សហគមន៍នេសាទបឹងរាំង ស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ទប់ស្កាត់និងថែរក្សាព្រៃកោងកាង ឬព្រៃលិចទឹក ដែលរងការទន្ទ្រានធ្វើកម្មសិទ្ធិ

ខេត្តព្រះសីហនុ : សហគមន៍នេសាទបឹងរាំង នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រួយបារម្ភពីការរលាយហិនហោចផ្ទៃដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកធនធានជលផលសមុទ្រ និងជីវៈចម្រុះនាថ្ងៃអនាគត។ ខណៈបទល្មើសជីកកាប់រានទន្ទ្រានរានយកដី ធ្វើកម្មសិទ្ធិឯកជន ក្នុងមូលដ្ឋាននេះ កំពុងបន្តសកម្មភាពរាល់ថ្ងៃ និងគ្មានការទប់ស្កាត់។

យ៉ាងណា មន្ត្រីជលផលខេត្តជាប់ឆ្នេរសមុទ្រមួយនេះ បញ្ជាក់ខ្លីថា ទីតាំងនោះ គេមានបណ្ណកម្មសិទ្ធិស្របច្បាប់ និងហួសពីសមត្ថកិច្ចស្ថាប័ននេះដោះស្រាយ។

ប្រជាពលរដ្ឋ សហគមន៍នេសាទបឹងរាំង មានទីតាំងក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអះអាងថា បច្ចុប្បន្ននេះ ដីព្រៃលិចទឹក ឬព្រៃកោងកាង សម្រាប់ជីវៈចម្រុះសមុទ្រលូតលាស់ ត្រូវរងការបំផ្លាញរានយកដីធ្វើកម្មសិទ្ធិឯកជន ជាបន្តបន្ទាប់ និងគ្មានអាជ្ញាធរទប់ស្កាត់ទេ។

ប្រធានសហគមន៍នេសាទបឹងរាំង លោក រឿន រិន បានឲ្យដឹងនៅថ្ងៃពុធ ទី១១ ខែមីនានេះថា សកម្មភាពជីកកាប់រានដីព្រៃកោងកាង ឬព្រៃលិចទឹក នៅក្នុងឃុំសាមគ្គី ដើម្បីរានយកដីធ្វើកម្មសិទ្ធិ ពីបុគ្គលឯកជនមួយចំនួន កំពុងបន្តកើតមានរាល់ថ្ងៃ។ ហើយរូបភាព នៃការបំផ្លាញព្រៃលិចទឹកទាំងនេះ គឺពួកគាត់ បារម្ភឈានទៅ បាត់បងធនធានជលផលសមុទ្រ នាថ្ងៃអនាគត។ ជាពិសេសនាំឲ្យប៉ះពាល់ដល់ការធ្វើរបរនេសាទ របស់ពលរដ្ឋ ថែមទៀត។

លោក រឿន រិន បន្តថា កម្មភាពទន្ទ្រានកាប់រានដីព្រៃលិចទឹក ឬព្រៃកោងកាង នៅក្នុងសហគមន៍បឹងរាំងខាងលើនេះ ប្រជាពលរដ្ឋពួកគាត់ ក៏ធ្លាប់បានរាយការណ៍ជូនទៅ មន្ត្រីជំនាញជលផលកំពង់សោម ក៏ដូចជាមន្ទីរកសិកម្មរួចហើយដែរ។ ប៉ុន្តែមិនឃើញមានចំណាត់ការឲ្យមានប្រសិទ្ធភាពទេ។

ប្រធានសហគមន៍រូបនេះ ថ្លែងអស់សង្ឃឹម ចំពោះភាពសោះអង្គើយ របស់មន្ត្រីជំនាញ ដែលមិនព្រមជួយទប់ស្កាត់សកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃកោងកាង ទៅតាមសំណូមពរ របស់ពួកគាត់។

លោក រឿន រិន សំណូមពរបន្ថែមដូច្នេះ ៖ «សំណូមពរ របស់ខ្ញុំ ក្នុងនាមតំណាងឲ្យគណៈកម្មការសហគមន៍នេសាទបឹងរាំង ខ្ញុំ ចង់ដឹងបញ្ជាក់ពី ដីក្រុមហ៊ុនត្រឹមណា ហើយដីសហគមន៍ធនធានធម្មជាតិ ត្រឹមណាឲ្យពិតប្រាកដក។ ហើយដល់ពេលគាត់មកកាយបាក់បែកព្រៃ ហើយកាយដីទប់នៅសៀរមាត់ព្រែកហ្នឹង មានន័យថា ដីព្រៃកោងកាងទាំងប៉ុន្មាន ដែលនៅក្នុងដែន របស់គាត់ កាយទប់ព្រែកនោះ គឺព្រៃកោងកាងទាំងអស់ហ្នឹង មុននឹងក្រោយ គង់តែងាប់អស់ទេ ព្រោះអត់មាន ទឹកនាជ ឬទឹកជោរចូលដល់ទៀតទេ»។

