មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ តម្លៃគ្រឿងសមុទ្រធម្មជាតិស្រស់ៗ លក់កើនតម្លៃបន្តិចបន្តួច ក្នុងបរិបទប្រេងឥន្ទនៈឡើងខ្ពស់

ខេត្តព្រះសីហនុ ៖ លោក ព្រហ្ម វណ្ណដា ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា​ ឆ្នាំ២០២៦នេះ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ​សហការជាមួយ ក្រុមការងារគ្រប់គ្រងផ្សារលើ បាន​ចុះតាមដានតម្លៃទំនិញប្រើប្រាស់ចាំបាច់ ក្នុងបរិបទប្រេងឥន្ទន:ឡើងថ្លៃ​ ជាពិសេស​ គ្រឿងសមុទ្រ ​រួមមាន៖ ក្តាមសេះ​ ក្តាម​ថ្ម​ បង្គារមងច្រើនប្រភេទ បង្គារចិញ្ចឹម មឹក​ច្រើនប្រភេទ  បង្កងប៉ាក និងគ្រែងជាដើម។

លោកបន្តថា តាមរយ:ការស្រង់តម្លៃពីអាជីវករទាំងអស់ ​​ ក្នុងបរិបទវិបត្តិតម្លៃប្រេងឥន្ទន:សកលឡើងថ្លៃនេះ គឺមានទំនិញគ្រឿងសមុទ្រអូសមង និងធម្មជាតិមួយចំនួន បានឡើងថ្លៃក្នុងចន្លោះពី ២០០០រៀល-៥០០០រៀល ក្នុងមួយគីឡូ។ ប៉ុន្តែ សម្រាប់តម្លៃគ្រឿងសមុទ្រចិញ្ចឹម មិនមានការកើនតម្លៃនោះទេ ដូចជា ៖ ​បង្ការ​ស ក្តាមថ្មចិញ្ចឹម ត្រីតុកកែ និងគ្រែង។

បន្ថែមលើនេះ ក្រុម​អាជីវករ ក៏បានលើកឡើងពីបញ្ហាទូកនេសាទមួយចំនួនធំ មិនបានចេញទូកទៅនេសាទ​ទេ ដោយកត្តា ៣យ៉ាងរួមមាន ៖

១. ការផ្លាស់ប្តូរចំណត ​និងកំពង់ទូក

២.​ ការកើនតម្លៃប្រេងឥន្ទន: (ម៉ាស៊ូត)​

៣. មិនហ៊ានចេញរក ខ្លាចខាត ព្រោះរកមិនគ្រប់ថ្លៃប្រេង។

ក្រុមអាជីវករទាំងនោះ បានបញ្ជាក់​ថា ការកើនតម្លៃគ្រឿងសមុទ្រស្រស់ៗនេះ ក៏មិនខុសពីការកើនតម្លៃ ក្នុងរដូវកាលបុណ្យទានប៉ុន្មានដែរ ។ តែកត្តាចម្បង ដែលពួកគាត់លក់មិនសូវដាច់ គឺអតិថិជន (អ្នកទេសចរ)​ គិតថាគ្រឿងសមុទ្រឡើងថ្លៃខ្ពស់ មិនហ៊ានមកលេង និងមិនសូវមានអតិថិជនអ៊ូអរដូចមុន។ ហើយការលក់ របស់អាជីវករទាំងនោះ គឺអាចលក់កើនតម្លៃ ក្នុងមួយគីឡូ​ លើសតម្លៃនាំចូល ៤០០០រៀល ទៅ ៥០០០រៀល ប៉ុណ្ណោះ​។ ហើយពេលខ្លះ ក៏បាន​លក់ក្នុងតម្លៃដើម ដើម្បីកុំឲ្យខាត ឬត្រូវ​ខូចទុកចោល។

លោក ព្រហ្ម វណ្ណដា ​ បានស្នើដល់ អ្នកទេសចរ​ បន្តមកកម្សាន្តនៅខេត្តព្រះសីហនុ ឲ្យបានច្រើន​ និង​ចូលទិញម្ហូបអាហារ គ្រឿងសមុទ្រ យកទៅទទួលទាន ឲ្យបានច្រើនដូចពេលមុន ដ្បិតគ្រឿងសមុទ្រ គឺមានតម្លៃសមរម្យនៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង