ប្រជានេសាទឃុំកែវផុស អះអាងថា ឈ្មួញចូលបោះបង្គោលហ៊ុំព័ទ្ធ ដីឆ្នេរសមុទ្រធ្វើអាជីវកម្មអនាធិបតេយ្យ នាំប៉ះពាល់ដល់ប្រកបរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃ..

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋជាង ២៦០នាក់ រស់នៅភូមិកែវផុស នាំគ្នាផ្តិតស្នាមមេដៃ ដាក់លិខិតជូន លោកមេឃុំកែវផុស ស្នើឲ្យជួយទប់ស្កាត់សកម្មភាពឈ្មួញមកពីខាងក្រៅ ចុះមកបោះបង្គោលរបង ហ៊ុំព័ទ្ធដីឆ្នេរសមុទ្រតំបន់កែវផុស ធ្វើអាជីវកម្មចិញ្ចឹមខ្យង នាំឲ្យប៉ះពាល់ដល់ការធ្វើរបរនេសាទ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ របស់ពួកគាត់។
ករណីនេះ មន្ត្រីជំនាញជលផលកំពង់សោម ស្នើដល់អាជ្ញាធរឃុំកែវផុស ត្រូវដោះស្រាយវិវាទនេះចប់ឲ្យបានឆាប់ ហើយការអនុញ្ញាតិឲ្យអ្នកពាក់ព័ន្ធធ្វើអាជីវកម្មចិញ្ចឹមខ្យងនេះ កុំឲ្យប៉ះពាល់ដល់កន្លែងប្រកបរបរនេសាទ របស់ប្រជាពលរដ្ឋ ។

ប្រជានេសាទ រស់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សរុបចំនួន២៦២នាក់ បានផ្តិតស្នាមមេដៃ និងសរសេរឈ្មោះ នៅលើលិខិតមួយច្បាប់មានកំរាស់ ១៦ទំព័រ ដាក់ជូនលោកមេឃុំកែវផុស សំណូមពរឲ្យជួយអន្តរាគមន៍ទប់ស្កាត់ នូវទង្វើ របស់ លោក ប៊ុយ ផៃ មានតួនាទីជាប្រធានសហគមន៍កែវផុស ដែលបានអនុញ្ញាតិឲ្យបុគ្គលរស់នៅមូលដ្ឋានផ្សេង (អ្នកនៅកំពង់សោម) ចុះមកបោះបង្គោលរបហ៊ុំព័ទ្ធយក ដីឆ្នេរសមុទ្រធ្វើជាអាជីវកម្មចិញ្ចឹមខ្យង លើផ្ទៃដីជាង ៣០ហិចតា (១០៥០ គុណ ៣០០=៣១ហិចតា) ធ្វើឲ្យប្រជានេសាទពួកគាត់ ដែលមានមុខរបរដើររក ក្តាមខ្យង អូសមង និងចូលទូកជាដើម ពិបាករកកម្រៃសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ។

លិខិតដដែលនេះ ក្រុមប្រជានេសាទបានចោទ លោក ប៊ុយ ផៃ ថាជាអ្នកអនុញ្ញាតិឲ្យឈ្មួញមកពីមូលដ្ឋានខាងក្រៅ ចុះមកហ៊ុំព័ទ្ធដីឆ្នេរសមុទ្របើកអាជីវកម្ម ដោយខុសច្បាប់។ ហើយថា ទីតាំងដីឆ្នេរសមុទ្រជាង ៣០ហិចតា នៅឃុំកែវផុសនេះ គឺពួកគាត់ ធ្លាប់ធ្វើរបរនេសាទតាំងពីដើមរៀងមក ពោលគឺ តាំងពីដូនតាមកម៉្លេះ។ ហេតុនេះសូមស្នើឲ្យ លោកមេឃុំ ជួយអន្តរាគមន៍បញ្ឈប់សកម្មភាពឈ្មួញ មកបោះពង្គោលរបហ៊ុំព័ទ្ធដីឆ្នេរសមុទ្រ តំបន់កែវផុស ដើម្បីធ្វើអាជីវកម្មចិញ្ចឹមខ្យងនេះឲ្យបានឆាប់ ។ ហើយត្រូវដកបង្កោលរបង ដែលហ៊ុំព័ទ្ធដីឆ្នេរសមុទ្រទាំងនោះចេញឲ្យអស់ ដើម្បីទុកតំបន់នេះ ឲ្យពួកគាត់ធ្វើរបរនេសាទជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូមចិញ្ចឹមជីវិត ដូចដើមវិញ ។