បន្ថែមលើនេះ លោក រឿន រិន ក៏បានស្នើដល់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ គួរបញ្ឈប់ផ្តល់កម្មសិទ្ធិដីធ្លី ជូនក្រុមហ៊ុន ឬបុគ្គលឯកជន នៅលើផ្ទៃដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាទំជម្រកមច្ឆាសមុទ្របន្តពូជតទៅទៀត។ ដ្បិតបច្ចុប្បន្ននេះ ធនធានជលផលសមុទ្រ ក្នុងខេត្តព្រះសីហនុ ហាក់បានបាត់បង់ជាបណ្តើរៗហើយ ព្រោះតាមរយៈការធ្វើនេសាទ របស់ពលរដ្ឋ មិនសូវទទួលបានផលច្រើនទៀតទេ។

លោកបន្តថា បរិវេណដីព្រៃកោងកាង នៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ គួរត្រូវបានការពារ និងជួយថែរក្សាអភិរក្ស ឲ្យបានគង់វង្ស ដោយមិនត្រូវបន្តចេញបណ្ណកម្មសិទ្ធិ ជូនក្រុមហ៊ុន ឬបុគ្គលឯកជនកាន់កាប់ទៀតឡើយ។ ហើយរដ្ឋាភិបាល ក៏គួរកំណត់ទំហំដីព្រៃកោងកាង ដើម្បីអភិរក្សនិងការពារឲ្យបានច្បាស់លាស់ដែរ។

ទាក់ទិបញ្ហានេះ លោក សុខ សុខុម ប្រធានអង្គការស្រលាញ់ ធនធានធម្មជាតិ ហៅកាត់ ស៊ីអ៊ិនរ៉ូ (CNRO) បានឲ្យដឹងដែរថា ពិតជាមានបទល្មើសកាប់ជីកទន្ទ្រានរានយកដីព្រៃកោងកាង និងព្រៃលិចទឹក នៅក្នុងសហគមន៍នេសាទបឹងរាំង ដូចសហគមន៍លើកឡើងពិតមែន។ ហើយករណីនេះ ទាំងប្រជាពលរដ្ឋ និងសហគមន៍នេសាទ មានការព្រួយបារម្ភ ខ្លាចហិនហោចប្រភពជីវៈចម្រុះ ដែលពួកគាត់រស់អាស្រ័យផល សម្រាប់ដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃ នៅថ្ងៃខាងមុខ។

លោកបន្តថា កន្លងមក ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនេសាទ រស់នៅសហគមន៍ខាងលើនេះ ក៏ធ្លាប់ស្នើសុំឲ្យអាជ្ញាធរ ឬមន្ត្រីជំនាញ ជួយចាត់វិធានការផ្លូវច្បាប់ ដើម្បីថែរក្សាប្រភពជីវៈចម្រុះ នៅមូលដ្ឋានឃុំសាមគ្គី ស្រុកព្រៃនប់នេះដែរ ប៉ុន្តែមិនមានលទ្ធផលទេ។

លោក សុខ សុខុម បន្ថែមថា៖ « ជាសំណូមសូមឲ្យអាជ្ញាធរជំនាញ ទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ទាំងថ្នាក់ជាតិ រួមគ្នាការពារធនធានធម្មជាតិព្រៃកោងកាងហ្នឹង ឲ្យបានគង់វង្ស។ បើមិនដូច្នេះទេ បាត់បង់អស់ហើយ បាត់បងជីវៈចម្រុះឆ្នេរសមុទ្រទាំងអស់ នៅក្នុងដែនសហគមន៍នេសាទហ្នឹងហើយបាទ»។

តាមលោក សុខ សុខុម ព្រៃកោងកាង គឺជាមន្ទីរសម្ភពដ៏មានសារៈសំខាន់បំផុត ក្នុងការបង្កើតមច្ឆាជាតិគ្រប់ប្រភេទ ។ ពិសេសព្រៃកោងកាង ជាប្រភពផ្ទុកកាបូនស្រូបជាតិពុល និងបញ្ចេញអុកស៊ីសែន សម្រាប់មនុស្សជាតិដកដង្ហើមយ៉ាងប្រសើរបំផុត ចំពោះជីវិតមនុស្សលោក។ ហុតដូចនេះ សូមអាជ្ញាធរ និងមន្ត្រីជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ គួរមានវិធានច្បាប់ ឬទប់ស្កាត់បទល្មើសនេះ ឲ្យមានប្រសិទ្ធភាព និងតឹងរឹងបំផុត។

