មានជនភៀសសឹកជាង ១០ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅទួលសុវត្ថិភាព ក្នុងខេត្តចំនួន៥ផ្សេងគ្នា
រាជធានីភ្នំពេញ ៖ លោក នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា “នៅពេលនេះ មនុស្សភាគច្រើនបានចូលនិន្ទ្រាតាមផ្ទះរៀងៗខ្លួន ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ រស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមមាន ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ដែលបានភៀសសឹក ចេញពីតំបន់គ្រោះថ្នាក់ នៃសកម្មភាពឈ្លានពានប្រដាប់អាវុធ របស់យោធាថៃ មិនអាចសម្រាកលក់ស្រួលដូចយើងទេ។ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ជួយសម្របសម្រួលបងប្អូន ប្រជាពលរដ្ឋ ដើម្បីរៀបចំកន្លែង និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ។ ពួកគាត់ ត្រូវស្នាក់នៅជុំគ្នា។ នេះជាផលវិបាល នៃសង្គ្រាមដែលបង្កើតឡើងដោយ សកម្មភាពឈ្លានពានប្រដាប់អាវុធ ដោយយោធាថៃ មកលើប្រទេសកម្ពុជា។ កម្ពុជាដែលឆ្អៀតនឹងសង្គ្រាម ចង់បានតែសុខសន្តិភាពតែប៉ុណ្ណោះ។ ត្រឹមល្ងាចថ្ងៃទី៩ ខែធ្នូ នេះ ដោយផ្អែកតាមទិន្នន័យពីបណ្តាខេត្តនានា ជាប់ព្រំដែន មានជនភៀសសឹក ១០១ ១២៩ នាក់ស្មើចំនួន ២៩ ១០៥ គ្រួសារ បានប្រមូលផ្តុំនៅទួលសុវត្ថិភាពចំនួន ៥ ខេត្ត ” ៕
រូបថតដោយ ខឹម សុវណ្ណារ៉ា AKP


















