ករណីកម្មករដួលសន្លប់ នៅរោងចក្រស៊ីហាវ បានជាសះស្បើយ១៩នាក់ហើយ..
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឲ្យដឹងថា កម្មករនិយោជិត នៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ដែលមានអាស័យដ្ឋាន នៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ចំនួន ១៩នាក់ បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញហើយ នៅព្រឹកថ្ងៃទី៤ ខែមីនានេះ ។ ចំណែក កម្មករចំនួន ១២នាក់ ផ្សេងទៀត កំពុងសម្រាកបន្តសម្រាកព្យាបាល នៅមណ្ឌលសុខភាពព្រែកអញ្ចាញ និងមន្ទីរពេទ្យឯកជនគុយវ៉ែត ។
លោកបន្តថា “សុខទុក្ខរបស់កម្មករ គឺជាការងារអាទិភាពរបស់ក្រសួង ដែល រដ្ឋមន្ត្រីក្រសួងការងារ យកចិត្តទុកដាក់ “។
លោកបន្តថា ភ្លាមៗក្រោយទទួលបានដំណឹង មានកម្មករដួលសន្លប់ ក្រុមមន្ត្រីជំនាញ របស់ក្រសួង រួមទាំងមន្ទីរការងារខេត្តកណ្តាលផង បានចុះពិនិត្យ និងជួយសម្រួល ជូនបងប្អូនកម្មករ ទៅកាន់មន្ទីរពេទ្យ និងបន្តសម្របសម្រួល នៅទីតាំងជាក់ស្តែង..។
អ្នកនាំពាក្យរូបនេះ បញ្ជាក់នៅព្រឹកថ្ងៃទី០៤ ខែមីនាថា ការរដួលសន្លប់កម្មករនិយោជិត រោងចក្រស៊ីនហាវ ហ៊ែន ប៊ែក ឯ.ក ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលនេះ គឺផ្តើមចេញពីកម្មការិនីចំនួន ២នាក់ ឈ្មោះ រស់ ស្រីនី អាយុ ៣៦ឆ្នាំ និងឈ្មោះ វេង ណៃលីន អាយុ ៣៤ឆ្នាំ ដែលធ្វើការនៅផ្នែកដេរជាមួយគ្នា មានអាការៈវិលមុខ ថប់ដង្ហើម ទន់ដៃទន់ជើងសន្លប់។
បន្ទាប់មកកម្មករ ដែលនៅជិតគាត់បានគ្រាជនរងគ្រោះទៅបន្ទប់ពេទ្យ ក្នុងរោងចក្រ ពេលនោះក្រុមការងារជំនួយការផ្នែករដ្ឋបាល បានជួយសង្រ្គោះបឋមភ្លាមៗ និងបានបញ្ជូនបន្តទៅមជ្ឃមណ្ឌលសុខភាពព្រែកអញ្ចាញ។
ចំណែកកម្មករផ្សេងទៀត ដែលនៅក្បែរនោះបានឃើញហេតុការណ៍នេះ ក៏មានអាការៈភិតភ័យ ទន់ដៃទន់ជើងសន្លប់តគ្នាជាបន្តបន្ទាប់។
លោកថា មូលហេតុបឋម ដែលក្រុមជំនាញ ក្រសួងការងាររកឃើញ គឺរោងចក្រមានប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ និងការសំអាតបរិយាកាស ក្នុងអគាផលិតកម្មពុំបានត្រឹមត្រូវ បរិយាការណ៍កម្ដៅក្នុងអគាផលិតកម្ម មានសភាពក្ដៅ និងមានក្លិនកាវ ។
យ៉ាងណា លោក ស៊ុន មេសា បញ្ជាក់ថា កម្មករដែលឈឺ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក ដោយមានប្រាក់ឈ្នួល ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា និងចូលធ្វើការនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦៕


