យ៉ាងណាក៏ដោយចុះ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញ បទល្មើសទន្ទ្រានដីព្រៃលិចទឹក ខាងលើបាននៅឡើយទេ កាលពីថ្ងៃពុធ ព្រោះលោកកំពុងជាប់រវល់នេះ។ ប៉ុន្តែ លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បញ្ជាក់ថា បញ្ហាកំពុងកើតមាន ក្នុងសហគមន៍នេសាទបឹងរាំង គឺអ្នកជីកកាប់រាន នៅលើទីតាំងមានព្រៃកោងកាងនោះ គេមានបណ្ណកម្មសិទ្ធិ របស់គេ។ ហើយជំនាញលោក ក៏មិនមានសិទ្ធិរារាំង សកម្មភាព របស់គេទេ។

លោក ឯម ភា ឲ្យដឹងដូច្នេះ ៖« នៅសហគមន៍បឹងរាំង គឺខាងសហគមន៍បានខលមកខ្ញុំដែរ គឺទីតាំងនោះស្ថិតក្នុងទីតាំងដី ដែលគេមានបណ្ណកម្មសិទ្ធិ ហើយខាងជំនាញលោក ក៏មិនដឹងថា ត្រូវធ្វើដូចម្តេចដែរ ព្រោះគេមានបណ្ណមានអីអញ្ចឹង។ ហើយទីតាំងទាំងអស់ហ្នឹង គឺខាងសហគមន៍ និងមន្ត្រី របស់លោក ក៏បានរាយការណ៍មកមកដែរ »។

គួររំឭកឲ្យដឹងផងដែរថា៖ ដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលគ្របដណ្តប់ នៅតាមបណ្តោយតំបន់ឆ្នេរសមុទ្រនានា ក្នុងខេត្តចំនួន៤ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាននីមួយៗ ផ្តល់ព័ត៌មានមកថា បានរង នូវការកាន់កាប់និងកំពុងទន្ទ្រានយកដីធ្វើសកម្មសិទ្ធិ ឯកជនជាច្រើនកន្លែង។ ហើយទីតាំងខ្លះ ត្រូវមន្ត្រីក្រសួងស្ថាប័នជំនាញ បានចេញបណ្ណ័កម្មសិទ្ធិ ជូនបុគ្គលឯកជន មានសិទ្ធិកាន់កាប់ នៅលើដីផ្ទៃដីព្រៃព្រៃលិចទឹក ទាំងនោះស្របច្បាប់ថែមទៀតផង។

ទាក់ទិនការចេញបណ្ណកម្មសិទ្ធិ លើដីព្រៃកោងកាងនេះដែរ នៅក្នុងអាណត្តិដឹកនាំ ដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានចេញលិខិតលេខ ៦១៦ ស.ជ.ណ ក.ស ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ តម្រូវឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិ ឬវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ ការកាន់កាប់ដីរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងអាជ្ញាធរដែនដី ខេត្តជាប់សមុទ្រទាំង៤ ដែលមានការពាក់ពន្ធ័ដីព្រៃកោងកាង និងព្រៃលិចទឹក យកមកទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ គ្រប់គ្រងវិញ។ ហើយរាជរដ្ឋាភិបាល អាណត្តិនោះ ក៏បានស្នើចែកចាយ និងផ្សព្វផ្សាយឯកសារ នៃសេចក្តីសម្រេច របស់រដ្ឋាភិបាលលេខ ៦១៦ និងលេខ ៧៩៩ ដើម្បីឲ្យអាជ្ញាធរដែនដី ស្ថាប័ន អង្គភាព មន្ទីរពាក់ព័ន្ធសហគមន៍ អង្គការដៃគូ បានដឹង និងរួមគ្នាអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅទប់ស្កាត់ និងបង្រ្កាបលើអ្នកទន្ទ្រានកាន់កាប់ លើដីព្រៃកោងកាង និងព្រៃលិចទឹក ឱ្យមានប្រសិទ្ធភាព ។ ប៉ុន្តែជាក់ស្តែង សេចក្តីសម្រេចខាងលើនេះ ហាក់មិនត្រូវបាន មន្ត្រីថ្នាក់ដឹកនាំ ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធអនុត្តទេ។ ភាពសោះអង្គើយនេះ បានបន្តមកដល់ រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ថែមទៀត៕

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង