គ្រួសារស្ត្រីរងគ្រោះ ត្រូវរថយន្ត Hyundai Staria ស្លាកលេខ: កម្ពុជា HCL-2525 ជាកម្មសិទ្ធ ឈ្មោះ ហេង ឆៃលី បើកបុកស្លាប់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ នៅខេត្តបាត់ដំបង សំណូមពឱ្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌..

ខេត្តបាត់ដំបង ៖ គ្រួសារស្ត្រីរងគ្រោះ ដែលត្រូវរថយន្តម៉ាក Hyundai Staria ពណ៌ ស ស្លាកលេខ: កម្ពុជា HCL-2525 ជាកម្មសិទ្ធ ឈ្មោះ ហេង ឆៃលី បើកបុកស្លាប់ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង សំណូមពរដល់ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ ខណៈជនបង្ក កំពុងរត់គេចខ្លួន នៅក្រៅសំណាញ់ច្បាប់ នៅឡើយ..។
ប្អូនស្រី សពស្ត្រីរងគ្រោះ ឈ្មោះ អិម សួង អាយុ ៥៦ឆ្នាំ បានឲ្យ គេហទំព័រ “កម្ពុជាថ្ងៃនេះ” ដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ថា ខណៈការស្លាប់ របស់បងស្រី ខ្លួន បានធ្វើបុណ្យ ៧ថ្ងៃ ទើបបញ្ចប់ថ្មីៗនេះ ប៉ុន្តែយុត្តិធម៌ សម្រាប់គ្រួសារគាត់ នៅមិនទាន់ទទួលបាននៅឡើយទេ ។ ពោលគឺ កូន ត្រូវបាត់បង់ម្តាយ, ប្ដី បាត់បង់ប្រពន្ធ ។ រីឯជនបង្កហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មិនទាន់បានឃាត់ខ្លួន មករកដំណោះស្រាយ តាមផ្លូវច្បាប់ ជាមួយគ្រួសារជនរងគ្រោះនៅឡើយទេ ខណៈភស្តុតាង នៃគ្រោះថ្នាក់នេះ ក៏ដូចជាអត្តសញ្ញាណ នៃរថយន្ត ជនបង្កហេតុ មានបង្ហាញគ្រប់គ្រាន់។
គ្រួសារស្ត្រីរងគ្រោះ បន្តទៀតថា រថយន្តបង្ក ម៉ាក Hyundai Staria ពណ៌ ស ពាក់ស្លាកលេខ: កម្ពុជា HCL-2525 បានបើកបុកបងស្រីខ្លួនពីក្រោយ ក្នុងទិសដៅស្របគ្នា ។ ហើយភ្លាមៗនោះ ខាងភាគីរថយន្តជនបង្ក ក៏បានបើកចាកចេញពីកន្លែងកើតហេតុ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បាត់ស្រមោល ។
ប្អូនស្រីសពស្ត្រីរងគ្រោះ បញ្ជាក់ថា ម្ចាស់រថយន្តបង្កហេតុ ម៉ាក Hyundai Staria ពណ៌ ស ពាក់ស្លាកលេខ: កម្ពុជា HCL-2525 នើកបុកបងស្រីខ្លួនស្លាប់ គឺជាកម្មសិទ្ធឈ្មោះ ហេង ឆៃលី ដែលជាមនុស្សមានឥទិពលម្នាក់ នៅខេត្តបាត់ដំបង ។
គ្រួសារស្ត្រីរងគ្រោះដដែលនេះ បន្តថា ទាំងភស្តុតាងមានគ្រប់យ៉ាង , កាមេរ៉ាសុវត្ថិភាព តាមដងផ្លូវ, សាក្សី , ស្លាកលេខរថយន្ត និងព័ត៌មានពាក់ព័ន្ធផ្សេងៗទៀត ប៉ុន្តែមកដល់ពេលនេះ ជនបង្កហេតុ នៅតែមិនទាន់ត្រូវបាន សមត្ថកិច្ច ចាប់ឃាត់ខ្លួន មកដោះស្រាយ តាមផ្លូវច្បាប់នៅឡើយ គឺ វាពិតជាអយុត្តិធម៌ណាស់ សម្រាប់ជនរងគ្រោះ..។
ប្រភពបន្តថា ក្រុមគ្រួសារជនរងគ្រោះ ពួកគាត់ គ្រាន់តែជាគ្រួសារធម្មតា គ្មានលុយ គ្មានអំណាច ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ដែលគ្មានថ្ងៃ វិលត្រឡប់មកវិញទេ..។ ហើយថា ការឈឺចាប់នេះ ក៏មិនអាចពិពណ៌នាបានដែរ..។ ហើយករណីនេះ ពួកគាត់ ក៏មិនចង់បានអ្វីលើសលប់ទេ គឺគ្រាន់តែសុំ “យុត្តិធម៌” តាមផ្លូវច្បាប់ តែប៉ុណ្ណោះ ។

ផ្តើមពីបញ្ហានេះ គ្រួសារស្ត្រីរងគ្រោះ បានសំណូមពរ ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង, លោក ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ទាំងអស់ ជាពិសេស លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយជម្រុញដល់ សមត្ថកិច្ចជំនាញក្រោមឱវាទ ឲ្យចុះស្រាវជ្រាវ តាមចាប់ខ្លួនជនបង្ក ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មកផ្តន្ទាទោស ឬអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់យុត្តិធម៌ ដល់គ្រួសារជនរងគ្រោះ ឲ្យបានឆាប់ផងចុះ..។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្តម៉ាក Hyundai Staria ពណ៌ ស ពាក់ស្លាកលេខ: កម្ពុជា HCL-2525 បានបើកបុកស្ត្រីរងគ្រោះ ឈ្មោះ អិម សួង អាយុ ៥៦ឆ្នាំ បណ្តាលឲ្យស្លាប់ ខណៈកំពុងជិះម៉ូតូ ម៉ាក ហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង : 1AN-6807 ក្នុងទិសដៅស្របគ្នា ស្ថិតនៅភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវគ្រូពេទ្យបញ្ជាក់ថា ស្ត្រីរងគ្រោះ ខាងភាគីជិះម៉ូតូ បានស្លាប់មុនពេល ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
ប្អូនស្រី ជនរងគ្រោះបន្តថា កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ សមត្ថកិច្ច នៃស្នងការដ្ឋានខេត្តបាត់ដំបង ក៏បានស្រាវជ្រាវឃាត់ចាប់រថយន្តបង្កហេតុនោះ បានហើយៗ បានយកមកទុក នៅស្នងការដ្ឋានខេត្តបាត់ដំបង ប៉ុន្តែមិនទាន់ឃាត់ខ្លួន ជនបង្ក ដើម្បីនាំខ្លួន យកមកដោះស្រាយនៅឡើយទេ។
យ៉ាងណាក៏ដោយ គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីបំភ្លឺជុំវិញ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាននៅឡើយទេ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ខណៈម្ចាស់រថយន្តបង្ក ម៉ាក Hyundai Staria ពណ៌ ស ពាក់ស្លាកលេខ: កម្ពុជា HCL-2525 ឈ្មោះ ហេង ឆៃលី ក៏មិនទាន់អាចស្វែងរកការបំភ្លឺ បាននៅឡើយដែរ តាមទូរសព្ទ ៕


















