រាជរដ្ឋាភិបាល បាន​​សម្របសម្រួល​នីតិវិធី​​ លើគម្រោងជាប់គាំង​សរុប​ ៤៦៧គម្រោង​ មាន​ទុន​វិនិយោគ​ប្រមាណ ៨៣៤៣លានដុល្លារ

ខេត្តព្រះសីហនុ ៖  ក្នុងយន្តការថែទាំអ្នកវិនិយោគទុន ថ្នាក់ដឹកនាំ​​រដ្ឋាភិបាល ក៏ដូចជា រដ្ឋបាល​ខេត្ត​ព្រះសី​ហនុ បាន​​បន្តយកចិត្តទុកដាក់ ​សម្របសម្រួល​នីតិវិធី​​នានា ​​ជូន​​វិនិយោគិនជាតិ-អន្តរជាតិ ដែល​គម្រោង​អចលនទ្រព្យ ឬសំណង់អគារ សម្រាប់​ធ្វើអាជីវកម្ម របស់ពួកគេ ត្រូវ​​ជាប់​គាំង​  ក្រោម​​​វិសាលភាព​ “កម្មវិធីពិសេស​​ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”។

បច្ចុប្នន្ន​ គិត​ត្រឹមថ្ងៃទី២៣ ​ខែមីនា ឆ្នាំ​២០២៦នេះ មានគម្រោងគាប់គាំងសរុប​ជាង ៤០០ គម្រោង (៤៦៧គម្រោង​) ត្រូវបានដោះស្រាយ និងទទួលបានលិខិត​​អនុញ្ញាតពីក្រុមការងារ របស់ រដ្ឋាភិបាល។

ក្រុមការងារជំរុញ ការវិនិយោគខេត្តព្រះសីហនុ ប្រកាសដល់ធុរជន និង​វិនិយោគិន ​សូម​ដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”​​ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង​ការសម្រួលនីតិវិធីផ្សេងៗ ជុំវិញគម្រោងវិនិយោគ​អចលនទ្រព្យ ឬសំណង​អគារ​ ជាប់​​គាំង របស់ខ្លួន។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់សារព័ត៌មានក្នុងស្រុក​ថា គិតត្រឹមថ្ងៃចន្ទ ទី២៣ ខែមីនា ​គម្រោងជាប់ទគាំងនានា ដែលក្រុមការងារ ​ដោះស្រាយ​ចប់​ជា​ស្ថាពរ​​ចាប់ពី​​ឆ្នាំ​២០២៤ ដល់​ខែ​មីនា ឆ្នាំ​២០២៦​ សរុប​មានចំនួន ៤៦៧គម្រោង​ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៨៣៤៣លានដុល្លារ។ ក្នុងនោះ គម្រោង​ជាប់គាំង មានចំនួន ២០៩គម្រោង មាន​ទឹក​ប្រាក់​វិនិយោគ ៣៨៦៤លានដុល្លារ។ ​គម្រោងថ្មី​​​ចំនួន ២១៧គម្រោង មានទឹក​ប្រាក់​វិនិយោគ ៣៤៦១ដុល្លារ។ គម្រោងពង្រីកចំនួន ២៦គម្រោង មានទឹក​​ប្រាក់​​វិនិយោគ ៩៧៨លានដុល្លារ។ និងគម្រោងមានស្រាប់ ចំនួន ១៥គម្រោង មានទឹកប្រាក់​វិនិយោគចំនួន ៣៩​​​​លានដុល្លារ។

ដោយឡែក គម្រោងដែលទទួលបាន លិខិតអនុញ្ញាតជាគោល​ការណ៍ សម្រាប់​ឆ្នាំ​២០២៦ គិត​ត្រឹមខែមីនា មានចំនួន ៥៤គម្រោង មានទុនវិនិយោគប្រមាណ ៣០៨លានដុល្លារ។ គម្រោង​​ជាប់គាំងមានចំនួន ១៥គម្រោង ទុនវិនិយោគ ៤៧លានដុល្លារ។ គម្រោងថ្មី ចំនួន ៣៨គម្រោង មានទុនវិនិយោគ ១៧៩លានដុល្លារ និងគម្រោងពង្រីកចំនន ១គម្រោង មានទុនវិនិយោគ ៨០​លានដុល្លារ។

តាម លោក ឃាង​ ភារម្យ រាល់គម្រោង របស់​អ្នកវិនិយោគទុនទាំងជាតិ-អន្តរជាតិ  ទាំងគម្រោង​តូច​ឬធំក្តី គឺបានទទួលសិទ្ធពិសេសដូចគ្នា ​របស់រដ្ឋាភិបាលដូចគ្នា។ ដោយកម្មវិធីនេះ ​មាន​​ក្រុមការងារ រង់ចាំជួយសម្របសម្រួល​ទាំងនីតិវិធី​ផ្នែក​ពន្ធ ផ្នែករដ្ឋបាល និងនីតិវិធីផ្សេងៗទៀត​ ​ដោយយកចិត្តទុកដាក់​។ ​

លោក ស្នើដល់វិនិយោគិន ដែលជួបផលវិបាក លើការងារវិនិយោគ របស់ខ្លួន អាចទាក់ទង​មក​កាន់​ការិយាល័យ​ក្រុងព្រះសីហនុ  តាមរយៈទូរសព្ទ៖ ១២ ៩០២ ២០០ និង ​០១៦ ៣២១ ​និងការិយាល័យរាជធានីភ្នំពេញ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី​២១ សង្កាត់​ជ្រោយចង្វារ រាជធានីភ្នំពេញ ​ទូរស័ព្ទ ៖ ០៩៣ ៨៥៨ ៥៤៣។

​តាមរយៈក្រុមការងារ ​សម្របសម្រួលនីតិវិធី របស់រដ្ឋាភិបាល​ខាងលើនេះ បានទទួលការ​សាទរពី ក្រុម​​វិនិយោទុន​ជាច្រើន ​ទោះបីការ​ក្រុមការងារ​នេះ ​ធ្វើការងារ​ហាក់មានការយឺត​យ៉ា​វ​​​​បន្តិចក្តី។

​ទាក់ទិនបញ្ហានេះដែរ លោក ហ៊ាន សាហ៊ីប ​ប្រធានក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ​ ​បានបញ្ជាក់ថា ក្នុងរយៈពេល​២​ឆ្នាំកន្លងមកនេះ ក្រុមការងារ​រដ្ឋាភិបាល ​បាន​ផ្តល់គោលការណ៍លើកទឹកចិត្តដល់​គម្រោងជាង ៤០០គម្រោង ​មានទុនវិនិយោគប្រមាណជាង ៨ ប៊ីលានដុល្លារ និងបង្កើតការងារជូនពលរដ្ឋ​​ប្រមាណ ៥៥ ០០០​កន្លែង​។ ដោយផ្អែកតាមលទ្ធផលនេះ ទើប រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២​ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧​៕​

អត្ថបទដែលជាប់ទាក់ទង