អវកាសយានិកប៉ាគីស្ថាន ក្លាយជាជនបរទេសដំបូងគេ ដែលធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសធានគុងរបស់ចិន

លោក ហ្ស៊ីសាន អាលី (Zeeshan Ali) ជាជនជាតិ​ប៉ាគីស្ថាន បានក្លាយ​ជាអវកាសយានិកបរទេសដំបូងគេ ដែលបាន​ឡើង​​ទៅ​កាន់​ស្ថានីយ៍អវ​កាសធាន​គុង (Tiangong) របស់ប្រទេសចិន កាលពីថ្ងៃពុធ។ ការណ៍​នេះ បាន​ក្លាយ​ជាព្រឹត្តិ​​ការ​ណ៍​​ប្រវត្តិសាស្ត្រមួយ សម្រាប់មហិច្ឆតាផ្នែក​វិទ្យាសាស្ត្ររបស់ប្រទេសលោក និងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង​ប៉េកាំង ក្នុងការពង្រីកការទូតអវកាសរបស់ខ្លួន។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​ កាល​​ពីថ្ងៃ​ពុធ។​

ក្រុមអវកាសយានិកបីនាក់ នៃយានអវកាសសិនចូវ​-២៤ (Shenzhou-24) បានចូលទៅកាន់​ស្ថានីយអវកាស​ធាន​គុង នៅ​ម៉ោង​២និង​៣៥នាទី​រសៀល ប្រហែលប្រាំមួយម៉ោង បន្ទាប់ពីពួកគេបានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះ​​ផ្កាយ​រណប​ជីវឈាន (Jiuquan) នៅភាគពាយ័ព្យប្រទេសចិន ដោយប្រើរ៉ុក្កែត Long March-2F។

អវកាសយានិក​វ័យ​៤០ឆ្នាំរូបនេះ​ ជាជនជាតិប៉ាគីស្ថានដំបូងគេ ដែលចូលទៅកាន់​​គន្លងតារាវិថី​ផែនដី កំពុងធ្វើការ​ងារ​ជា​អ្នកឯក​ទេស​ខាងគណនា​ទម្ងន់​ផ្ទុក​ ហើយគ្រោងនឹងស្នាក់នៅស្ថានីយ៍នេះរយៈពេលពី​៥ ទៅ១០ថ្ងៃ។

ក្រុមអវកាសយានិក​ថ្មី ដែលរួមមានមេបញ្ជាការជនជាតិ​ចិន លោក តាំង ហុងប៉ូ (Tang Hongbo) និងវិស្វករ​ហោះ​ហើរ លោក វូ យី (Wu Yi) ត្រូវ​បានស្វាគមន៍​ដោយសមា​ជិកជើងហោះហើរយានអាវកាស​សិនចូវ​-២៣ (Shenzhou-23) ចំនួន​បី​នាក់ ដែលកំពុងមានវត្តមាននៅក្នុង​ស្ថានីយ៍នោះ​ស្រាប់​។

លោក អាលី បាន​ថ្លែង​ជា​ភាសា​ចិន​ ដោយបង្ហាញអារម្មណ៍​រំភើ​ប​រីករាយ​​ ដោយ​បាន​ក្លាយ​ជា​ជន​បរទេស​ដំបូង​គេ​ ដែល​​បាន​ឡើង​ទៅកាន់​ស្ថានីយ៍​អវកាស​ចិន​​។

ដើម្បីត្រៀមខ្លួនសម្រាប់ការហោះហើរនេះ​ លោក អាលី​ បានហ្វឹកហាត់រយៈពេលប្រាំពីរខែនៅទីក្រុងប៉េកាំង ដែល​អំឡុង​ពេល​នោះ លោកបានចូលរៀនថ្នាក់ភា​សាចិនយ៉ាងស៊ីជម្រៅ រៀនចម្រៀងចិន និងអានកំណាព្យចិនផងដែរ​។ លោក​ក៏បានហាត់សរសេរអក្សរផ្ចង់ និងលេងប៉េងប៉ុងផងដែរ។

