ព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា-ចិន» ដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ
រាជធានីភ្នំពេញ៖ កម្ពុជា ត្រៀមរៀបចំ “ព្រឹត្តិការណ៍ ទេសចរណ៍ធុរកិច្ច កម្ពុជា-ចិន” រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦ នៅក្រុងព្រះសីហនុ ។
ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះ ឲ្យបានរលូន កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នាក្រុងព្រះសីហនុ លោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរូមជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ដែលមានការចូលរួមពីវិស័យឯកជន ដើម្បីជូនដំណឹង ស្តីអំពីការរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍ធុរកិច្ច កម្ពុជា-ចិន» ឲ្យបានទូលំទូលាយ ។
សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណង សម្រាប់បង្កើនឱកាសជួបពិភាក្សា រវាងវិនិយោគិនកម្ពុជា និងចិន ផ្សព្វផ្សាយអំពីគោលនយោបាយថ្មីៗ និងការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ចំពោះការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឆ្នេរ ។
គម្រោងចុះពិនិត្យទីតាំងជាក់ស្តែង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបណ្តារោងចក្រ សហគ្រាសធំៗ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ ។

នាឱកាសនោះ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាកាលានុវត្តភាពថ្មីមួយ ក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមកស្វែងយល់កាន់តែច្បាស់អំពីការអភិវឌ្ឍន៍ និងសក្តានុពលសេដ្ឋកិច្ច របស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ របស់កម្ពុជា។
ទន្ទឹមគ្នានេះ លោក គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់បណ្តាញសារព័ត៌មាន ទាំងអស់ ជួយជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបានខ្លាំងក្លា ដើម្បីសបញ្ជាក់ពីភាពរីកចម្រើន និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ នៅក្នុងប្រទេសកម្ពុជា ៕


















