមូលដ្ឋាន ឲ្យបានជាប្រចាំ ជាជាងចេញថតរូបបង្ហោះតាមបណ្តាញសង្គមរួច ក៏នាំគ្នាចាកចេញពីគោលដៅទទួលខុសត្រូវ ដូចធ្លាប់អនុវត្តកន្លងមក។

ចំណែក ម្ចាស់អាជីវកម្មបំរើវិស័យទេសចរណ៍ លោក ឌួង សុភារិទ្ធ រស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបង្ហាញការព្រួយបារម្ភ ចំពោះបទល្មើសប្រើប្រាស់អាវុធ បាញ់បោះអនាធិតេយ្យ ដែលតែងកើតមានជាបន្តបន្ទាប់ក្នុងមូលដ្ឋាននេះ។ ជាពិសេសបទល្មើសជួញដូរអាវុធ ដែលអាចឲ្យជនជាតិចិន អាចទិញប្រើប្រាស់ស្ទើរគ្រប់ដៃ។ ហើយ លោកថា បទល្មើសនេះ អាចនាំឲ្យប៉ះពាល់ដល់ អ្នកវិនិយោគទុន និងកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ខ្លាចរអារមិនហ៊ានចូលមកមូលដ្ឋានច្រើនទេ នៅថ្ងៃខាងមុខ។

ទាក់ទិនបញ្ហានេះដែរ លោក សន ជ័យ នាយកប្រតិបត្ត អង្គការ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានចាត់ទុកឃាត់កម្មទៅលើថៅកែកាស៊ីណូជនជាតិចិនតៃវ៉ាន់ ចំកណ្តាលក្រុងព្រះសីហនុ ហើយនៅចំពោះមុខស្ថាប័នមានសមត្ថកិច្ច ហើយខ្មាន់កាំភ្លើងអាចគេចខ្លួន ដោយសុវត្ថិភាពនេះ បង្ហាញថា ការគ្រប់គ្រងអាវុធជាតិផ្ទុះ របស់សមត្ថកិច្ចជំនាញ នៃរដ្ឋាលខេត្តព្រះសីហនុ មានភាពកម្សោយ។ ហើយបទល្មើសនេះ អាចនាំឲ្យប៉ពាល់ដល់ វត្តមាន ភ្ញៀវទេសចរ និងអ្នកវិនិយោគទុន នាថ្ងៃអនាគត។

ដោយឡែក លោក សេក សុជាតិ អ្នកស្រាវជ្រាវការសិក្សាផ្នែកផ្នត់គំនិត និងស្រាវជ្រាវ ចាត់ទុកឃាតកម្មថៅកែកាស៊ីណូ នៅចំកណ្តាលបេះដូង ក្រុងព្រះសីហនុនេះ បានធ្វើឲ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសប្រទេសកម្ពុជាធ្ងន់ធ្ងរ។ ជាពិសេសបង្ហាញពីភាពទន់ខ្សោយ របស់កម្លាំងសមត្ថកិច្ច លើការងារបង្ក្រាបបទល្មើស ទាក់ទងនឹងអំពើឃាតកម្មនេះ។ លោកបន្តថា ឃាតកម្មនេះ សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ គួរជំរុញសកម្មភាពចុះស្រាវជ្រាវចាប់ខ្លួនជនដៃដល់ មកផ្តន្ទាទោសឲ្យបានឆាប់ ដើម្បីស្តារមុខមាត់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅកម្ពុជាឡើងវិញ។ ហើយក៏ដើម្បីបង្ហាញពីភាពច្បាស់លាស់ក្នុងការអនុវត្តច្បាប់ របស់កម្ពុជា ដើម្បីទាក់ទាញទំនុកចិត្តពីភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិ ដែលមានបំណងចូលមកប្រទេសកម្ពុជា។

យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ CC TIME បញ្ជាក់ថា ជនរងគ្រោះជាថៅកែកាស៊ីណូ ស៊ីនហៅភីក ដែលត្រូវខ្មាំងកំភ្លើងបាញ់សម្លាប់ នៅក្រុងព្រះសីហនុនេះ គឺជាមេឧក្រិដ្ឋជនដ៏ល្បីឈ្មោះម្នាក់ ហើយមានដីកាតាមចាប់ខ្លួន របស់សមត្ថកិច្ចតៃវ៉ាន់ ជាប់ពាក់ព័ន្ធសកម្មភាពលាងលុយកខ្វក់ និងការប្តូរប្រាក់សម្ងាត់។ ហើយជននេះ ក៏បានរត់គេចខ្លួនពីប្រទេសចិន ចូលមករស់នៅ និងបើកកាស៊ីណូរកស៊ី នៅក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង