អ្នកឧកញ៉ា ទៀ វិចិត្រ បើកទទួលថវិកានិងសម្ភារៈ ឬគ្រឿងឧភោគបរិភោគ ជូនកងទ័ពជួរមុខ និងជនភៀសសឹក ..
ខេត្តព្រះសីហនុ ៖ លើកឡើងក្នុងពិធីទទួលជំនួយ នាកំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា “យើងរួមគ្នាជាខ្មែរតែមួយ ទោះតិចក្តី ច្រើនក្តី ក៏ជាទឹកចិត្តមនុស្សធម៌តែមួយ របស់ពលរដ្ឋម្នាក់ៗផងដែរ ❤️”។
អ្នកឧកញ៉ា បញ្ជាក់ថា មានពលរដ្ឋ ឬសប្បុរសជនជាច្រើននាក់ បាននាំយកសម្ភារៈ ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា មកចូលរួមឧបត្ថម្ភកងទ័ព និងជនភៀសសឹក ដែលអ្នកឧកញ៉ា រៀបចំក្រុមការងារទទួល នៅទីតាំងក្នុងកំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ។
អ្នកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបន្ថែមថា ការទទួលជំនួយនេះ នឹងធ្វើបន្តរហូតដល់ ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ។ ចំណែក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា រួមជាមួយក្រុមការងារ នឹងដឹកជញ្ជូនយកជំនួយទាំងនេះ ទៅជូនកងទ័ព និងពលរដ្ឋភៀសសឹក នៅតាមទីតាំង ដែលបានគ្រោងទុក ។
ព្រមជាមួយគ្នានេះ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋ ក៏ដូជាសប្បុរសជន ជិតឆ្ងាយ ដែលបានចូលរួម សកម្មភាពមនុស្សធម៌នេះ ៕



