យ៉ាងណា នៅមិនទាន់អាចមានប្រភពទាក់ទង លោក ប៊ុយ ផៃ ប្រធានសហគមន៍កែវផុស និង លោក ផេង ម៉ីន មេឃុំកែវផុស ដើម្បីបំភ្លឺជំវិញវិវាទ ខាងលើបានទេ នៅថ្ងៃពុធ ទី០៤ ខែមីនានេះ។ ប៉ុន្តែ យោងតាមការបញ្ជាក់ពី មន្ត្រីអាជ្ញាធរឃុំកែវផុស មិនបញ្ចេញឈ្មោះបញ្ជាក់ថា បញ្ហានៅសហគមន៍កែវផុសនេះ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្ទឹងហាវ កំពុងរកដំណោះស្រាយ ធ្វើយ៉ាងណាឲ្យភាគីទាំងពីរ អាចទទួលយកបានទាំងអស់គ្នា។ ហើយថា អាចនឹងដោះស្រាយបញ្ចប់នៅសប្តាហ៍ខាងមុខនេះ ។

ទាក់ទិនបញ្ហានេះដែរ លោក ឯម ភា ប្រធានជលផលកំពង់សោម ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សំដី មកចុះផ្សាយថា ករណីវិវាទ ផ្តើមពីការបោះបង្គោលរបងហ៊ុំព័ទ្ធដីឆ្នេរសមុទ្រ ដើម្បីធ្វើអាជីវកម្មចិញ្ចឹមខ្យង នៅតំបន់កែវផុសនេះ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ កំពុងជួបប្រជុំដោះស្រាយ ។ ហើយថា ក្នុងនាមជំនាញ គឺមិនហាមឃាត់ចំពោះការធ្វើអាជីវកម្មចិញ្ចឹមខ្យងនៅមូលដ្ឋាននេះទេ ប៉ុន្តែស្នើឲ្យភាគីបើកធ្វើអាជីវកម្ម ត្រូវរកទីតាំងណាមួយ ដើម្បីកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ប្រជានេសាទ ដែលរកអាស្រ័យផលនៅតំបន់នោះ ។ ម្យ៉ាងទៀត រាល់ការបើកធ្វើអាជីវកម្មអ្វីមួយ ក៏ត្រូវរៀបចំស្នើសុំច្បាប់ទម្លាប់ ឲ្យបានត្រឹមត្រូវជាមុនដែរ ព្រោះគម្រោងបើកធ្វើអាជីវកម្មចិញ្ចឹមខ្យងនៅ ឆ្នេរសមុទ្រតំបន់កែវផុស មិនទាន់មានច្បាប់អនុញ្ញាតិទេ។
លោកបន្តថា ចំពោះទំនាស់រវាងអ្នកនេសាទ ជាមួយអ្នកធ្វើអាជីវកម្មចិញ្ចឹមខ្យង នៅឆ្នេរសមុទ្រឃុំកែវផុសនេះ ក្រុមការងារអាជ្ញាធរឃុំស្រុក ក៏ធ្លាប់បានអញ្ជើញភាគីពាក់ព័ន្ធមកជួប្រជុំ ដើម្បីបំភ្លឺរឿងនេះដែរ ប៉ុន្តែប្រជាពលរដ្ឋ អ្នកប្រកបរបរនេសាទមិនបានចូលរួមទេ គឺឃើញមានតែសហគមន៍ និងតំណាងសហគមន៍តែចូលរួមតែប៉ុណ្ណោះ។

ទោះយ៉ាងណា លោក ឯម ភា បញ្ជាក់ថា ៖« ក្នុងនាមជំនាញសូមស្នើដល់អាជ្ញាធរ ជួយរកវិធីធ្វើម៉េចកន្លែងណា មានផលប៉ះពាល់ជាមួយប្រជានេសាទ ដែលកន្លែងពួកគាត់អាស្រ័យផល យើងកុំចិញ្ចឹមកន្លែងហ្នឹង គឺយើងងាកទៅកន្លែងណាដែលមិនមានបញ្ហាប្រឈមជាមួយពួកគាត់។ អាហ្នឹងវាជាដំណោះស្រាយឈ្នះៗ។ ហើយក្នុងនាមជំនាញ យើងសាទរ ដែលគាត់បានចូលរួមអភិវឌ្ឍវារីវប្បកម្ម ស្របទៅតាមយុត្តិសាស្ត្រ របស់ក្រសួងដែរ » ។

សម្រាប់មន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធ លើការងារថែរក្សាធនធានធម្មជាតិ ប្រចាំខេត្តព្រះសីហនុ ក៏បានសំណូមពរថា វិវាទខាងលើនេះ អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យដោះស្រាយ ចប់ឲ្យបានឆាប់ ដើម្បីកុំឲ្យវិវាទរីកធំ និងអូសបន្លាយដល់ការប្រកបរបររកទទួលទាន របស់ប្រជានេសាទ នៅឃុំកែវផុស ។
លោក សុខ សុខុម ប្រធានអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា ហៅកាត់ ស៊ីអ៊ិនរ៉ូ (CNRO) បានឲ្យដឹងនៅថ្ងៃពុធ ទី០៤ ខែមីនាថា លោកក៏ទទួលបានលិខិតផ្តិតស្មាមមេដៃ របស់ប្រជានេសាទឃុំកែវផុស ស្នើជួយស្វែងរកដំណោះស្រាយ លើករណីមាឈ្មួញចូលមកបោះបង្គោលរបង ហ៊ុំព័ទ្ធដីឆ្នេរសមុទ្រ ធ្វើអាជីវកម្មចិញ្ចឹមខ្យងនេះដែរ។ លោកបន្តថា រូបលោក បានត្រឹមស្នើសុំបន្តទៅអាជ្ញាធរឃុំកែវផុស ឲ្យជួយសម្របសម្រួល បញ្ចប់វិវាទនេះឲ្យបានឆាប់ ដើម្បីកុំឲ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។ ហើយព្យាយាមដោះស្រាយធ្វើយ៉ាងណា ឲ្យភាគីទាំងសងខាង អាចទទួលយកបានទាំងអស់គ្នា ។

យ៉ាងណាក៏ដោយចុះ ប្រជានេសាទរស់នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក៏បានសំណូមពរបន្ថែមទៅដល់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ឲ្យជួយពន្លឿនដោះស្រាយកង្វល់ពួកគាត់ ចប់ឲ្យបានឆាប់ផង ។ ដ្បិតសកម្មភាព ឈ្មួញចូលមកបោះបង្គោលរបង ហ៊ុំព័ទ្ធដីឆ្នេរសមុទ្រ ក្នុងឃុំកែវផុស បានប៉ះពាល់ធ្ងន់ធ្ងរ ដល់ការធ្វើរបរនេសាទប្រចាំថ្ងៃ របស់ពួកគាត់។ ហើយថា អាជ្ញាធរឃុំកែវផុស ហាក់មិនសូវយកចិត្តទុកដាក់ ជួយដោះស្រាយ កង្វល់ ជូនពួកគាត់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង