ម្ចាស់ទូកនេសាទមួយចំនួន នៅខេត្តព្រះសីហនុ ផ្អាកចេញនេសាទ ព្រោះប្រេងឡើងថ្លៃ ហើយតម្លៃគ្រឿងសមុទ្រស្រស់ៗ ក៏កើនឡើងបន្តិចដែរ

ខេត្តព្រះសីហនុ ៖ ថៅកែទូកនេសាទមួយចំនួន នៅខេត្តព្រះសីហនុ បានផ្អាកចេញធ្វើរបរនសាទសមុទ្រ ជាបណ្តោះអាសន្ន ដោយសារតម្លៃប្រេងឥន្ធនៈកើនខ្ពស់ ខណៈការចេញនេសាទ មិនសូវបានផល នាំឲ្យខាតឡុងចុង។ មន្ត្រីជលផលសមុទ្រ ទទួលស្គាល់ថា ពិតជាមានករណី ម្ចាស់ទូកផ្អាកចេញធ្វើនេសាទពិតមែន។

ម្ចាស់ទូក ឬថៅកែនេសាទមួយចំនួន នៅខេត្តព្រះសីហនុ បានរអ៊ូរទាំថា រាល់ថ្ងៃនេះ ការចេញធ្វើរបរនេសាទរបស់ពួកគាត់ មិនសូវបានផល ឬចាប់ត្រីគ្រប់ប្រភេទ មិនសូវបានទេ។ ខណៈការចំណាយទៅលើប្រេងឥន្ទនៈ មានតម្លៃខ្ពស់ នាំឲ្យពួកគាត់ខាតដើមរាល់ថ្ងៃ។ ម្ចាស់ទូករូបនេះ បន្តថា មានពេលខ្លះ ក្នុងការចុះនេសាទមួយជើង គឺទទួលបានផលជាលុយត្រឹមតែ ១០លានរៀលទេ ប៉ុន្តែការចំណាយទៅលើថ្លៃប្រេងឥន្ទនៈ រហូតដល់ ១២លានរៀល ។ នេះមិនទាន់រាប់ថ្ងៃ ឈ្នួលតៃកុងទូក និ

 

ម្ចាស់ទូកនេសាទម្នាក់ ក្នុងចំណោម អ្នកមានទូកនេសាទច្រើនទៀត រស់នៅតំបន់ទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា​ ​ រាល់ថ្ងៃនេះ ការចេញធ្វើនេសាទសមុទ្រម្តងៗ គឺមិនទទួលបានផលចំណេញទេ ដោយ​សារតម្លៃប្រេងឥន្ននៈកើនខ្ពស់ នាំឲ្យពួកគាត់ ខាតដើមរាល់ថ្ងៃ។

ម្ចាស់ទូក រូបនេះ បញ្ជាក់ទៀតថា រាល់ថ្ងៃនេះ ទូកគាត់ បានចតចោលអស់ហើយ ព្រោះចេញនេសាទ អត់រួចថ្លៃទិញប្រេង និងមិនរួចថ្លៃ ចំណាយទៅលើ តៃកុងទូក និងកូនដៃទេ។ ជួនកាល រកលុយសងថ្លៃប្រេងគេមិនឃើញផង។

ម្ចាស់ទូក បញ្ជាក់ដូច្នេះថា ៖ « មានជើងខ្លះ ចំណាយទៅប្រេងអស់ ១២លានរៀល ហើយចំណូលទទួលបាន មិនដល់ ១០លានរៀល​ផងទេ។ ហើយនៅថ្លៃចំណាយទៅលើកូនដៃ និងថ្លៃតៃកុងទូកទៀត គឺខាតរាល់ជើង »

ម្ចាស់ទូកផ្សេងទៀត នៅតំបន់ស្ទឹងហាវ ខេត្តព្រះសីហនុ ក៏បានសម្រេចចិត្ត មិនចេញទូកនេសាទ ជាបណ្តោះអាសន្ន ដោយរង់ចាំតម្លៃប្រេង ចុះទាបបន្តិចសិន ព្រោះបើចេញនេសាទ គឺមានតែខាតដើម។ ហើយផលនេសាទឆ្នាំនេះ ក៏មិនសូវទទួលបានទៀត។

