មហាជនមកពីគ្រប់ទិសទី ជិត១៤ម៉ឺននាក់ ចូលរួមក្នុងព្រឹត្តិការណ៍ ចាប់ត្រីបែបបុរាណ នៅតំបន់ត្រពាំងក្រម ក្នុងខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ អភិបាលខេត្តត្បូងឃ្មុំឯកឧត្តម ប៉ែន កុសល្យ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំមហាជនជិត ១៤ ម៉ឺននាក់ចាប់ត្រីចាប់ត្រីបែបបុរាណ នៅតំបន់បឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខណៈពីធីនេះត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តរៀបចំធ្វើជាច្រើនឆ្នាំមក ដើម្បីរក្សា និងអភិរក្សប្រពៃណីបន្សល់ទុកពីដូនតា រាប់រយឆ្នាំមកហើយ ។
មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការកម្សាន្តសប្បាយមួយពេលនោះទេ ប៉ុន្តែវាគឺជាសកម្មភាពតបស្នង និងថែរក្សានូវមរតកវប្បធម៌ដ៏មានតម្លៃដែលដូនតាខ្មែរបានបន្សល់ទុកមកឱ្យយើងគ្រប់ជំនាន់។ ការប្រើប្រាស់ឧបករណ៍នេសាទបុរាណ មានដូចជា អង្រុត ឈ្នាង និងត្រក គឺជាការបង្ហាញពីអត្តសញ្ញាណជាតិ និងជាការដាស់តឿនឱ្យកូនខ្មែរជំនាន់ក្រោយរួមគ្នាអភិរក្សទម្លាប់នេសាទបែបធម្មជាតិ កុំឱ្យបាត់បង់ទៅតាមឥទ្ធិពលនៃសម័យកាលទំនើប។


ផ្ទៃទឹកបឹងត្រពាំងក្រមមានទំហំប្រម៉ាណ ១ហិកតា ក្នុងផ្ទៃដីសរុប ៣០ហិកតា សំឡេងហ៊ោកញ្ជ្រៀវ និងស្នាមញញឹមបានលេចឡើងគ្រប់ទិសទី។ បងប្អូនប្រជាពលរដ្ឋគ្រប់វ័យបានចុះទឹកដោយដៃកាន់ឧបករណ៍នេសាទបុរាណយ៉ាងស្ទាត់ជំនាញដើម្បីចាប់ត្រី យកមកចំអិនទទួលទានធ្លាមជាមួយការរៀបចំពិសារអាហារសាមគ្គីជុំគ្នា និងការប្រគំតន្ត្រីរាំលេងកម្សាន្តយ៉ាងកក់ក្តៅ ដែលបង្ហាញពីស្មារតី ខ្មែរតែមួយ យ៉ាងពិតប្រាកដ។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឳ្យដឹងថា ចំនួនអ្នកចូលរួមសរុបមានរហូតដល់ ១៣៧,៨០០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៧១៨ នាក់។ តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងដល់ទៅ ៣០.៣៩ ភាគរយ បើធៀបនឹងឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណ ១០៥,៦៧៧ នាក់។ នេះជាសញ្ញាណវិជ្ជមានដ៏ធំធេងសម្រាប់វិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ក្នុងខេត្តត្បូងឃ្មុំទាំងមូល 






៕

















