អង្គការសង់ត្រាល់ ឧបត្ថម្ភស្បៀងនិងថវិកា ជួយគ្រួសារជនភៀសសឹក អតីតពលករ ៤៩គ្រួសារ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ អង្គការសង់ត្រាល់ បានបន្តសហការផ្សព្វផ្សាយ សុវត្ថិភាពចំណាកស្រុកក្នុងជំរំភៀសសឹក ព្រមទាំងបាននាំយក ជំនួយសប្បុរសធម៌ ដោយចែកស្បៀងអាហារ និងថវិកា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់គ្រួសារជនភៀសសឹក អតីតពលករ និងកម្មករ ចំនួនសរុប ៤៩គ្រួសារ មកពីតំបន់ព្រំដែន (កម្ពុជា ថៃ) នៅ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
កម្មវិធីនេះធ្វើឡើង កាលពីព្រឹកថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមជំនួយឧបត្ថម្ភពី រដ្ឋាភិបាលកាណាដា តាមរយៈស្ថានទូតប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា។
តាមការបញ្ជាក់ពី តំណាងអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ប្រធានកម្មវិធី ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ ឲ្យដឹងថា ស្បៀង ដែលបានផ្តល់រួមមាន ៖ អង្ករ ២៥គីឡូ និង ថវិកាចំនួន ៥០០០០រៀល សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ដោយមានបំណងជួយបន្ធូរកង្វះខាត ក្នុងបន្ទុកជីវភាព របស់គ្រួសារ ដែលកំពុងប្រឈមការលំបាក និងគ្មានប្រាក់ចំណេញ ឬចំណូល ជាបន្តបន្ទាប់មកនេះ។
ការចែកជូនជំនួយឧបត្ថម្ភនេះ ចូលរួមដោយ អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍ក្នុងតំបន់។

នាឱកាសនោះ អតីតពលករ និងគ្រួសារកម្មករ របស់ ពលករ ដែលទទួលបានជំនួយ បានបង្ហាញការរីករាយ និងថ្លែងអំណរគុណ ចំពោះអង្គការសង់ត្រាល់ និងប្រទេសកាណាដា ដែលបានផ្តល់ជំនួយ ជាពិសេសក្នុងស្ថានភាពសេដ្ឋកិច្ច មិនសូវមានស្ថិរភាព។
គ្រួសារអតីតពលករម្នាក់ បានប្រាប់ថា ស្បៀងអាហារនេះអាចជួយគ្រួសាររបស់ខ្លួន ក្នុងរយៈពេលជាច្រើនថ្ងៃ និងជួយកាត់បន្ថយការលំបាក នៃការចំណាយប្រចាំថ្ងៃ។
ចំណែក អាជ្ញាធរមូលដ្ឋាន ក៏បានសាទរជំនួយនេះ ឲ្យឃើញថា ជាការចូលរួមសំខាន់មួយក្នុងការគាំទ្រជីវភាពសង្គម និងជួយឱ្យគ្រួសារក្រីក្រ និងគ្រួសារ ដែលទទួលផលប៉ះពាល់ អាចឆ្លងកាត់រដូវកាលលំបាកបានងាយស្រួលជាងមុន។
អង្គការសង់ត្រាល់ បានអះអាងថា សកម្មភាពមនុស្សធម៌របស់ខ្លួន នឹងបន្តនាថ្ងៃខាងមុខទៀត ដោយសហការជាមួយដៃគូអន្តរជាតិ ដើម្បីជួយលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ នៅតាមតំបន់ភៀសសឹកនានា ៕ ប្រភព ៖ សង់ត្រាល់


