 

ចំណែក អ្នកលក់គ្រឿងសមុទ្រ ក្នុងផ្សារលើក្រុងព្រះសីហនុ បានឲ្យដឹងដែរថា រាល់ថ្ងៃនេះ អាជីវករពួកគាត់ លក់មិនសូវដាច់ទេ ព្រោះមិនសូវមានភ្ញៀវទេសចរ ចេញចូលផ្សារច្រើនទៀតឡើយ។ ហើយតម្លៃគ្រឿងសមុទ្រ ឬម្ហូបសមុទ្រស្រស់ៗ អ្នកបោះដុំ ក៏បានតម្លើងថ្លៃខ្លះដែរ។ ជាពិសេសក្តាមសមុទ្រជាដើម។

អ្នកលក់រូបនេះ បន្តថា កត្តាប្រេងសាំងឡើងថ្លៃ ទំនងជាដើមចង នាំឲ្យម្ចាស់ទូកនេសាទ ផ្អាកចេញទៅនេសាទ ជាបណ្តោះអាសន្ន ។ ហើយគួបផ្សំ ភ្ញៀវទេសចរ ក៏កាត់បន្ថយធ្វើដំណើរ មកទស្សនាខេត្តព្រះសីហនុ ទើបនាំឲ្យអាជីវករពួកគាត់ លក់មិនដាច់ ។

បញ្ហានេះដែរ លោក ឯម ភា ប្រធានជលផលកំពង់សោម មានប្រសាសន៍ថា រាល់ថ្ងៃនេះ ពិតជាមានម្ចាស់ទូក ឬថៅកែទូកមួយចំនួន បានផ្អាកសកម្មភាព ចេញធ្វើរបរនេសាទពិតមែន បណ្តាលមកពីប្រេងឥន្ទនៈឡើងថ្លៃខ្ពស់។

លោកបន្តថា តម្លៃប្រេងឥន្ធនៈកើននេះ បានបង្ខំឲ្យម្ចាស់ទូកនេសាទមួយចំនួន នៅទំបន់ទំនប់រលក តំបន់ស្ងហាវ និងបណ្តាក្រុង-ស្រុកដទៃទៀត ក្នុងខេត្តព្រះសីហនុ ផ្អាកការចេញធ្វើរបរនេសាទ ជាបណ្តោះអាសន្ន ។

យ៉ាងណា លោក ឯម ភា មិនទាន់មានតួលេខ នៃចំនួនទូកនេសាទ ដែលផ្អាកចេញធ្វើរបរនេសាទ ជាបណ្តោះអាសន្ន ថាមានចំនួនប៉ុន្មានទូក ឲ្យពិតប្រាកដក នៅឡើយទេ។

លោក ឯម ភា ឲ្យដឹងដូច្នេះ៖ « មួយរយៈនេះ ខ្ញុំ ដូចអត់ទាន់ឃើញមាន ការប្រែប្រួលអំពីតម្លៃគ្រឿងសមុទ្រកើនខ្ពស់ នៅឡើយទេ។ ប៉ុន្តែគ្រាន់តែដឹងថា អ្នកនេសាទ ឬទូកនេសាទមួយចំនួន គាត់ផ្អាកការចេញធ្វើនេសាទ ដោយសារប្រេងឡើងថ្លៃ ហើយរង់ចាំប្រេងចុះថ្លៃសិន ទើបចុះនេសាទវិញ។ ហើយរឿងតម្លៃម្ហូបសមុទ្រ ឃើញកន្លែងប្រមូលទិញមួយចំនួន គឺអត់ទាន់ឃើញ មានការប្រែប្រួលអ្វីច្រើនទេ »។

