កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាលខេត្តព្រះសីហនុ បង្រ្កាបឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ករណីផ្ទុះអាវុធបណ្តាលឲ្យស្រ្តីម្នាក់ របួសធ្ងន់នៅខណ្ឌចំការមន
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ជនជាតិចិនម្នាក់ ដែលបានគេចខ្លួនទៅដល់ ខេត្តព្រះសីហនុ ក្រោយផ្ទុះអាវុធបណ្តាលឲ្យស្រ្តី ម្នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោង១៩ និង៤៨នាទី មានករណីផ្ទុះអាវុធ បណ្ដាលឲ្យរងរបួសស្រ្តីរងគ្រោះ ម្នាក់ នៅចំណុច មុខអគារដឺភីក នៅក្នុងរថយន្ដព្រុស ផ្លូវក្រសួងការបរ ទេសក្រុម៧៨ ភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ គឺនៅយប់ថ្ងៃដដែល បានឃាត់ខ្លួនបានជនសង្ស័យបង្កចំនួន ម្នាក់ នៅចំណុចសណ្ឋាគារ DV ផ្លូវ២ ធ្នូ ភូមិ៤ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ZHOU HAO RAN ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និងគ្មានលិខិតឆ្លងដែន ហើយធ្វើតេស្ត មានសារធាតុញៀន។
វត្ថុតាងចាប់យកបានរួមមាន ៖ អាវុធខ្លីម៉ាកK៥៩ ចំនួន ១ដើម ចំពោះអាវុធខ្លីម៉ាក K៥៩ ជនសង្ស័យបានយកទៅភ្លុងចោល នៅក្នុងកន្ត្រកដាក់សំរាម នៅក្នុងហាងបាយចិនមួយកន្លែង ក្បែរកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ច បានទៅរកឃើញ និងបានធ្វើកំណត់ហេតុចាប់យក ដើម្បីចាត់ការតាមនីតិវិធី។ ទូរស័ព្ទម៉ាក់ IPHONE ចំនួន ៣គ្រឿង និងកាតបន្ទប់ស្នាក់នៅចំនួន 1សន្លឹក ។
ចំណែកជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយពេលនេះ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ពុំអាចសួរនាំបាននៅឡើយ ដោយរបួសធ្ងន់។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង បានបញ្ជូនមកកាន់ ការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕


