ប្រទេសចិនកំពុងផ្សព្វផ្សាយ​អំពី​ស្ថានីយ៍អាវកាស​ធានគុងថា ជាមជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរ​ជាតិ ខណៈ​ស្ថានីយ៍​អវកាសអន្តរជាតិ​ដែល​​ដឹក​នាំ​ដោយ NASA ប្រឈមនឹងលទ្ធភាព​ចូលនិវត្តន៍នៅឆ្នាំ២០៣០។

ទោះបីជាការស្នាក់នៅតាមការគ្រោងទុករបស់លោក អាលី​ មានរយៈពេលខ្លីជាងការប្តូរវេន​រយៈពេលប្រាំមួយខែជា​ធម្មតា​ សម្រាប់អវកាសយានិកចិនក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍​នេះ ទទួល​បាន​ការ​អបអរ​ខ្លាំង​នៅប្រទេសប៉ាគីស្ថាន។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក សេសបាហ្ស៍ សឺរីហ្វ​ (Shehbaz Sharif) បានបង្ហោះសារ​តាម​បណ្តាញសង្គម​ X ថា “នេះមិនមែនគ្រាន់តែជាការ​ធ្វើ​ដំណើររបស់អវកាសយានិកម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាការ​ធ្វើ​ដំណើររបស់ប្រជាជនប៉ាគីស្ថានទាំង​២៤០​លាននាក់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់​ចិនបានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីប៉ាគីស្ថាន លោក អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zardari) បានផ្លាស់ប្តូរសារអបអរសាទរ បន្ទាប់ពីក្រុមអវកាសយានិក​បាន​ចូលទៅក្នុងស្ថានីយ៍អវកាស​។

កិច្ចសហប្រតិបត្តិការ​អវកាស​រវាង​ចិន និង​ប៉ាគីស្ថាន​មាន​តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០។ ចិន​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​ប៉ាគីស្ថាន ហើយ​យាន​រុករក ​ដែល​ផលិត​ដោយ​ប៉ាគីស្ថាន​ ក៏​គ្រោង​​រួម​ដំណើរ​ក្នុង​បេសកកម្មទៅ​​ឋានព្រះចន្ទ​​របស់​ចិន​ នៅ​ប្រហែល​ឆ្នាំ២០២៨​ ផងដែរ។

ខណៈពេលកំពុងស្ថិតនៅក្នុងលំហអាកាស លោក អាលី នឹងជួយធ្វើការងារផ្នែក​ពិសោ​ធន៍ រួមទាំងការពិសោធន៍មួយ ដោយ​លោក​នឹង​ពិនិត្យមើលពីរបៀប ដែលសមាសធាតុធ្វើ​ពី​សរសៃកាបូន ដែលមាន​សមត្ថភាព​ជុសជុល​ដោយ​ខ្លួន​ឯង អាចជួសជុល​ស្នាម​ប្រេះតូចៗនៅក្នុង​​យានអវកាសដោយស្វ័យប្រវត្តិ។

ថ្លែងនៅឯមជ្ឈមណ្ឌលបាញ់បង្ហោះយាន​អវកាស​ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ប៉ាគីស្ថាន លោក អាសាន អ៊ីកបាល់ (Ahsan Iqbal) បាន​និយាយ​ថា លោកសង្ឃឹមថា ការហោះហើរនៅពេ​ល​នេះ គឺ​ជា​ការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ​អវកាស​បន្ថែមទៀតជាមួយប្រទេសចិន រួមទាំងបេសកកម្មរួមគ្នានៅកាន់​ឋានព្រះចន្ទផងដែរ​។

ស្ថានីយ៍អវកាស​ធានគុង ដែលសាងសង់ដោយប្រទេសចិនខ្លួន​ឯង​ បានដាក់ឱ្យ​ដំ​ណើរ​ការ​ពេញលេញចាប់តាំងពីចុង​ឆ្នាំ​២០២២។ វាអាចផ្ទុកអវកាសយានិករហូតដល់ប្រាំមួយនាក់ អំឡុងពេលប្តូរ​វេន​គ្នា​ ជា​ពេលដែល​ក្រុមអវកាសយានិក​​ថ្មី​​​មាន​គ្នា​បីនាក់​​មកដល់ ហើយ​ស្នាក់នៅ​មួយ​រយៈ​ជាមួយក្រុមអវកាសយានិក​ចាស់​ដែល​ត្រូវ​ចាក​ចេញ​។

