កម្មកររោងចក្រខេមបូ យូនីសូល បន្តធ្វើកូដកម្មទាមទារឱ្យដោះស្រាយលក្ខខណ្ឌការងារមួយចំនួន
កម្មករ-កម្មការិនីជាង ១,០០០នាក់ បម្រើការងារនៅរោងចក្រ ខេមបូ យូនីសូល អិលធីឌី (Cambo Unisol Co., Ltd.) ដែលមានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ 7NG ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបន្តធ្វើកូដកម្មអហិង្សានៅខាងមុខរោងចក្រ ដើម្បីទាមទារឱ្យក្រុមហ៊ុនដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារ និងលក្ខខណ្ឌការងារមួយចំនួន។
បើតាមអង្គការសង់ត្រាល់ ដែលដកស្រង់ប្រភពពីបណ្តាញកម្មករតំបន់7NG បានឱ្យដឹងថា កម្មករ-កម្មការិនីជាង ១,០០០នាក់ ក្នុងចំណោមកម្មករសរុប ១៨០០នាក់ បានបន្តធ្វើកូដកម្មអហិង្សាចូលដល់ថ្ងៃទី២ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ក្រោយពីបានចាប់ផ្តើមការតវ៉ាកាលពីថ្ងៃម្សិលមិញ ហើយការសម្របសម្រួលរកដំណោះស្រាយរវាងភាគីពាក់ព័ន្ធមិនទាន់ឈានដល់កិច្ចព្រមព្រៀងដែលអាចទទួលយកបាន និងសះជា។
ប្រភពដដែល បន្តថា កូដកម្មនេះធ្វើឡើងក្នុងគោលបំណងទាមទារឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យថ្នាក់ដឹកនាំសហជីពចូលបំពេញការងារវិញ ព្រមទាំងស្នើសុំឱ្យមានការដោះស្រាយលើលក្ខខណ្ឌការងារ និងបញ្ហាពាក់ព័ន្ធផ្សេងៗដែលកម្មករកំពុងជួបប្រទះ។
អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកាថា មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងចុះដោះស្រាយបន្ទាន់ ករណីការប្រមូលផ្តុំរបស់កម្មករនិយោជិតនៃរោងចក្រ ខេមបូ យូនីសូល អិលធីឌី នេះហើយ។
យោងតាមរបាយការណ៍របស់អង្គការសង់ត្រាល់ (CENTRAL) គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ វិវាទការងារ និងកូដកម្មបានកើតឡើងសរុបចំនួន ២៧ ករណី ដែលប៉ះពាល់ដល់កម្មករចំនួន ៣៤ ៤៥៥ នាក់។ ក្នុងចំណោមនោះ វិវាទចំនួន ២០ ករណីបានកើតឡើងនៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ៤ ករណី នៅតាមការដ្ឋានសំណង់ និងករណីវិវាទណាហ្គាវើលដ៍ (NagaWorld)។
អង្គការសង់ត្រាល់ បានបញ្ជាក់ថា ឫសគល់ចម្បងចំនួន ៣ ដែលជំរុញឱ្យមានការធ្វើកូដកម្ម រួមមាន បញ្ហាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ការងារ លក្ខខណ្ឌការងារមិនសមរម្យ និងការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបង្កើតសហជីពឯករាជ្យ៕


