តុលាការផ្តន្ទាទោស ទីប្រឹក្សាបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដាក់ពន្ធនាគារ៤ឆ្នាំ និងដកសិទ្ធិមិនឱ្យធ្វើនយោបាយ ក្នុងសំណុំរឿងចោទពីបទញុះញង់បង្កភាពវឹកវរ ពាក់ព័ន្ធរឿងព្រំដែន

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ឱ្យជាប់ពន្ធនាគារ រយៈពេល៤ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល និងដកសិទ្ធិ ជាពលរដ្ឋមិនឱ្យធ្វើនយោបាយ ក្នុងសំណុំរឿងចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម ដែលករណីនេះ ត្រូវបានគេដឹងថា ពាក់ព័ន្ធនឹងកិច្ចការ របស់លោកចុះធ្វើការក្នុងរឿងព្រំដែន។

លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន បានប្រាប់សារព័ត៌មាន The Cambodia Now នៅថ្ងៃទី៥ ឧសភាថា តុលាការបានសម្រេចផ្តន្ទាទោស លោក រ៉ុង ឈុន ដាក់ពន្ធនាគារ រយៈពេល៤ឆ្នាំ ពិន័យជាប្រាក់៤លានរៀល និងដកហូតសិទ្ធិពលរដ្ឋទាំងស្រុង មិនឱ្យចូលរួមបោះឆ្នោត និងមិនឱ្យឈរឈ្មោះបោះឆ្នោត ប៉ុន្តែតុលាការមិនទាន់ចេញដីកាចាប់ខ្លួន ដើម្បីអនុវត្តទោសភ្លាមនៅឡើយទេ។

លោកមេធាវីថ្លែងថា៖«ដកសិទ្ធិជាស្ថាពរ គឺមិនឱ្យបោះឆ្នោត និងមិនឱ្យឈ្មោះឱ្យគេបោះឆ្នោត។ គាត់នៅតែមានសេរីភាពដដែល គាត់ធ្វើអីធ្វើទៅ ប៉ុន្តែគាត់មានសិទ្ធិតវ៉ាទៅ [សាលា]ឧទ្ធរណ៍ ទៅ[សាលា]កំពូល រហូតទាល់តែថា បើតុលាការនៅតែប្រកាសទោសគាត់ ហើយគាត់តវ៉ាអស់ចិត្តហើយ សាលក្រមស្ថាពរហើយ ពេលនោះទើបគេអនុវត្តចំពោះគាត់»។

លោក រ៉ុង ឈុន ដែលមិនបានចូលស្តាប់ការប្រកាសសាលក្រមផ្តន្ទាទោសលើរូបលោក មិនធ្វើអត្ថាធិប្បាយឆ្លើយតបនឹងការសម្រេចរបស់តុលាការទេ ដោយគ្រាន់តែថ្លែងនៅខាងក្រៅតុលាការ នាថ្ងៃទី៥ ឧសភា ថា ព័ត៌មានបឋម ដែលលោកទទួលបាន គឺតុលាការបានកាត់ទោសលោកដាក់ពន្ធនាគារ រយៈពេល ៤ឆ្នាំ ដកសិទ្ធិជាពលរដ្ឋមិនឱ្យឈរឈ្មោះបោះឆ្នោត មិនឱ្យចូលរួមទៅបោះឆ្នោត និងពិន័យជាប្រាក់ផងដែរ។

មន្ត្រីអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស(អាដហុក) លោក យី សុខសាន្ត ថ្លែងថា ការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ និងដកសិទ្ធិពលរដ្ឋបែបនេះលើលោក រ៉ុង ឈុន គឺជាការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយ ខណៈដែលប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូច្នេះអ្វី ដែលលោក រ៉ុង ឈុន បាននិយាយ មានន័យថា គាត់ប្រើសិទ្ធិពលរដ្ឋ ក្នុងនាមគាត់ជាពលរដ្ឋម្នាក់ ដើម្បីបញ្ចេញមតិ។

លោក យី សុខសាន្ត ថ្លែងថា៖«អ៊ីចឹង សេរីភាពក្នុងការបញ្ចេញមតិមិនមានទោស សម្រាប់ដាក់ពន្ធនាគារលើរូបគាត់ទេ ប៉ុន្តែអ្វី ដែលយើងមើលឃើញតុលាការដាក់ទោសគាត់ថ្ងៃនេះ គឺមានន័យថាជាការធ្វើទុក្ខបុកម្នេញដល់អ្នកនយោបាយ។ ក្នុងនាមអង្គការសង្គមស៊ីវិល យល់ថា រដ្ឋាភិបាលក៏ដូចជាតុលាការ មេត្តាទម្លាក់ចោលការចោទប្រកាន់ឱ្យគាត់បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ល្អជាងដាក់ទោសទណ្ឌទៅលើរូបគាត់»៕ ប្រភព ៖ The Cambodia Now

អត្ថបទដែលជាប់ទាក់ទង