ពលរដ្ឋមានផ្ទះរស់នៅមុខ អាកាសយានដ្ឋានខេត្តព្រះសីហនុ ស្នើដល់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួយពន្យាពេលរុះរើផ្ទះ

ខេត្តព្រះសីហនុ  ៖ ប្រជាពលរដ្ឋ មានផ្ទះរស់នៅពីមុខរបង អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បង្ហាញផលវិបាកមិនមានពេលគ្រប់គ្រាន់ ដើម្បីរុះរើផ្ទះរបស់ខ្លួន ចេញពីទីទាំងចាស់ ដែលអាជ្ញាធរតម្រូវឲ្យរុះរើទៅកាន់ទីតាំងថ្មី កំណត់ត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ។ ពួកគាត់ សំណូមពរដល់ លោក ម៉ាង ស៊ីណេត រដ្ឋបាលខេត្តព្រះសីហនុ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួយពន្យាពេលរុះរើផ្ទះ ដើម្បីទុកពេលសង់ផ្ទះថ្មី ឲ្យមានដំបូលជ្រកសិន ព្រោះគ្មានកន្កែងស្តុក ឬទុកដាក់សម្ភារៈទេ ខណៈប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ មានភ្លៀងរលឹមជាប់មិនដាច់ ។

ប្រជាពលរដ្ឋមួយចំនួន ស្ថិតក្នុងចំណោមពលរដ្ឋជាង ៦០គ្រួសារ ដែលមានខ្នងផ្ទះ នៅជាប់ពីមុខរបង អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានបង្ហាពីកង្វល់ នៃការដាក់ឱសានវាទ របស់អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ តម្រូវឲ្យពួកគាត់ ត្រូវរុះរើផ្ទះចេញពីទីតាំងចាស់ ទៅកាន់ទីតាំងថ្មី ឲ្យអស់ត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ក្នុងបទសម្ភាស ជាមួយ “កម្ពុជាថ្ងៃនេះ” នៅព្រឹកថ្ងៃទី១២ ខែមីនានេះ ប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា ពួកគាត់បានមករស់នៅទីតាំងខាងលើនេះ ចាប់តាំងពីឆ្នាំ១៩៨៥មកម៉្លេះ ក្រោមការរៀបចំ របស់អាជ្ញាធរជំនាន់នោះ។ ប៉ុន្តែពេលនេះ ត្រូវអាជ្ញាធបច្ចុប្បន្ន តម្រូវឲ្យរុះរើផ្ទះចេញពីទីតាំងធ្លាប់រស់នៅជាង៤០ឆ្នាំ ស្ថិតក្នុងសង្កាត់រាម ក្រុងកំពង់សោម ប្តូរទៅទីតាំងថ្មី ដែលមិនទាន់មានប្រព័ន្ធទឹកភ្លើង ឲ្យបានត្រឹមត្រូវនៅឡើយ។ ជាពិសេសទីតាំងដី ដែលចែកជូននោះ គឺមានទីតាំងខ្លះ មិនអាចសង់ផ្ទះកើតទេ ដោយសារសណ្ឋានដីមិនរាបស្មើ។

ត្រង់ចំណុចនេះ ពលរដ្ឋមួយចំនួន សំណូមពរដល់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជាពិសេស សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  ជួយពន្យាពេលរុះរើផ្ទះ ត្រឹមបំណាច់ខែមីនានេះ ដើម្បីឲ្យពួកគាត់ មានពេលគ្រប់គ្រាន់ សម្រាប់រុះរើផ្ទះចាស់ និងសង់ផ្ទះថ្មី។ ដ្បិតរាល់ថ្ងៃនេះ នៅមូលដ្ឋានពួកគាត់ កំពុងរស់នៅមានភ្លៀងធ្លាក់ និងរលឹមជាប់មិនដាច់។

ពលរដ្ឋទាំងនោះ បញ្ជាក់ថា ពួកគាត់ បានទទួលយកសំណង និងដីសង់ផ្ទះនៅទីតាំងថ្មី តាមការរៀបចំ របស់រដ្ឋបាលខេត្តរួចហើយ គឺមិនជំទាស់ទេ ដោយគ្រាន់តែស្នើសុំពេលវេលារុះរើផ្ទះចាស់ និងសង់ផ្ទះថ្មីតែប៉ុណ្ណោះ ព្រោះគ្មានកន្លែងទុកដាក់អីវ៉ាន។

ស្ត្រីវ័យចំណាស់ផ្សេងទៀត ក៏បានសំណូមដូចគ្នា បុរសខាងលើដែរ ដោយបញ្ជាក់ថា ការកំណត់ថ្ងៃឲ្យរុះរើផ្ទះ ត្រឹមថ្ងៃទី១៥ ខែមីនា គឺវាលឿនពេក ព្រោះពួកគាត់មានតែពីរនាក់ប្តីប្រពន្ធ និងមានវ័យចំណាស់ទៀត។

ចំណែក យុវជនពីរនាក់ផ្សេងទៀត ក៏សំណូមពរដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ និងនាយករដ្ឋមន្ត្រី ជួយពន្យាពេលរុះរើផ្ទះ ដល់បំណាច់ខែមីនានេះផង ព្រោះកំណត់ថ្ងៃរុះរើ ត្រឹមថ្ងៃទី១៥ ខែមីនា ពលរដ្ឋពួកគាត់ រៀបចំមិនទាន់ទេ។

ងាកទៅស្ត្រីម្នាក់ទៀត ដែលពរកូនតូចនៅនឹងដៃ បានបង្ហាញទឹកមុខស្រងោតស្រងាត់ លាយឡំទឹកភ្នែករលីងរលោងថា គ្រួសារគាត់ ទទួលបានសំណងពី រដ្ឋបាលខេត្តចំនួន ៥ពាន់ ៥រយដុល្លារ និងដី ទទឹង ១០ម៉ែត្រ គុណ ២៥ម៉ែត្រ។ ប៉ុន្តែទីតាំងដី របស់គាត់ ទាល់តែទិញដីអាចម៌ដី មកចាក់បន្ថែមទើបអាចសង់ផ្ទះបាន។ ប៉ុន្តែគាត់ថា អាចម៌ដីមានតម្លៃខ្ពស់រហូតដល់ ២៥ដុល្លារ ក្នុងមួយឡាន ហើយត្រូវចាក់រាប់សិបឡានឯណោះ។

ស្ត្រីដែលមានកូន១០នាក់ ក្នុងបន្ទុករូបនេះ ក៏បានសំណូមពរដល់អាជ្ញាធរ ជួយដឹកអាចម៌ដី ចាក់ពង្រាបនៅលើទីតាំងដី ដែលចែកឲ្យគាត់សង់ផ្ទះនោះ ឲ្យបានរាបស្មើផង ព្រោះគ្រួសារគាត់ មានជីវភាពក្រីក្រខ្លាំង គ្មានលុយទិញអាចម៌ដីទេ។

ទោះជាបែបនេះក្តី “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចសុំការបញ្ជាក់ពី លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ជុំវិញកង្វល់ ពលរដ្ឋខាងលើនៅឡើយទេ នៅថ្ងៃទី១២ ខែមីនានេះ។ ប៉ុន្តែលោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម និយាយថា «រូបលោកមិនមានអត្ថាធិប្បាយអ្វីទេ លើសំណូមពរពលរដ្ឋខាងលើនេះទេ ព្រោះរឿងនេះ អាជ្ញាធរ បានរៀបចំជូនពលរដ្ឋ អស់ពេលយូរមកហើយ។ ហើយរាល់ សេចក្តីសម្រេចផ្សេងៗ គឺសម្រេចនៅលើថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះសីហនុឯណោះ។ ហើយរដូវនេះ មិនមែនជារដូវភ្លៀងទេ គ្រាន់តែដោយសារតែការបម្រែបម្រួលអាកាសធាតុទេ »

ទាក់ទិនបញ្ហានេះដែរ លោក ស្រេង វ៉ាន់លី អ្នកឃ្លាំមើលសិទ្ធិមនុស្ស អង្គការលីកាដូ ខេត្តព្រះសីហនុបញ្ជាក់ថា អាជ្ញាធរគួរទុកពេល ឲ្យពលរដ្ឋទាំងនោះ មានពេលគ្រប់គ្រាន់ ដើម្បីរុះរើ និងសង់ផ្ទះ។ ព្រោះពួកគាត់ ក៏បានយល់ព្រមទទួលសំណង និងទទួលយកចំណែកក្បាលដី ដែលរដ្ឋបាលខេត្ត បានផ្តល់ជូននោះរួចហើយ ដោយគ្រាន់តែស្នើសុំព្យាលពេលរុះរើ ឲ្យបានវែងជាងនេះតែប៉ុណ្ណោះ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ  ឲ្យដឹងថា ប្រជាពលរដ្ឋ ដែលមានផ្ទះរស់នៅមុខរបង អាកាសយានដ្ឋានអន្តរជាតិ ឬព្រលានយន្តហោះខេត្តព្រះសីហនុ សរុបមានចំនួនជិត ៤៨ខ្នងផ្ទះ និងមានពលរដ្ឋចំនួន ៦៤គ្រួសារ ៕

 

អត្ថបទដែលជាប់ទាក់ទង