អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់បានសត្វក្រពើ១ក្បាល ដែលហូរតាមទឹកអូរមកពីប្រទេសថៃ

អាជ្ញាធរ​ និងប្រជាពលរដ្ឋ ចាប់បានសត្វក្រពើនៅរស់​មួយក្បាល និងសត្វក្រពើ​ងាប់​មួយ​ក្បាល ​ដែល​មាន​ប្រភព​មក​ពីប្រទេស​ថៃ តាមបណ្តោយ​អូរ​ព្រំ​ដែន​ ដែល​កំពុងមានស្ថានភាពទឹក​ជន់លិច ស្ថិត​ក្នុង​ភូមិ​គីឡូ ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​​មានជ័យ។

រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បានឱ្យដឹង​លើបណ្តាញសង្គមហ្វេសប៊ុក​ នៅ​រសៀល​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០២៦​​នេះ​​​ថា ​អំឡុង​ពេល​​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋ​បាល​ក្រុង​ប៉ោយ​​ប៉ែត ចុះ​ពិនិត្យ​ស្ថាន​ភាព​ទឹក​ជំនន់​ និង​អន្តរា​គមន៍​​ជួយ​​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ បាន​ដោះស្រាយ​ករណីបន្ទាន់មួយ ដោយ​​ចាប់​បាន​សត្វ​ក្រពើ​ចំនួន ០​១​ក្បាល ដែល​បាន​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ តាម​បណ្តោយ​អូរ​ព្រំដែន ដែល​កំពុង​​មាន​​ស្ថាន​ភាព​ទឹក​ជន់​លិច ស្ថិត​នៅ​ក្នុង​​ភូមិ​គីឡូ​ម៉ែត្រ​លេខ៤ សង្កាត់​ផ្សារ​​កណ្តាល ក្រុង​ប៉ោយ​ប៉ែត​។

ជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ច​ ក៏បានប្រទះឃើញសត្វក្រពើចំនួន ០១ក្បាល​​ផ្សេងទៀត ក្នុង​ស្ថាន​ភាពងាប់ផងដែរ។

ប្រភពដដែល​បន្តថា ​បច្ចុប្បន្ន សត្វក្រពើដែលចាប់បាន ត្រូវ​បាន​រក្សា​ទុក និង​ចាត់​វិធាន​ការ​ទៅ​តាម​នីតិ​វិធី​សុវត្ថិ​ភាព​ហើយ។

យ៉ាងណា រដ្ឋបាលក្រុងបានអំពាវនាវ​ដល់ប្រជាពលរដ្ឋ ជាពិសេស​អ្នកដែល​រស់​នៅតាម​បណ្តោយ​អូរ​ព្រំដែន និង​​តំបន់​​ដែល​កំពុង​រង​កា​រលិចលង់​ទាំង​អស់ បង្កើន​ការ​ប្រុង​ប្រយ័ត្នឱ្យ​បាន​ខ្ពស់ ជា​ពិសេស​ហាម​ដាច់​ខាត​ ការ​ចុះលេង​​ទឹក ចាប់ត្រី ឬធ្វើដំណើរ​ឆ្លងកាត់​តំបន់ទឹក​ជ្រៅ​ដោយគ្មានការ​ចាំបាច់ និង​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​លើ​កុមារ​តូចៗ ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់​លង់​ទឹក និង​ការ​យាយី​ពី​សត្វ​អាសិរពិស ឬ​សត្វ​សាហាវ​នានា។ ក្នុងករណី​ប្រទះ​ឃើញ​សត្វ​សាហាវ ដូចជា ក្រពើ ពស់ ឬ​ជួ​ប​ប្រទះ​ស្ថាន​ភាព​អាសន្ន​ណា​មួយ សូម​​រាយការណ៍ទៅ​កាន់​​អាជ្ញាធរ​មូល​ដ្ឋាន ឬ​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់ ដើម្បី​ចុះ​អន្តរាគម​ន៍បា​ន​ទាន់​ពេល​វេលា៕

អត្ថបទដែលជាប់ទាក់ទង