សមត្ថកិច្ចកម្ពុជា កំពុងតាមចាប់ស្រ្តីម្នាក់ បង្ហោះព័ត៌មានតាមរយៈវីដេអូ អំពីកិច្ចសម្ភាសន៍ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពាក់ព័ន្ធការចរចាពន្ធជាមួយសហរដ្ឋអាមេរិក ដោយថាអវិជ្ជមាន

រាជធានីភ្នំពេញ ៖ កងកម្លាំងសមត្ថកិច្ចនៃអាជ្ញធរកម្ពុជា កំពុងតាមចាប់ស្រី្តម្នាក់ ដែលហ៊ានផ្សព្វផ្សាយព័ត៌មានតាមរយៈវីដេអូ ក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Oversea ពាក់ព័ន្ធដល់កិច្ចសម្ភាសរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយថា មានចរិតញុះញង់ បំភ្លៃការពិត ធ្វើឱ្យមានការភាន់ច្រឡំអំពីលទ្ធផល នៃការចរចាលើការអនុគ្រោះពន្ធជុំទី១ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។

តាមរយៈទំព័រហ្វេសប៊ុក ឈ្មោះ ស្ត្រី Oversea បានសរសេរនៅថ្ងៃទី១៧ ឧសភា ថា ក្រសួងពាណិ្ជកម្ម ទៅចរចាពន្ធជាមួយអាមេរិក ជុំទី១ ទទួលបានលទ្ធផលអវិជ្ជមាន។

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៥នេះ បញ្ជាក់ថា សារសឡេងវីដេអូក្នុងទំព័រហ្វេសប៊ុកឈ្មោះ ស្ត្រី Oversea ពុំមែនជាសារសំឡេង របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទេ។ សារសំឡេងនេះ គឺជាការប្រើបច្ចេកទេសកាត់រូបភាពវីដេអូរបស់លោកស្រី ចម និម្មល ដោយបញ្ចូលសំឡេងស្ត្រីម្នាក់ធ្វើអត្ថាធិប្បាយ ក្នុងចេតនាធ្វើវិទ្ធង្សនា បំពុលបំផ្លាញសង្គម ញុះញង់លាបពណ៌ និងបំភ្លៃការពិត ក្នុងគោលបំណងធ្វើឱ្យសាធារណជន មានការភាន់ច្រឡំចំពោះរាជរដ្ឋាភិបាល ក្នុងកិច្ចចរចាលើការអនុគ្រោះពន្ធជុំទី១ ជាមួយសហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មាន ដដែល សមត្ថកិច្ចបានរកឃើញថា មុខសញ្ញាដែលបានប្រព្រឹត្តសកម្មភាពល្មើសខាងលើ មានឈ្មោះ ជូ ឈីន ភេទស្រី កើតឆ្នាំ១៩៨៣ នៅខេត្តបាត់ដំបង ដែលជាមុខសញ្ញាចាស់ ត្រូវបានតុលាការ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទរួមគំនិតក្បត់ តាមរយៈសកម្មភាពឃុបឃិតជាមួយក្រុមឧទ្ទាមជ្រុលនិយម វាយប្រហាមកលើរាជរដ្ឋាភិបាល និងបានរត់ភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖«បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងកសាងសំណុំរឿងតាមនីតិវិធី និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច របស់ប្រទេសថៃ ដើម្បីស្វែងរកចាប់ខ្លួន និងបញ្ជូនស្ត្រីឈ្មោះ ជូ ឈីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់»៕ ប្រភព ៖ ស៊ីអ៊ិនអ៊ិន

អត្ថបទដែលជាប់ទាក់ទង