បុគ្គលិកអតីកាស៊ីណូជីនប៉ី១ ប្រមូលផ្តុំគ្នាតវ៉ាបើកប្រាក់ខែ ខណៈថៅកែកាស៊ីណូនេះ រត់បាត់ ហើយត្រូវតុលាការបង្កកទ្រព្យសម្បត្តិ និងដកអាជ្ញាបណ្ណ
ខេត្តព្រះសីហនុ ៖ បុគ្គលិកកាស៊ីណូជិនប៉ី១ បានប្រមូលផ្តុំគ្នា លើកបដាតវ៉ា នៅពីមុខទីតាំងកាស៊ីណូជីនប៉ី១ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីស្នើសុំឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជួយអន្តរាគមន៍ឲ្យថៅកែកាស៊ីណូនេះ បើកបៀវត្ស ដែលមិនទាន់បើកចំនួន ១ខែ ជូនពួកគាត់ ។
ក្រោយប្រមូលផ្តុំគ្នា មន្ត្រីមន្ទីរការងារខេត្តព្រះសីហនុ ក៏បានចុះជួប បុគ្គលិកទាំងនោះ និងស្នើឲ្យរំសាយការប្រមូលផ្តុំ រង់ចាំលទ្ធផលការរកដំណោះស្រាយពីថ្នាកដឹកនាំ ។
អតីតបុគ្គលិកកាស៊ីណូជិនប៉ី១ ប្រមាណ ៥០នាក់ ដែលអះអាងថា ជាតំណាងឲ្យបុគ្គលិកជិត ៦០០នាក់ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែមីនានេះ បានប្រមូលផ្តុំគ្នាតវ៉ា ដោយលើកបដា មានរូបថត លោក ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត ផង ដង្ហោយសុំឲ្យជួយអន្តរាគមន៍បើកប្រាក់ខែ ជូនពួកគាត់ចំនួន ១ខែ គិតចាប់ពីថ្ងៃទី២៥ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមីនា ដែលថៅកែកាស៊ីណូនេះ មិនទាន់បើកជូន ។
បុគ្គលិកទាំងនោះ បញ្ជាក់ថា ករណីថៅកែកាស៊ីណូជីនប៉ី១ មិនបើកប្រាក់ខែនេះ គឺពួកគាត់ ធ្លាប់បានដាក់ពាក្យបណ្តឹង និងសុំកិច្ចអន្តរាគមន៍ទៅក្រសួងការងារ ចំនួនពីរខែរួចមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយទេ ទើបងាកប្រមូលផ្តុំគ្នា ស្នើសុំកិច្ចអន្តរាគមន៍ជាថ្មីទៀត ។
នៅក្នុងការប្រមូលផ្តុំគ្នានោះ បុគ្គលិកកាស៊ីណូជីនប៉ី១ បានបញ្ជាក់ថា ៖ « ពួកខ្ញុំធ្វើការឲ្យគេ មិនហ៊ានឈប់សម្រាក់ទេ ។ ទោះឈឺក៏មិនហ៊ានសុំច្បាប់ឈប់ដែរ ប៉ុន្តែចុងក្រោយលុយក៏មិន ។ សូមសម្តេច និងក្រសួងការងារ ជួយអន្តរាគមន៍ បើកប្រាក់ខែជូនពួកខ្ញុំផង។ ព្រោះពេលនេះ ថៅកែរត់បាត់ហើយ ។ អរគុណសន្តិភាព »។
យ៉ាងណា ការប្រមូលផ្តុំតវ៉ានេះ ត្រូវបានប្រកាសរំសាយវិញ នៅវេលាថ្ងៃត្រង់ ថ្ងៃដដែលនេះ បន្ទាប់ពីមានមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីមន្ទីរការងារ ខេត្តព្រះសីហនុ បានចុះទៅជួបបុគ្គលិកទាំងនោះ និងធានាជួយសម្របសម្រួល ដើម្បីឈានទៅបើកប្រាក់ខែ ជូនពួកគេ ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និយាយប្រាប់សារព័ត៌មាន ក្នុងស្រុកថា មន្ត្រីជំនាញ បានចុះទៅជួប បុគ្គលិកដែលប្រមូលផ្តុំគ្នាតវ៉ានោះហើយៗ រឿងនេះ អាចសួរទៅប្រធានមន្ទីរការងារ ខេត្តព្រះសីហនុ ទើបដឹងរឿងជាង ។

ឆ្លើយតបបញ្ហានេះ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ ត្រូវបានកាសែតក្នុងស្រុក ដកស្រង់សំដីមកចុះផ្សាយ នៅថ្ងៃព្រហស្បត្តិ៍នេះថា មន្ទីរទទួលបានពាក្យបណ្តឹង របស់បុគ្គលិកកាស៊ីណូជីនប៉ី១នេះ រួចហើយៗ ក៏កំពុងជួយសម្របសម្រួល វិវាទនេះជូនពួកគាត់ ចប់ឲ្យបានឆាប់ដែរ ។
លោកបន្តថា « ករណីបុគ្គលិកជីនប៉ី១នេះ គឺថ្នាក់ដឹកនាំក្រសួងការងារ និងក្រសួងមហាផ្ទៃ កំពុងស្វះស្វែងជួយរកដំណោះស្រាយជូនពួកគាត់។ ខណៈថៅកែ បានរត់បាត់ និងមិនទាន់មានតំណាងចូលខ្លួនមកដោះស្រាយ នៅឡើយទេ។ ហើយកាស៊ីណូនេះ ក៏ត្រូវបានតុលាការបិទទ្វារ និងបង្កកទ្រព្យសម្បត្តិអស់ហើយ ព្រោះមានជាប់ពាក់ព័ន្ធ នឹងមេឧក្រិដ្ឋជន ជិន ស៊ី ដែលរដ្ឋាភិបាល ចាប់បញ្ជូនខ្លួនទៅប្រទេសចិន ថ្មីៗនេះ» ។
លោក ខេមរា បញ្ជាក់ថា ករណីកាស៊ីណូជីនប៉ីនេះ គឺនៅក្រុងព្រះសីហនុ មានបីទីតាំង គឺជីនប៉ីន១ ជីនប៉ី២ និងជីនប៉ី៣។ ដោយឡែកជីនប៉ី២ និងជីនប៉ី៣ ក្រសួងបានសម្របសម្រួលដោះស្រាយ បើកប្រាក់ខែជូនពួកគាត់រួចរាល់ហើយ ។ នៅឡើយតែកាស៊ីណូជីនប៉ី១នេះ កំពុងស្រាវជ្រាវរកថៅកែ ឬតំណាង ឲ្យចូលខ្លួនមកដោះស្រាយ ចប់ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ។
លោក យ៉ូវ ខេមរា បញ្ជាក់ថា សរុបចំនួនបុគ្គលទាំងអស់ នៅកាស៊ីណូជីនប៉ី១ ដែលទាមទារបើកប្រាក់បៀវត្សខាងនេះ អាចមានទឹកប្រាក់សរុបប្រមាណជិត ៣០ម៉ឺនដុល្លារអាមេរិក ។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មការកគ្រប់គ្រង់ល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការព្យូរ និងលុប អាជ្ញាបណ្ណ «កាស៊ីណូ» ចំនួន៥ទីតាំង នៅខេត្តកណ្តាល និងខេត្តព្រះសីហនុ ក្រោយរកឃើញថា កាស៊ីណូទាំងនោះ មានជាប់ពាក់ព័ន្ធជាមួយ មេឧក្រិដ្ឋកម្ម Online Scam លោក ចេន ហ្ស៉ី..។ ការលុបអាជ្ញាប័ណ្ណទាំងនោះ ក៏មាន អាជ្ញាបណ្ណកាស៊ីណូ ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប ស្ថិតនៅក្រុងព្រះសីហនុ ។ អាជ្ញាបណ្ណកាស៊ីណូ ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី ស្ថិតនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុ និងអាជ្ញាបណ្ណកាស៊ីណូលេខ ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីន ប៉ី បួន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៩ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦ ៕


