ដោយឡែក លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ក៏ត្រូវបានកាសែត ក្នុងស្រុក ស្រង់សំដីមកចុះផ្សាយថា ប្រសិនបើតម្លៃប្រេងឥន្ទនៈ នៅបន្តឡើងថ្លៃ នឹងមិនអាចជៀសផុត ពីតម្លៃគ្រឿងសមុទ្រកើនខ្ពស់នោះទេ។ ជាងនេះទៀត ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏នឹងអាចថយចុះ ឬពិចារណា មកកម្សាន្តខេត្តព្រះសីហនុ ដែរ។

លោក តាំង សុចិត្រគ្រឹស្នា បន្ថែមថា ៖ «បើសិនជាសកម្មភាពជម្លោះ ឬសង្គ្រាម នៅមជ្ឈិមបូព៌ា នៅតែបន្ត ហើយសាំងនៅតែឡើងថ្លៃយូរ។ ពិតប្រាកដណាស់ នឹងប៉ះពាល់ដល់ភ្ញៀវទេសចរ , តម្លៃដឹកជញ្ជូន ជាពិសេសនឹងមានការឡើងថ្លៃហើយ។ អញ្ចឹងភ្ញៀវ នឹងធ្វើការពិចារណា ក្នុងការធ្វើដំណើរកម្សាន្តខេត្តយើងដែរ។ ហើយពាក់ព័ន្ធនឹងតម្លៃ លើការចំណាយ នៃការធ្វើរបរនេសាទក្តី ក៏នឹងប៉ះពាល់ផងដែរ។ ដោយសារតែគាត់ប្រើប្រាស់ប្រេង ដើម្បីធ្វើនេសាទ ហើយតម្លៃប្រេងកើនខ្ពស់»

ងាកមក លោក ព្រហ្ម វណ្ណដា ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តព្រះសីហនុ ឯណោះវិញ បាននិយាយប្រាប់កាសែតក្នុងស្រុកថា ការផ្អាកធ្វើរបរនេសាទ បណ្តាលមពីប្រេងឡើងថ្លៃនេះ ក៏នឹងកើនខ្ពស់ដល់តម្លៃលក់ នៃគ្រឿងសមុទ្រស្រស់ នៅតាមទីផ្សារនានា ជាក់ជាមិនខានទេ។ លោកបន្តថា តម្លៃអាហារសមុទ្រ ឬគ្រឿងសមុទ្រស្រស់ៗ អាចនឹងកើនខ្ពស់ នៅលើទីផ្សារ នាថ្ងៃខាងមុខ។

លោក ព្រហ្ម វណ្ណដា បន្តថា ៖ « នៅពេលប្រេងឡើងថ្លៃ វាប្រាកដណាស់ គ្រឿងសមុទ្រទាំងអស់ហ្នឹង ក៏ឡើងថ្លៃដែរហើយ។ គួបផ្សំនឹងកត្តាអត់អំណោយផល ក្នុងការស្វែងរកធនធាននេសាទនេះ បានជួបនូវឧបសគ្គមួយចំនួនផង នាំឲ្យការនេសាទមិនសូវបានផល។ ហើយតម្លៃម្ហូបអាហារសមុទ្រនេះ នឹងកើនអូតូម៉ាទិចតែម្តង »។

ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងថា តម្លៃលក់រាយប្រេងឥន្ទៈនៅតាមស្ថានីយនានា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺប្រេងសាំង មានតម្លៃ ៥​៥០០​រៀល ក្នុង ១លីត្រ និងប្រេងម៉ាស៊ូត មានតម្លៃ ៦​៦៥០​រៀល ក្នុង ១លីត្រ​។ ​ហើយថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានរកឃើញថា មានស្ថានីយប្រេងឥន្ធនៈជាង ៤០០ទីតាំង បានបិទទ្វារបណ្ដោះអាសន្ន ដោយសារតែការផ្គត់ផ្គង់មានភាពយឺតយ៉ាវ ៕

អត្ថបទដែលជាប់ទាក់ទង