លោក ជូ យ៉ាងជូ (Zhu Yangzhu) មេបញ្ជាការយានអវកាសសិនចូវ-២៣ (Shenzhou-23) នឹងបន្តស្នាក់នៅ ដើម្បីគាំទ្រ​ដល់ការសិក្សារបស់ទីក្រុងប៉េកាំងអំពីរបៀប ដែលរាងកាយមនុស្សទប់ទល់​នៅក្នុងលំហអាកាស ជាជំហានដ៏សំ​ខាន់​មួយ​ឆ្ពោះទៅរកបេសកកម្មទៅកាន់ឋានព្រះចន្ទ និងដំណើរដ៏មានសក្តានុពលទៅកាន់ភពអង្គារផងដែរ។

លោក ជូ​ ដែលនឹងត្រូវ​បំពេញ​បេសកកម្ម​នៅ​ទីអវកាស​រយៈពេលមួយឆ្នាំពេញ​ នឹងក្លាយ​ជា​អវកាសនាយនិក​ចិន​ ដែល​​មាន​កំណត់ត្រាស្នាក់នៅយូរជាងគេ​បំផុត​ក្នុងគន្លងគោចរ នៅពេលលោក​បញ្ចប់​បេសក​កម្ម ​​និង​ចាកចេញពីស្ថានីយ៍​​អវកាស​។

គោលដៅរបស់ប្រទេសចិន​ក្នុងការបញ្ជូនមនុស្សទៅកាន់​ឋានព្រះចន្ទនៅឆ្នាំ២០៣០​ នៅ​តែមិនផ្លាស់ប្តូរ បន្ទាប់ពីការ​ពន្យារ​ពេល​បេសក​កម្ម​ចាងអ៊ឺ-៧ (Chang’e-7) របស់ខ្លួន បានបរាជ័យ ដោយសារ​មិន​បាន​បំពេញតាម​លក្ខខណ្ឌបាញ់​បង្ហោះ​នៅ​ឆ្នាំ​នេះ និង​បញ្ហា​អាកាសធាតុមិនល្អ ដោយសារ​ព្យុះត្រូពិច។

ដោយឡែក​ ​សហរដ្ឋអាមេរិកកំពុង​​ផ្តោត​គោលដៅ​នៅ​ឆ្នាំ២០២៨ ដើម្បី​បញ្ជូន​មនុស្ស​ទៅ​​កាន់​ឋានព្រះចន្ទ​វិញ ស្រប​​ពេល​​មាន​ការ​ប្រណាំងប្រជែង​ដ៏​តានតឹង​ក្នុង​​ការ​សាងសង់​មូលដ្ឋាន​នៅ​លើ​ឋានព្រះចន្ទ ជា​ជំហាន​មួយ​ឆ្ពោះទៅ​ការ​រុក​រក​នៅលើ​​ភពអង្គារ​ដោយ​មនុស្ស​នា​ពេល​អនាគត​។ ចំណែក​ប្រទេសចិន ​ក៏​មាន​គម្រោង​បង្កើត​មូល​​ដ្ឋាន​ស្រាវ​ជ្រាវ​​​មួយ​​​នៅលើ​ឋានព្រះចន្ទ​នៅ​​ឆ្នាំ២០៣៥ ជាមួយ​រុស្ស៊ីផងដែរ​។

ទីក្រុងវ៉ាស៊ីនតោនបានព្រមានថា ទីក្រុងប៉េកាំងអាចមាន​បំណង​​គ្រប់គ្រងការចូល​​ទៅកាន់តំបន់នានានៅលើ​ឋាន​ព្រះ​ចន្ទ​​ ដែលសម្បូរទៅដោយធនធានធម្មជាតិ​ ប៉ុន្តែ​ទីក្រុងប៉េកាំងបាន​បដិសេធការចោទប្រកាន់នេះ ដោយនិយាយ​ថា ខ្លួនគាំទ្រ​ការប្រើប្រាស់លំហអាកាសដោយសន្តិវិធី៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង