រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំសហគមន៍កសិកម្មទំនើប ជូនដល់បងប្អូនអតីតយុទ្ធជន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ លោក គន់ រ័ត្នមុន្នី អនុប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងរៀបចំសហគមន៍កសិកម្មទំនើប ជូនដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំទ្រៀក និងឃុំរូង ស្រុកមេមត់។ ពិធីនេះត្រូវបានរៀបចំឡើងនៅទីតាំងផ្ទះអតីតយុទ្ធជន ស្ថិតក្នុងភូមិព្រៃ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរស្រុក-ឃុំ និងបងប្អូនអតីតយុទ្ធជនយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក គន់ រ័ត្នមុនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ និងបានសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះវីរភាព និងការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី ការពារសន្តិសុខ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនាពេលកន្លងមក ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន។ ជាក់ស្តែង ការរៀបចំដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្លូវ ទឹក ភ្លើង) គឺជាសក្ខីភាពនៃការគិតគូរដ៏ល្អិតល្អន់ ដើម្បីប្រែក្លាយតំបន់នេះទៅជាសហគមន៍គំរូ។

ជាមួយការគាំពារនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ លោកបានលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន ខិតខំបង្កបង្កើនផល ដាំដុះដំណាំរួមផ្សំ និងចិញ្ចឹមសត្វនៅជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ និងលក់លើទីផ្សារបង្កើនចំណូលបន្ថែម ។ ក្នុងនោះយើងត្រូវចងក្រងជា សហគមន៍កសិកម្មទំនើប តាមរយៈយន្តការត្រីវិស័យ កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ ដើម្បីធានាបាននូវបច្ចេកទេសដាំដុះ ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការរៀបចំទីផ្សារឱ្យមានស្ថិរភាព។ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មន្ទីរធនធានទឹក និងស្ថាប័នពាក់ព័ន្ធ បន្តជួយជ្រោមជ្រែងផ្នែកបច្ចេកទេស និងការរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានរឹងមាំ ដើម្បីប្រែក្លាយតំបន់ស្នាក់នៅរបស់អតីតយុទ្ធជន ឱ្យទៅជាតំបន់កសិកម្មមានសក្តានុពល ដែលអាចលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ៕

អត្ថបទដែលជាប់ទាក់ទង