សង្គមស៊ីវិល ស្នើរាជរដ្ឋាភិបាល និងរដ្ឋសភា ពន្លឿនការអនុម័តច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន
អង្គការសង្គមស៊ីវិល និងសហគមន៍ជាង ១០០ស្ថាប័ន ស្នើរាជរដ្ឋាភិបាល និងស្ថាប័នសភាជាតិ អនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ឱ្យបានឆាប់ ស្របតាមបទដ្ឋានអន្តរជាតិ និងធានាបាននូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មាន ក្នុងយុគសម័យឌីជីថលលើគ្រប់វិស័យ។
សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៨ របស់អង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន ១០៧ បានលើកឡើងថា អស់រយៈពេលជិត ២ទស្សវត្សរ៍ហើយ ដែលសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន នេះបានចាប់ផ្តើមតាក់តែងឡើង ខណៈដែលប្រជាពលរដ្ឋខ្មែរនៅតែមានកង្វល់អំពីសិទ្ធិរបស់ខ្លួន ក្នុងការទទួលព័ត៌មានសាធារណៈ ដោយសារតែអាជ្ញាធរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅមានភាពស្ទាក់ស្ទើរក្នុងការបើកចំហរ ឬផ្សព្វផ្សាយព័ត៌មានមួយចំនួន បើទោះជាគោលការណ៍ជាតិ និងអន្តរជាតិ អំពាវនាវឱ្យរដ្ឋបាលសាធារណៈយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការបើកចំហព័ត៌មានក៏ដោយ។
ប្រភពដដែល បន្តថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានបើកចំហទិន្នន័យទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិមួយចំនួន ដែលនេះជាការរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាននៅកម្ពុជា។ តែយ៉ាងណា ដំណើរការនៃការផ្តល់ និងទទួលព័ត៌មានសាធារណៈផ្សេងៗទៀត នៅមានកម្រិតនៅឡើយ ដែលប៉ះពាល់ជាយថាហេតុដល់សិទ្ធិ និងផលប្រយោជន៍នានារបស់ប្រជាពលរដ្ឋ ជាពិសេសព័ត៌មានសំខាន់ៗ ដូចជា ព័ត៌មានលទ្ធកម្មសធារណៈ និងព័ត៌មានថវិកាចំណូលចំណាយស្ថាប័នសាធារណៈ ដែលពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍន៍ប្រទេស និងដោយផ្ទាល់លើសិទ្ធិ និងសុខមាលភាពរបស់ប្រជាពលរដ្ឋជាច្រើន។
យ៉ាងណា ក្នុងទិវាអន្តរជាតិសិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ២០២៦នេះ ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល ស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋសភា ពន្លឿនការអនុម័តច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលស្របតាមបទដ្ឋានអន្តរជាតិ ក្នុងឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ព្រមទាំងបញ្ជាក់ឱ្យបានច្បាស់ និងលម្អិត អំពីព័ត៌មានណាខ្លះជាប្រភេទព័ត៌មានសម្ងាត់ក្នុងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។
ជាមួយគ្នានេះ ពួកគេក៏បានស្នើដល់រាជរដ្ឋាភិបាល ណែនាំដល់ក្រសួង មន្ទីរ និងអង្គភាពនានារបស់រដ្ឋ បើកចំហព័ត៌មានសាធារណៈឱ្យបានទូលំទូលាយ ជាពិសេស ព័ត៌មានថវិកាចំណូលចំណាយស្ថាប័នសាធារណៈ និងព័តមានលទ្ធកម្មសាធារណៈ និងពង្រឹងនិងបង្កើតនូវយន្តការនានា ជាពិសេសយកចិត្តទុកដាក់លើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ រួមទាំងប្រព័ន្ធឌីជីថល ដើម្បីធានាថា ប្រជាពលរដ្ឋ ក្រុមយុវជន ជនមានពិការភាព និងជនជាតិដើមភាគតិច ទទួលបានព័ត៌មានពេញលេញ, ការផ្តល់កិច្ចការពារចំពោះប្រជាពលរដ្ឋដែលបានបង្ហាញ និងចែកចាយនូវព័ត៌មានពិតប្រាកដ ឬព័ត៌មានទាំងឡាយណាដែលបម្រើដល់ប្រយោជន៍សាធារណៈ, ការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសិទ្ធិទទួលព័ត៌មាន, និងការបង្កើតឱ្យមានបរិយាកាសកាន់តែប្រសើរឡើង សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជនក្នុងដំណើរកសាងផែនការ និងថវិកា លទ្ធកម្មសាធារណៈនៅគ្រប់កម្រិត។
អង្គការសង្គមស៊ីវិល និងសហគមន៍ទាំងនោះ មានដូចជា អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ អង្គការបណ្តុះគំនិត អង្គការពន្លកខ្មែរ អង្គការអនាគតកុមារ សហគមន៍ដីធ្លីនិងសហគមន៍ព្រៃឈើនៅតាមបណ្តាខេត្តមួយចំនួន និងក្រុមយុវជនជាដើម។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ធ្លាប់បានឱ្យដឹងថា សេចក្តីព្រាងនេះ កំពុងត្រូវបានពិនិត្យឡើងវិញដោយក្រសួងយុត្តិធម៌ ហើយនឹងបន្តទៅដំណាក់កាលបន្ទាប់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ។
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន តាក់តែងឡើងនៅឆ្នាំ២០១៥ និងបញ្ចប់នៅឆ្នាំ២០១៨ ក្រោមការចូលរួមផ្ដល់ធាតុចូលពីអង្គការសង្គមស៊ីវិល។ សេចក្ដីព្រាងច្បាប់ត្រូវបានបញ្ជូនទៅដល់ក្រសួងព័ត៌មាន និងបញ្ជូនបន្តទៅកាន់ក្រសួងយុត្តិធម៌ពិនិត្យ ហើយក៏ត្រឡប់ចូលទៅក្រសួងព័ត៌មានវិញ។ ប៉ុន្តែមកទល់ពេលនេះ រយៈពេលជាង ១០ឆ្នាំហើយ ដែលសេចក្ដីព្រាងច្បាប់មួយនេះ នៅតែមិនទាន់អនុម័តចេញជារូបរាងពេញលេញនៅឡើយ៕

